ឯកឧត្ដមបណ្ឌិត ឈន សុភាព អញ្ជើញចូលរួមពិធីដាំកូនឈើចំនួន ៥៦៨ ដើម នៅពហុកីឡដ្ឋានជាតិមរតកតេជោ

នាព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្ដមបណ្ឌិត ឈន សុភាព រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាលពហុកីឡដ្ឋានជាតិ បានអញ្ជើញដឹកនាំដាំកូនឈើចំនួន ៥៦៨ ដើម នៅបរិវេណពហុកីឡដ្ឋានជាតិមរតកតេជោ ដោយមានការចូលរួមពី ឯកឧត្ដម ជា បូរ៉ា អនុប្រធានក្រុមប្រឹក្សាភិបាល, ឯកឧត្តម ហាប់​ ទូច, ឯកឧត្តម គឹម កែវមុន្នីរ័ត្ន សមាជិកក្រុមប្រឹក្សាភិបាល, ឯកឧត្តម សេង តុលា នាយកប្រតិបត្តិពហុកីឡដ្ឋានជាតិ និង លោក លោកស្រី ជាថ្នាក់ដឹកនាំ និងបុគ្គលិកនៃពហុកីឡដ្ឋានជាតិជាច្រើនរូប។

តាមការឱ្យដឹងពីឯកឧត្តម សេង តុលា នាយកប្រតិបត្តិពហុកីឡដ្ឋានជាតិ ថា ការដាំកូនឈើចំនួន ៥៦៨ ដើម នាឱកាសនេះ គឺជាការឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ខ្ពស់របស់ថ្នាក់ដឹកនាំ ក្នុងការលើកកម្ពស់      បរិស្ថានបៃតង បង្កើនគម្របព្រៃឈើ កាត់បន្ថយកំដៅ និងបន្ថែមភាពស្រស់បំព្រងក្នុងបរិវេណពហុកីឡដ្ឋានជាតិមរតកតេជោ និយាយដោយឡែក និង សម្រាប់រាជធានីភ្នំពេញ និយាយជារួម។ ជាមួយគ្នានេះ ពិធីដាំកូនឈើនេះនឹងជួយបំផុសគំនិតបន្ថែមដល់សាធារណៈជនទូទៅឱ្យស្រឡាញ់បរិស្ថានបៃតង និងចូលរួមដាំកូនឈើឱ្យបានកាន់តែច្រើន រួមចំណែកគាំទ្រដល់សុខុមាលភាពសាធារណៈ តាមរយៈការបង្កើតបរិស្ថានល្អប្រសើរ និងខ្យល់អាកាសបរិសុទ្ធ ជូនដល់ប្រជាពលរដ្ឋទូទៅមកហាត់ប្រាណ និងដើរលេងកម្សាន្ត ព្រមទាំងកីឡាករ កីឡាការិនី ដែលហ្វឹកហាត់នៅពហុកីឡដ្ឋានជាតិមរតកតេជោ។ 

ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ឈន សុភាព បានផ្តាំផ្ញើដល់ថ្នាក់ដឹកនាំ និងមន្រ្តីនៃពហុកីឡដ្ឋានជាតិបន្តយកចិត្តទុកដាក់ថែទាំកូនឈើឱ្យបានល្អដើម្បីរក្សាបានបរិស្ថានបៃតងល្អ។  

គួររំលឹកផងដែរថា ពហុកីឡដ្ឋានជាតិមរតកតេជោ គឺជាសំណង់ប្រវត្តិសាស្រ្តមួយដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងបច្ចុប្បន្នជា ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់ជូនជាតិ និងប្រជាជនកម្ពុជា ក្នុងការរៀបចំមហាព្រឹត្តិការណ៍SEAGAME លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងទទួលបានលទ្ធផលជោគជ័យដ៏ត្រចះត្រចង់ ព្រមទាំងទទួលបានការស្ញើចសរសើរពីគ្រប់មជ្ឈដ្ឋានជាតិនិងអន្តរជាតិ។