ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានដឹកនាំគណៈប្រតិភូក្រសួងសុខាភិបាល ចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីសុខាភិបាលអាស៊ានលើកទី១៧ និងកិច្ចប្រជុំពាក់ព័ន្ធ នៅទីក្រុងគូឡាឡាំពួ

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃអង្គារ ទី៨ ខែកញ្ញា ឆ្នាំ២០២៦ ដោយទទួលបានគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងសុខាភិបាល ចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីសុខាភិបាលអាស៊ានលើកទី១៧ និងកិច្ចប្រជុំពាក់ព័ន្ធ ក្រោមមូលបទ៖ «អាស៊ានមានសុខភាពល្អ៖ រួមគ្នាឆ្ពោះទៅរកប្រព័ន្ធសុខាភិបាលប្រកបដោយសមធម៌ និងត្រៀមខ្លួនសម្រាប់អនាគត»។

កិច្ចប្រជុំរដ្ឋមន្រ្តីអាស៊ានប្រព្រឹត្តទៅចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១១ ខែកញ្ញា នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី លើប្រធានបទសំខាន់ៗ ជាអាទិ៍៖ ១) កិច្ចប្រជុំរដ្ឋមន្ត្រីសុខាភិបាល អាស៊ាន បូកបី ២) កិច្ចប្រជុំរដ្ឋមន្ត្រីសុខាភិបាល អាស៊ាន-សាធារណរដ្ឋប្រជាមានិតចិន ៣) កិច្ចប្រជុំរដ្ឋមន្ត្រីសុខាភិបាល អាស៊ាន-សាធារណរដ្ឋកូរ៉េ ៤) កិច្ចប្រជុំរដ្ឋមន្ត្រីសុខាភិបាល អាស៊ាន-អាម៉េរិក ៥) និងកិច្ចប្រជុំរដ្ឋមន្ត្រីសុខាភិបាល អាស៊ាន-ជប៉ុន ដោយមានការសម្របសម្រួលពីលេខាធិការដ្ឋានអាស៊ាន ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ ដោយមានការចូលរួមពីរដ្ឋមន្ត្រីសុខាភិបាលអាស៊ានទាំង១១ប្រទេស រដ្ឋមន្ត្រីសុខាភិបាលសាធារណរដ្ឋប្រជាមានិតចិន រដ្ឋមន្ត្រីសុខាភិបាលសាធារណរដ្ឋកូរ៉េ រដ្ឋមន្ត្រីសុខាភិបាលអាមេរិក នាយកអង្គការសុខភាពពិភពលោកប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច និងនាយកនៃអង្គការជាដៃគូអភិវឌ្ឍន៍នានា។

គោលបំណងនៃកិច្ចប្រជុំ គឺដើម្បីសម្រេចបាននូវចក្ខុវិស័យសហគមន៍អាស៊ាន២០៤៥ ប្រកបដោយសុខភាពល្អ ធានានិរន្តរភាព និងភាពធន់ ដើម្បីសម្រេចនូវបេសកកម្ម ក្នុងការធានាបានសហគមន៍អាស៊ាន តាមរយៈការលើកកម្ពស់របៀបរស់នៅ ការឆ្លើយតបនឹងគ្រោះមហន្តរាយ និងការគំរាមកំហែងដែលកំពុងកើតមានថ្មីៗ ការពង្រឹងប្រព័ន្ធសុខាភិបាល និងការទទួលបានការថែទាំ និងការធានានូវសុវត្ថិភាពចំណីអាហារ ដោយមានកិច្ចខិតខំប្រឹងប្រែងជាច្រើនដូចជា៖
– ការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យសុខាភិបាលអាស៊ាន ដើម្បីគាំទ្រដល់សមាហរណកម្មអាស៊ាន និងការកសាងសហគមន៍អាស៊ាន
– ការពិនិត្យ និងអនុម័តលើឯកសារសំខាន់ៗពាក់ព័ន្ធវិស័យសុខាភិបាល
– ការពិនិត្យ ការពិភាក្សា និងការអនុម័តលើសេចក្តីថ្លែងការណ៍រួម នៃកិច្ចប្រជុំរដ្ឋមន្រ្តីសុខាភិបាលអាស៊ាន អាស៊ានបូកបី អាស៊ានបូកចិន អាស៊ានបូកកូរ៉េ អាស៊ានអាមេរិក និងកិច្ចប្រជុំរដ្ឋមន្ត្រីសុខាភិបាលអាស៊ានជប៉ុន និងរបាយការណ៍កិច្ចប្រជុំរបសឧត្តមមន្ត្រីសុខាភិបាល (PrepSOM) នៅថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦
– ការអនុវត្តកិច្ចព្រមព្រៀង ការសម្រេចចិត្ត និងការកំណត់គោលនយោបាយវិស័យសុខាភិបាលអាស៊ាន ទាក់ទងនឹងកិច្ចប្រជុំកំពូលអាស៊ាន ក្រោមទិដ្ឋភាពរៀងៗខ្លួន។
– ព្រមទាំងបង្ហាញនូវរបាយការណ៍ និងអនុសាសន៍ទៅក្រុមប្រឹក្សាសហគមន៍សង្គម-វប្បធម៌អាស៊ាន (ASCC)។

ក្នុងនាមក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី នឹងចូលរួមធ្វើបទអន្តរាគមន៍លើ ប្រធានបទសំខាន់ៗមួយចំនួន ស្តីពីលទ្ធផលសំខាន់ៗដែលវិស័យសុខាភិបាលរបស់ព្រះរាជាណាចក្រកម្ពុជាសម្រេចបាន និងផែនការអាទិភាពសុខាភិបាល ដើម្បីឈានទៅសម្រេចបានការគ្របដណ្តប់សុខភាពជាសកល (UHC) ដែលបង្ហាញពីការយកចិត្តទុកដាក់ និងប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់សុខភាពប្រជាជន និងភាពជាដៃគូដ៏រឹងមាំសហគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍ (ASEAN)៕