រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ AI អាចបង្កើនប្រសិទ្ធភាពការងារ ប៉ុន្តែការទទួលខុសត្រូវនៅតែស្ថិតលើមនុស្ស
ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯកឧត្តម នេត្រ ភក្ត្រា បានសង្កត់ធ្ងន់ថា បញ្ញាសិប្បនិម្មិត (AI) គឺជាបច្ចេកវិទ្យាដ៏មានសក្តានុពល ដែលអាចជួយសម្រួលការងារ និងបង្កើនប្រសិទ្ធភាពក្នុងវិស័យសារព័ត៌មាន ប៉ុន្តែការផ្ទៀងផ្ទាត់ការពិត ការវាយតម្លៃប្រភព និងការទទួលខុសត្រូវចំពោះខ្លឹមសារដែលបានផ្សព្វផ្សាយ នៅតែជាតួនាទីរបស់មនុស្ស។
ការលើកឡើងនេះ ធ្វើឡើងក្នុងឱកាសឯកឧត្តមរដ្ឋមន្ត្រី ជួបសំណេះសំណាល និងផ្តល់អនុសាសន៍ដល់មន្ត្រីក្រសួងព័ត៌មានចំនួន ១៥រូប ដែលនឹងចូលរួមវគ្គសិក្សា «វិញ្ញាបនបត្រផ្នែកប្រព័ន្ធផ្សព្វផ្សាយ និងបច្ចេកវិទ្យាព័ត៌មានសម័យថ្មី (Certificate Course in New Age Media & IT)» នៅទីក្រុងញូវដែលី ប្រទេសឥណ្ឌា រយៈពេលពីរសប្តាហ៍ ក្រោមកម្មវិធី ITEC ដោយមានការគាំទ្រ និងសម្របសម្រួលពីស្ថានទូតឥណ្ឌាប្រចាំកម្ពុជា។
ឯកឧត្តម នេត្រ ភក្ត្រា បានមានប្រសាសន៍ថា ក្នុងបរិបទដែលបច្ចេកវិទ្យាឌីជីថល និង AI កំពុងវិវឌ្ឍយ៉ាងឆាប់រហ័ស អ្នកសារព័ត៌មានត្រូវចេះប្រើប្រាស់បច្ចេកវិទ្យាទាំងនេះជាឧបករណ៍ជំនួយ ដើម្បីបង្កើនប្រសិទ្ធភាពការងារ ខណៈដែលត្រូវរក្សានូវវិជ្ជាជីវៈ ក្រមសីលធម៌ និងការទទួលខុសត្រូវចំពោះព័ត៌មានដែលខ្លួនផលិត និងផ្សព្វផ្សាយ។
ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា៖ «AI អាចជួយអ្នកបាន ប៉ុន្តែ AI មិនអាចទទួលខុសត្រូវជំនួសអ្នកបានទេ»។ ដូច្នេះ អ្នកសារព័ត៌មាន និងអ្នកប្រើប្រាស់ AI ត្រូវមានចំណេះដឹងផ្នែកបញ្ញាសិប្បនិម្មិត (AI Literacy) ដើម្បីយល់ពីសមត្ថភាព និងដែនកំណត់របស់ AI ព្រមទាំងមិនត្រូវទទួលយកលទ្ធផលដែលបង្កើតដោយ AI ដោយគ្មានការពិនិត្យ និងផ្ទៀងផ្ទាត់ឡើយ។
ឯកឧត្តមបានបន្តថា ការរក្សាភាពត្រឹមត្រូវ និងភាពជឿទុកចិត្តបាននៃព័ត៌មាន គឺជាកត្តាសំខាន់សម្រាប់វិស័យសារព័ត៌មាន ជាពិសេសក្នុងយុគសម័យដែលព័ត៌មានអាចត្រូវបានបង្កើត កែច្នៃ និងចែករំលែកយ៉ាងឆាប់រហ័ស។ ក្នុងន័យនេះ មនុស្សនៅតែមានតួនាទីស្នូលក្នុងការសម្រេចចិត្តថា តើព័ត៌មានណាមួយគួរផ្សព្វផ្សាយ និងត្រូវផ្សព្វផ្សាយដោយរបៀបណា។
ជាមួយគ្នានេះ ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងអំណរគុណដល់រដ្ឋាភិបាលឥណ្ឌា និងស្ថានទូតឥណ្ឌាប្រចាំកម្ពុជា ចំពោះការបន្តគាំទ្រដល់ការកសាងសមត្ថភាពធនធានមនុស្ស ជាពិសេសក្នុងវិស័យសារព័ត៌មាន និងបច្ចេកវិទ្យាព័ត៌មាន ដែលជាផ្នែកសំខាន់សម្រាប់ការអភិវឌ្ឍស្ថាប័ន និងការឆ្លើយតបចំពោះការវិវឌ្ឍនៃបច្ចេកវិទ្យាឌីជីថល។
ឯកឧត្តមរដ្ឋមន្ត្រីបានណែនាំដល់មន្ត្រីទាំង ១៥រូប ឱ្យខិតខំសិក្សា ស្វែងយល់ និងទទួលយកចំណេះដឹង បទពិសោធន៍ និងគំនិតច្នៃប្រឌិតថ្មីៗពីវគ្គបណ្តុះបណ្តាលនៅប្រទេសឥណ្ឌា ដើម្បីយកមកអនុវត្ត និងចែករំលែកបន្តនៅក្រសួងព័ត៌មាន។
ឯកឧត្តមបានបញ្ជាក់ថា ក្រសួងព័ត៌មានផ្តោតសំខាន់លើការកសាងមូលធនមនុស្ស និងពង្រឹងសមត្ថភាពមន្ត្រី ដើម្បីឱ្យក្រសួងកាន់តែមានប្រសិទ្ធភាពក្នុងការផ្សព្វផ្សាយព័ត៌មាន បម្រើសាធារណៈ និងចូលរួមប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ព្រមទាំងលើកកម្ពស់គុណភាព និងភាពជឿទុកចិត្តបាននៃព័ត៌មានក្នុងសង្គមឌីជីថល។
ការគាំទ្ររបស់ប្រទេសឥណ្ឌាតាមរយៈកម្មវិធី ITEC ត្រូវបានចាត់ទុកថា ជាផ្នែកមួយនៃកិច្ចសហប្រតិបត្តិការដ៏យូរអង្វែងរវាងកម្ពុជា និងឥណ្ឌា ដែលបានរួមចំណែកដល់ការអភិវឌ្ឍធនធានមនុស្ស និងការពង្រឹងសមត្ថភាពក្នុងវិស័យសារព័ត៌មាន បច្ចេកវិទ្យាព័ត៌មាន និងវិស័យពាក់ព័ន្ធ៕



