រដ្ឋមន្រ្តីក្រសួងបរិស្ថាន នាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចធិបតី និងលោកជំទាវបណ្ឌិត ប្រគល់កងកម្លាំងយោធភូមិភាគទី១
ខេត្តស្ទឹងត្រែង ៖ ស្តែងចេញពីការយកចិត្តទុកដាក់យ៉ាងជ្រាលជ្រៅចំពោះសុខទុក្ខរបស់កងកម្លាំងប្រដាប់អាវុធនៅជួរមុខ នៅព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានដឹកនាំគណៈប្រតិភូ អញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខនាយទាហាន នាយទាហានរង និងពលទាហាន នៅបញ្ជាការដ្ឋានយោធភូមិភាគទី១ ដែលបានខិតខំ តស៊ូ និងបន្តឈរជើងការពារបូរណភាពទឹកដី និងសន្តិសុខតាមខ្សែបន្ទាត់ព្រំដែនឱ្យបានរឹងមាំដូចកំពែងដែក។
លើសពីនេះ ការពារធនធានធម្មជាតិក៏ជាចំណែកដ៏សំខានពីកងកម្លាំងប្រដាប់អាវុធទាំងអស់ផងដែរ ទើបកម្ពុុជាទទួលបានលេខ១ស្ទួន ៣ដង លើកឆាកអន្តរជាតិ ជាប្រទេសមានបរិស្ថាន និងធនធានធម្មជាតិល្អជាងគេ ជាប្រទេសប្រើប្រាស់ដី និងធនធានធម្មជាតិដោយចីរភាព និងជាប្រទេសដែលមានអេកូទេសចរណ៍ស្អាតជាងគេនៅអាស៊ាន។ ទាំងនេះគឺកើតចេញពីការប្តេជ្ញារួមកម្លាំងគ្នាយ៉ាងសកម្មក្នុង ការពារព្រៃឈើ និងទប់ស្កាត់បទល្មើសធនធានធម្មជាតិ ពីបងប្អូនទាំងអស់គ្នាព្រមទាំងការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់សម្តេចតេជោប្រធានព្រឹទ្ធសភា ក្រោមការដឹកនាំរបស់សម្តេចធិបតី នាយករដ្ឋមន្ត្រីកម្ពុជា។
នាក្នុងឱកាសដ៏សែនកក់ក្តៅនេះ ឯកឧត្តម រដ្ឋមន្ត្រី បាននាំយកនូវអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត និងមានការរួមចំណែកមួយផ្នែកពីក្រុមហ៊ុន អាន ម៉ារឌីគ្រុប ដែលអំណោយរួមមាន គ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ មធ្យោបាយធ្វើដំណើរ គ្រឿងម៉ាស៊ីន រថយន្ត១គ្រឿង និងថវិកាឧបត្ថម្ភ។
ជាមួយគ្នានេះ ថ្នាក់ដឹកនាំ និងនាយពលទាហានទាំងអស់នៃយោធភូមិភាគទី១ បានសម្តែងនូវក្តីរំភើប និងកតញ្ញូតាធម៌យ៉ាងជ្រាលជ្រៅបំផុតចំពោះភាតរភាពស្មោះត្រង់ពីបងប្អូនសមរភូមិក្រោយក្រោមពាក្យស្លោក «សមរភូមក្រោយជួយសមរភូមិមុខ និងសមរភូមិមុខការពារ សមរភូមិក្រោយអភិវឌ្ឍ» ការពារជាតិដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីការពារជាតិ។
គួររម្លឹកជូនផងដែរថា ជំនួបនេះមិនត្រឹមតែជាការផ្តល់អំណោយប៉ុណ្ណោះទេ ប៉ុន្តែជាសាក្សីនៃស្មារតី “សមរភូមិក្រោយ ជួយសមរភូមិមុខ”។ ទំនាក់ទំនង និងស្មារតីរួបរួមគ្នាយ៉ាងរឹងមាំរវាងរាជរដ្ឋាភិបាល ស្ថាប័នស៊ីវិល និងកងកម្លាំងប្រដាប់អាវុធ ក្នុងបុព្វហេតុការពារ និងកសាងជាតិ នឹងនៅតែស្ថិតស្ថេរគង់វង្សជានិរន្តរ៍៕



