ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB)ត្រៀមបញ្ចេញទុនបង្វិល ២០០លានដុល្លារ គាំទ្រដល់វិស័យស្រូវអង្កររបស់កម្ពុជា
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានបញ្ជាក់ឱ្យដឹងថា ធនាគារបានត្រៀមទុនបម្រុងជាង ២០០លានដុល្លារ ផ្តោតជាពិសេសសម្រាប់គាំទ្រវិស័យស្រូវអង្ករ ដើម្បីជួយបំពេញតម្រូវការហិរញ្ញប្បទានរបស់អ្នកពាក់ព័ន្ធក្នុងខ្សែសង្វាក់ផលិតកម្មស្រូវអង្ករ។
ឯកឧត្តមបណ្ឌិតថា ទោះបីធនាគារ ARDB បានត្រៀមទុនជាង ២០០លានដុល្លារក៏ដោយ ក៏តម្រូវការទុនសរុបសម្រាប់វិស័យស្រូវអង្កររបស់កម្ពុជា ត្រូវបានប៉ាន់ស្មានថា មានរហូតដល់ប្រមាណ ៦០០លានដុល្លារក្នុង១ឆ្នាំ។ ដូច្នេះ ការចូលរួមពីធនាគារពាណិជ្ជនិងស្ថាប័នហិរញ្ញវត្ថុ ឯកជន ព្រមទាំងប្រភពទុនរបស់វិនិយោគិនក្នុងស្រុក គឺមានសារៈសំខាន់ក្នុងការបំពេញតម្រូវការហិរញ្ញប្បទានដែលនៅសល់។
ឯកឧត្តមបណ្ឌិតអគ្គនាយកសង្កត់ធ្ងន់ថា ការបង្កើនប្រភពទុន និងការចូលរួមពីគ្រប់ភាគី គឺជាកត្តាសំខាន់ក្នុងការពង្រឹងខ្សែសង្វាក់តម្លៃស្រូវអង្ករ ចាប់ពីកសិករ រោងម៉ាស៊ីនកិនស្រូវ រហូតដល់អ្នកនាំចេញ ដើម្បីបង្កើនតម្លៃបន្ថែម និងជំរុញសក្តានុពលអង្ករកម្ពុជានៅលើទីផ្សារអន្តរជាតិ។
ឯកឧត្តមបណ្ឌិត កៅ ថាច គូសបញ្ជាក់ថា «បច្ចុប្បន្ន មានធនាគារ និងស្ថាប័នហិរញ្ញវត្ថុឯកជនជាច្រើន បានចូលរួមផ្តល់ហិរញ្ញប្បទានដល់វិស័យកសិកម្ម ដែលជាកត្តាសំខាន់ក្នុងការជំរុញការផលិត និងបង្កើនសមត្ថភាពប្រកួតប្រជែងរបស់ផលិតផលកសិកម្មកម្ពុជា»។
ឯកឧត្តមបណ្ឌិតបន្ថែមថា ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានត្រៀមបញ្ចេញទុនបង្វិលនេះ ដើម្បីគាំទ្រដល់វិស័យស្រូវអង្កររបស់កម្ពុជា ក្នុងគោលដៅរួម ចំណែកសម្រេចចក្ខុវិស័យរបស់កម្ពុជា ក្នុងការលើក កម្ពស់អង្ករជាផលិតផលសក្តានុពល និងជំរុញការនាំ ចេញទៅកាន់ទីផ្សារអន្តរជាតិ។ ក្នុងនោះគោលដៅសំខាន់មួយ គឺការជំរុញការនាំចេញអង្ករឱ្យបាន ១លានតោនក្នុងមួយឆ្នាំ។
អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានបង្ហាញសុទិដ្ឋិនិយមថា តាមរយៈការសហការរវាងស្ថាប័នពាក់ព័ន្ធ និងសហព័ន្ធស្រូវអង្ករកម្ពុជា កម្ពុជាមានក្តីសង្ឃឹមថានឹងអាចសម្រេចបានគោលដៅនាំចេញអង្ករ ១លានតោនក្នុងមួយឆ្នាំ ឬអាចលើសពីគោលដៅនេះ៕



