ប្រតិភូរដ្ឋបាលខេត្តព្រះសីហនុ ចុះពិនិត្យខ្សែសង្វាក់ផលិតកម្មគ្រឿងបង្គុំរថយន្តដ៏ទំនើបនៅក្រុមហ៊ុន Guangzhou Haifeng Automobile Parts Co., Ltd
ទីក្រុងក្វាងចូវ៖ នារសៀលថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ ប្រតិភូខេត្ត ដឹកនាំដោយ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញធ្វើទស្សនកិច្ចសិក្សា និងពិនិត្យខ្សែសង្វាក់ផលិតកម្មនៅក្រុមហ៊ុន Guangzhou Haifeng Automobile Parts Co., Ltd. ជាក្រុមហ៊ុនឈានមុខគេលើការផលិត និងចែកចាយគ្រឿងបង្គុំរថយន្តគ្រប់ប្រភេទ។
ក្នុងឱកាសទស្សនកិច្ចនេះ ឯកឧត្តមអភិបាលខេត្ត និងប្រតិភូអមដំណើរ បានចុះពិនិត្យដោយផ្ទាល់នូវបច្ចេកវិទ្យាស្វ័យប្រវត្តិកម្រិតខ្ពស់ ការប្រែក្លាយខ្សែសង្វាក់ផលិតកម្មទៅជាប្រព័ន្ធស្វ័យប្រវត្តិកម្ម ដោយប្រើប្រាស់ដៃរ៉ូបូត (Robotic Arms) ក្នុងការផ្សារ និងរៀបចំគ្រឿងបង្គុំដែកថែប ដើម្បីធានានូវសុក្រឹតភាព និងសុវត្ថិភាពខ្ពស់។ ប្រព័ន្ធផ្ទុក និងរក្សាទុកគ្រឿងបន្លាស់រថយន្ត ដែលត្រូវបានរៀបចំឡើងយ៉ាងមានរបៀបរៀបរយ និងស្របតាមបទដ្ឋានបច្ចេកទេសអន្តរជាតិ។
ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្ត ក៏បានពិភាក្សាផ្លាស់ប្តូរយោបល់ជាមួយតំណាងក្រុមហ៊ុនអំពីចក្ខុវិស័យនៃការអភិវឌ្ឍឧស្សាហកម្មយានយន្ត និងគ្រឿងបង្គុំផងដែរ។
ទស្សនកិច្ចនេះ គឺជាជំហានដ៏សំខាន់មួយក្នុងការបង្កើនកិច្ចសហប្រតិបត្តិការវិនិយោគ និងជាឱកាសក្នុងការផ្សព្វផ្សាយពីសក្ដានុពលរបស់ខេត្តព្រះសីហនុ ដើម្បីទាក់ទាញវិនិយោគិនបរទេសលើវិស័យឧស្សាហកម្មធុនធ្ងន់ និងការដំឡើងយានយន្ត មកបណ្ដាក់ទុននៅក្នុងខេត្តនាពេលអនាគត។
ប្រភព:រដ្ឋបាលខេត្តព្រះសីហនុ



