ខេត្តព្រះសីហនុ រក្សាទិសដៅអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ៖ ឯកឧត្តម អភិបាលខេត្ត ដឹកនាំប្រតិភូទស្សនកិច្ចក្រុមហ៊ុនបច្ចេកវិទ្យាកម្រិតពិភពលោក Dahua Technology នៅទីក្រុងក្វាងចូវ
ទីក្រុងក្វាងចូវ៖ នាព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំប្រតិភូរដ្ឋបាលខេត្តព្រះសីហនុ ធ្វើទស្សនកិច្ចសិក្សា និងស្វែងយល់នៅក្រុមហ៊ុន Zhejiang Dahua Technology Co., Ltd. ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាលំដាប់ពិភពលោកដ៏ល្បីល្បាញមួយរបស់ប្រទេសចិន។
បច្ចុប្បន្ន ក្រុមហ៊ុន Dahua Technology គឺជាសមាសភាគដ៏សំខាន់មួយក្នុងឧស្សាហកម្មផលិតកាមេរ៉ាសុវត្ថិភាព ដោយបាន និងកំពុងផ្តល់ជូននូវផលិតផល ព្រមទាំងសេវាកម្មបច្ចេកវិទ្យាទំនើបៗជាច្រើន រួមមាន៖
ប្រព័ន្ធកាមេរ៉ាសុវត្ថិភាព (CCTV)៖ រួមមានកាមេរ៉ា Network (IP Cameras), កាមេរ៉ាកម្ដៅ (Thermal Cameras) និងឧបករណ៍ថតវីដេអូ (NVR/DVR)។
ប្រព័ន្ធគ្រប់គ្រងសន្តិសុខឆ្លាតវៃ៖ ឧបករណ៍គ្រប់គ្រងការចេញ-ចូល (Access Control), ប្រព័ន្ធវីដេអូទ្វារ (Video Intercom) និងប្រព័ន្ធប្រកាសអាសន្ន (Alarms)។
ដំណោះស្រាយសម្រាប់ទីក្រុងឆ្លាតវៃ និងសហគ្រាស (Smart City & Enterprise Solutions)៖ ការផ្តល់ជូនបច្ចេកវិទ្យា AI សម្រាប់ការគ្រប់គ្រងចរាចរណ៍ សន្តិសុខសាធារណៈ ប្រព័ន្ធធនាគារ ការអប់រំ និងប្រព័ន្ធគ្រប់គ្រងស្វ័យប្រវត្តិនានា។
ឧបករណ៍បច្ចេកវិទ្យាទំនើបៗផ្សេងទៀត៖ រួមមានឧបករណ៍សាកថាមពលរថយន្តអគ្គិសនី (EV Charger) ជាដើម។
ទស្សនកិច្ចនេះស្តែងឲ្យឃើញពីការយកចិត្តទុកដាក់របស់រដ្ឋបាលខេត្តព្រះសីហនុ ក្នុងការស្វែងយល់អំពីបច្ចេកវិទ្យាថ្មីៗ ដើម្បីជាទុនក្នុងការអភិវឌ្ឍ និងពង្រឹងសន្តិសុខ សុវត្ថិភាព ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធទីក្រុងឆ្លាតវៃនៅក្នុងខេត្តនាពេលអនាគត។
អត្ថបទ: ម៉ារ៉ាឌី



