មន្ទីរពេទ្យព្រះអង្គឌួង និងមូលនិធិហ្វ្រេដហូឡូ បង្ហាញឆន្ទៈខ្ពស់ ប្តេជ្ញារួមគ្នា បន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ អនុវត្តគម្រោងសុខភាពភ្នែក ដើម្បីឧត្តមប្រយោជន៍ប្រជាជនកម្ពុជា។

ឯកឧត្តមសាស្ត្រាចារ្យ លូ លីឃាង ទីប្រឹក្សាក្រសួងសុខាភិបាលនិងជានាយកមន្ទីរពេទ្យព្រះអង្គឌួង នាព្រឹកថ្ងៃពុធ ទី០៩ ខែកញ្ញា ឆ្នាំ២០២៦ បានអនុញ្ញាតឱ្យលោក Ross Piper អគ្គនាយកប្រតិបត្តិ (CEO) នៃមូលនិធិហ្វ្រេដហូឡូ The Fred Hollows Foundation (FHF) និងគណៈប្រតិភូអមដំណើរ ពីប្រទេស អេត្យូពី (Ethiopia)និងតំណាងនៅកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

ក្នុងជំនួបប្រកបដោយបរិយាកាសស្និទ្ធស្នាល និងកក់ក្តៅ ឯកឧត្តមសាស្ត្រាចារ្យនាយក និងថ្នាក់ដឹកនាំមន្ទីរពេទ្យ  បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងវាយតម្លៃខ្ពស់ចំពោះ កិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្រ្ត អនុវត្តគម្រោងសុខភាពភ្នែកដោយផ្ទាល់កន្លងមក។ លោកនាយក បានបញ្ជាក់ថា តាមរយៈកិច្ចសហការភាពជាដៃគូនេះ មន្ទីរពេទ្យ អាចផ្តល់សេវាសុខភាពភ្នែក ដល់ប្រជាជនក្រីក្រ ជនងាយរងគ្រោះ ជនមានពិការភាព អ្នកពុំមានលទ្ធភាពបង់ថ្លៃបកបាយភ្នែក និងព្យាបាលជំងឺ ភ្នែកផ្សេងៗបានកាន់តែច្រើន។ លោកបន្ថែមថា យើងកំពុងអនុវត្ត (១)-គម្រោងសុខភាពភ្នែក ដែលគាំទ្រថវិកាដោយ Bloomberg Philanthropies ផ្តោតលើ ការពិនិត្យស្រាវជ្រាវជំងឺភ្នែក បកបាយភ្នែក ព្យាបាលជំងឺផ្នែកផ្សេងៗ ជាពិសេស ផ្តល់វ៉ែនតាឥតគិតថ្លៃដល់អ្នកមានបញ្ហាកំហុសកំណុំរូបភាព និង(២)-គម្រោងអភិបាលកិច្ចសុខភាពភ្នែកដែលគាំទ្រថវិកាដោយ រដ្ឋាភិបាលអូស្ត្រាលី (Australian Government Aid) ផ្តោតលើការអភិវឌ្ឍធនធានមនុស្ស ការបណ្តុះបណ្តាលមន្រ្តីសុខភាពភ្នែក កម្មវិធីអាហារូបករណ៍ និងការចុះអភិបាលកិច្ចគាំទ្រសុខភាពភ្នែកនៅតាមខេត្តសម្ព័ន្ធមេត្រីផងដែរ។

ជាការឆ្លើយតប លោក Ross Piper អគ្គនាយកប្រតិបត្តិ (CEO) នៃមូលនិធិហ្វ្រេដហូឡូ និងជាប្រធានដឹកនាំគណៈប្រត្តិភូ បានសំដែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅ និងស្មោះស្ម័ក្រ ដល់មន្ទីរពេទ្យព្រះអង្គឌួង ដែលឳ្យតម្លៃ លើកកម្ពស់ភាពជាដៃគូ ជាមួយមូលនិធិហ្វ្រេដហូឡូ  អនុវត្ត គម្រោងដោយភាពហ្មត់ចត់ ជាក់លាក់ ផ្តល់សេវាពិតប្រាកដ បែបសមធម៌ បរិយាបន្ន  និងប្រកបដោយ គុណភាពខ្ពស់នាពេលកន្លងមក។ លោក Ross បន្ថែមថា “យើងខ្ញុំមកថ្ងៃនេះ ជាសក្ខីភាព នៃការទទួលស្គាល់ លទ្ធផល និងសមិទ្ធិផលការងារ ដែលមន្ទីរពេទ្យបានអនុវត្តគម្រោង និងអនុញ្ញាតអោយយើងខ្ញុំ រួមទាំងប្រត្តិភូ មកពីប្រទេស អេត្យូពី(Ethiopia) បានរៀនសូត្របន្ថែម ពីដំណើរការ ទទួលជំងឺភ្នែក ការពិនិត្យ រោគវិនិឆ្ឆ័យ ការផ្តល់សេវាព្យាបាល និងការកត់ត្រាទិន្នន័យផងដែរ”។

ភាគីទាំងពីរបានបញ្ជាក់សារជាថ្មីនូវការប្តេជ្ញាចិត្ត ប្រកបដោយឆន្ទៈខ្ពស់ បន្តពង្រឹង កិច្ចសហប្រតិបត្តិការយូរអង្វេង អោយតម្លៃលើការវិនិយោគផ្នែកសុខភាពភ្នែក និងធ្វើការរួមគ្នា ដើម្បីផ្តល់សេវាសុខភាពភ្នែក ដល់ប្រជាពលរដ្ឋកាន់តែទូលំទូលាយ ផ្តោតលើគុណភាព បរិយាប័ន សមធម៌ និងនិរន្តរភាព៕