ប្រតិភូខេត្តព្រះសីហនុ ចូលរួមវេទិកាសហប្រតិបត្តិការនៅក្វាងចូវ ដើម្បីទាក់ទាញការវិនិយោគ “ផលិតកម្មឆ្លាតវៃ” មកកាន់កម្ពុជា
ទីក្រុងក្វាងចូវ ប្រទេសចិន៖ ព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ ប្រតិភូរដ្ឋបាលខេត្តព្រះសីហនុ ដឹកនាំដោយ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្ត រួមជាមួយ ឯកឧត្តម ជា កុកហុង ប្រធានលេខាធិការដ្ឋានរៀបចំ ផែនការមេ និងតំណាងវិស័យឯកជន បានអញ្ជើញចូលរួមជាអធិបតីក្នុង «វេទិកាកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូររវាងកម្ពុជា-ចិន» នៅទីក្រុងក្វាងចូវ ប្រទេសចិន ក្រោមប្រធានបទ «ផលិតកម្មឆ្លាតវៃអាស៊ាន»។
វេទិកានេះ រៀបចំឡើងដោយ មានកិច្ចសហការរវាងក្រុមហ៊ុន ISI Group និង SunWah Group ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងបច្ចេកវិទ្យាឌីជីថល ព្រមទាំងផ្សព្វផ្សាយពីសក្ដានុពលវិនិយោគរបស់ខេត្តព្រះសីហនុ ដើម្បីទាក់ទាញវិនិយោគិនពីតំបន់ឆ្នេរធំ (Guangdong-Hong Kong-Macao Greater Bay Area – GBA) ឱ្យមកបណ្ដាក់ទុននៅក្នុងតំបន់សេដ្ឋកិច្ចពិសេស អាយ អេស អាយ (ISI SEZ) និងទូទាំងខេត្ត។
កម្មវិធីសំខាន់ៗនៅក្នុងវេទិកា រួមមាន៖
-បទបង្ហាញគន្លឹះ៖
ឯកឧត្តម ម៉ាង ស៊ីណេត បានបង្ហាញពីគោលនយោបាយគាំទ្រ និងការសម្រួលបរិយាកាសធុរកិច្ចសម្រាប់វិនិយោគិនបរទេស។
ឯកឧត្តម ជា កុកហុង បានចែករំលែកពីទិសដៅ និងវឌ្ឍនភាពនៃផែនការមេដើម្បីប្រែក្លាយខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង។
តំណាង ISI SEZ បានបង្ហាញពីហេដ្ឋារចនាសម្ព័ន្ធ និងកញ្ចប់លើកទឹកចិត្តសម្រាប់រោងចក្រផលិតកម្មឆ្លាតវៃ។
កិច្ចពិភាក្សាដេញដោល (Panel Discussion)៖ ថ្នាក់ដឹកនាំរដ្ឋបាលខេត្ត និងតំណាងក្រុម ហ៊ុនបានផ្លាស់ប្តូរមតិយោបល់ ព្រមទាំងឆ្លើយតបចម្ងល់ផ្ទាល់របស់វិនិយោគិនចិន ពាក់ព័ន្ធនឹងច្បាប់វិនិយោគ និងនីតិវិធីបង្កើតអាជីវកម្មនៅខេត្តព្រះសីហនុ។
បេសកកម្មនេះជាជំហានដ៏សំខាន់ក្នុងការស្រូបទាញការវិនិយោគលើរោងចក្រផលិតកម្មទំនើប បច្ចេកវិទ្យាឆ្លាតវៃ និងការវិនិយោគបៃតង ដែលរំពឹងថានឹងបង្កើនលំហូរទុនវិនិយោគផ្ទាល់ពីបរទេស (FDI) ជំរុញកំណើន សេដ្ឋកិច្ច និងបង្កើតឱកាសការងារជំនាញកម្រិតខ្ពស់ជូនប្រជាពលរដ្ឋកម្ពុជា។

អត្ថបទ៖ ម៉ារ៉ាឌី


