ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា គោលដៅចុងក្រោយគឺការកសាង «បណ្តាញសន្តិសុខសុខភាពអាស៊ានដែលមានភាពប្រទាក់ក្រឡាគ្នា» ដែលតភ្ជាប់ជាមួយអង្គការសុខភាពពិភពលោក (WHO) និងស្ថាបត្យកម្មសុខភាពសកល។ អាស៊ានត្រូវផ្លាស់ប្តូរពី «ការយឺតយ៉ាវ ទៅជាការសម្រេចចិត្ត» ពី «ភាពដាច់ដោយឡែក ទៅជាការសម្របសម្រួល» និងពី «ការឆ្លើយតបនៅពេលមានវិបត្តិ ទៅជាការទស្សន៍ទាយ និងត្រៀមលក្ខណៈជាមុន»។

ទីក្រុងគូឡាឡាំពួ៖ ក្នុងឱកាសកិច្ចប្រជុំរដ្ឋមន្ត្រីសុខាភិបាលអាស៊ានលើកទី១៧ (17th AHMM)

នាថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦នៅប្រទេសម៉ាឡេស៊ី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាលកម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំអមបែបបិទទ្វារ (Closed Side Meeting) ស្តីពីការកសាងភាពធន់ ការត្រៀមលក្ខណៈ និងការឆ្លើយតបនឹងគ្រោះអាសន្នសុខភាពសាធារណៈ (PPR)។

កិច្ចប្រជុំនេះ មានគោលបំណង ដោះស្រាយភាពយឺតយ៉ាវ ក្នុងការបញ្ចប់កិច្ចព្រមព្រៀងបង្កើត (EA) មជ្ឈមណ្ឌលអាស៊ានសម្រាប់គ្រោះអាសន្នសុខភាពសាធារណៈ និងជំងឺកំពុងកើតមាន (ACPHEED) ព្រមទាំងបញ្ជាក់ឡើងវិញ នូវការប្តេជ្ញាចិត្តផ្នែកនយោបាយ ដើម្បីដាក់ឱ្យដំណើរការមជ្ឈមណ្ឌលនេះឱ្យបានឆាប់។

ក្នុងមតិអន្តរាគមន៍ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានស្នើឱ្យអាស៊ានប្រើប្រាស់ដំណាក់កាលនេះរៀនសូត្រពីបទពិសោធន៍ ដើម្បីកសាងប្រព័ន្ធដែលមានចីរភាព ដោយបានដាក់ចេញនូវទិសដៅអាទិភាពចំនួន ៣ ចំណុច៖

– គោលបំណងច្បាស់លាស់៖ ផ្ដោតលើការងារស្នូលអាទិភាព រួមមាន ការតាមដានជំងឺឆ្លង ការព្រមានជាមុន ការចែករំលែកព័ត៌មាន និងការកសាងសមត្ថភាព ដោយសារមុខងារ ACPHEED ត្រូវបែងចែកទៅប្រទេសម្ចាស់ផ្ទះទាំង៣ (ឥណ្ឌូនេស៊ី ថៃ និងវៀតណាម)។

– អភិបាលកិច្ចប្រកបដោយទំនុកចិត្ត និងប្រសិទ្ធភាព៖ បញ្ចូលភាពជាម្ចាស់ផ្នែកនយោបាយជាមួយការណែនាំបច្ចេកទេស/វិទ្យាសាស្ត្រ ដោយគោរពអធិបតេយ្យភាពជាតិ និងជួយពង្រឹង (មិនមែនជំនួស) ប្រព័ន្ធសុខាភិបាលដែលមានស្រាប់របស់ប្រទេសសមាជិក។

– ការប្រើប្រាស់យន្តការអាស៊ានដែលមានស្រាប់៖ តភ្ជាប់ ACPHEED ទៅនឹងយន្តការគ្រប់គ្រងគ្រោះមហន្តរាយ និងការដឹកជញ្ជូនសង្គ្រោះបន្ទាន់ ដោយអនុវត្តគោលការណ៍ «អាស៊ានតែមួយ ឆ្លើយតបតែមួយ» និងវិធីសាស្ត្រ «សុខភាពតែមួយ» (មនុស្ស សត្វ និងបរិស្ថាន)៕