អគារវេជ្ជសាស្ត្រ និងវះកាត់ថ្មីចំនួន៦ជាន់ នឹងមានវត្តមាន នៅខេត្តព្រះសីហនុ គឺជាជំនួយឥតសំណង ពីរដ្ឋាភិបាលចិន

ភ្នំពេញ ៖ អគារវេជ្ជសាស្ត្រ និងវះកាត់ថ្មីចំនួន៦ជាន់ ស្ថិតនៅក្នុងបរិវេណមន្ទីរពេទ្យបង្អែក ខេត្តព្រះសីហនុ ក្រោមជំនួយ ឥតសំណង របស់រដ្ឋាភិបាល នៃ សាធារណរដ្ឋប្រជាមានិតចិន ដើម្បីលើកកម្ពស់ការផ្តល់សេវា ថែទាំនិងព្យាបាលជំងឺ កាន់តែប្រសើរឡើង។

គម្រោងសាងសង់អគារវេជ្ជសាស្ត្រ និង វះកាត់ថ្មីចំនួន៦ជាន់ នេះត្រូវបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងអនុវត្តគម្រោង និងកំណត់ហេតុកិច្ចប្រជុំ សម្រាប់គម្រោងធ្វើឱ្យប្រសើរ ឡើងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ក្រោមជំនួយឥតសំណងរបស់ រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន រវាង លោក ជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបា ល និង ជានាយកគម្រោងធ្វើឱ្យប្រសើរឡើងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ជាមួយ លោក Xue Dong អគ្គទី ប្រឹក្សាថ្មីទទួលបន្ទុកសេដ្ឋកិច្ចនិងពាណិជ្ជកម្ម នៃស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា។

សូមបញ្ជាក់ថា គម្រោងនេះ នឹងសាងសង់អគារវេជ្ជសាស្ត្រ និងវះកាត់ថ្មីចំនួន ៦ ជាន់ មានផ្ទៃក្រឡាសំណង់សរុបប្រមាណ ១៤ ០០០ម៉ែត្រការ៉េ និងមានសមត្ថភាពសរុប ២០០គ្រែ។ អគារថ្មីនឹងបំពាក់មុខងារសេវាសុខាភិបាលសំខាន់ៗ រួមមាន ផ្នែកពិគ្រោះជំងឺក្រៅ សង្គ្រោះបន្ទាន់ រូបភាពវេជ្ជសាស្ត្រ មជ្ឈមណ្ឌលឆ្លុះពិនិត្យ មជ្ឈមណ្ឌលលាងឈាម ផ្នែករោគវិទ្យា បន្ទប់វះកាត់ ផ្នែកថែទាំជំងឺកម្រិតធ្ងន់ (ICU) និងផ្នែកសម្រាកព្យាបាល។ គម្រោងក៏រួមបញ្ចូលបរិក្ខារវេជ្ជសាស្ត្រចាំបាច់សម្រាប់គាំទ្រការផ្តល់សេវាទាំងនេះ ដូចជា CT 256-slice, Digital X-ray ម៉ាស៊ីនលាងឈាម បរិក្ខារវះកាត់ និងសណ្តំ និងបរិក្ខារ ICU ជាដើម។ គម្រោងនេះសាងសង់ដោយក្រុមហ៊ុន China IPPR International Engineering Co., Ltd៕