នាថ្ងៃចន្ទ ទី៧ ខែកញ្ញា ឆ្នាំ២០២៦ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញជាគណៈអធិបតីក្នុងសិក្ខាសាលាផ្សព្វផ្សាយអំពី “កិច្ចគាំពារវិនិយោគិន និងពង្រឹងការអនុវត្តច្បាប់ក្នុងវិស័យបរធនបាលកិច្ច ពាក់ព័ន្ធនឹងការយកចិត្តទុកដាក់ស្គាល់អតិថិជនក្នុងវិស័យបរធនបាលកិច្ច” ដែលសហការរៀបចំឡើងដោយនិយ័តករបរធនបាលកិច្ច និងរដ្ឋបាលខេត្តព្រះសីហនុ នៅសណ្ឋាគារឆ្នេរសុខា។
សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយ និងបញ្រ្ជាបការយល់ដឹងអំពី ក្របខណ្ឌច្បាប់ និងបទប្បញ្ញត្តិក្នុងវិស័យបរធនបាលកិច្ច យន្តការការពារទ្រព្យសម្បត្តិបរធនបាលកិច្ច និងកាតព្វកិច្ចយកចិត្តទុកដាក់ស្គាល់អតិថិជនក្នុងវិស័យបរធនបាលកិច្ច ដើម្បីបង្កើនប្រសិទ្ធភាពអនុលោមភាពតាមច្បាប់ក្នុងវិស័យបរធនបាលកិច្ច ជូនដល់តំណាងមន្ទីរ-អង្គភាពពាក់ព័ន្ធ កងកម្លាំងទាំងបី សាលាដំបូងខេត្តព្រះសីហនុ សាខាពន្ធដារ សាខាគយនិងរដ្ឋាករ គ្រឹះស្ថានអប់រំ សភាពាណិជ្ជកម្មខេត្ត និងសមាគមសហគ្រិនវ័យក្មេងកម្ពុជា។
នៅក្នុងមតិស្វាគមន៍ លោកអភិបាលរងបានគូសបញ្ជាក់អំពីសារៈសំខាន់នៃយន្តការបរធនបាលកិច្ច ដោយបានបញ្ជាក់ថា បរធនបាលកិច្ចជាគឺជាយន្តការផ្លូវច្បាប់ និងហិរញ្ញវត្ថុមួយដែលអនុញ្ញាតឱ្យម្ចាស់ទ្រព្យសម្បត្តិ ផ្ទេរសិទ្ធិគ្រប់គ្រង ឬចាត់ចែងទ្រព្យរបស់ខ្លួនទៅឱ្យបុគ្គល ឬក្រុមហ៊ុនជំនាញ (បរធនបាល) ដើម្បីគ្រប់គ្រងជំនួស និងទាញយកផលប្រយោជន៍ជូនដល់អ្នកទទួលផលដែលបានព្រមព្រៀង ខណៈពេលដែលទ្រព្យសម្បត្តិដីធ្លីរបស់ពួកគេត្រូវបានការពារយ៉ាងរឹងមាំ និងពេញលេញដោយប្រព័ន្ធច្បាប់កម្ពុជា។
នៅក្នុងសិក្ខាសាលាដដែលនេះ ឯកឧត្តម សុខ ដារ៉ា អគ្គនាយកនៃ ន.ប.ធ. បានបញ្ជាក់ថា បច្ចុប្បន្ន
ខេត្តព្រះសីហនុ ឈរនៅលេខរៀងទី៥ ដែលមានបរធនបាលកិច្ចទទួលបានការចុះបញ្ជីច្រើនជាងគេកម្ពុជា ជាមួយចំនួនសរុប ១៦៨ ករណី និងទំហំបរធនសរុបចំនួន ២៤១.៦៩៥.៩៨៨,៩០ ដុល្លារអាមេរិក។



