អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្នអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់អគារមន្ទីរពេទ្យបង្អែកស្រុក និង សាលារៀន ចំនួន ២​ ខ្នង ក្នុងស្រុកពញាឮ ខេត្តកណ្តាល

នៅមន្ទីរពេទ្យបង្អែកស្រុកពញាឮខេត្តកណ្ដាលថ្ងៃទី 8 ខែកញ្ញាឆ្នាំ 2026អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន

ឧបនាយករដ្ឋមន្ត្រី, រដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ 

និង ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្តាលបានអញ្ជើញជាអធិបតីក្នុង

ពិធីបើកការដ្ឋានសាងសង់អគារមន្ទីរពេទ្យបង្អែកស្រុក 

និង សាលារៀន ចំនួន ២ ខ្នង ក្នុងស្រុកពញាឮ ខេត្តកណ្តាល

ឯកឧត្តម គួចចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្ដាលមានប្រសាសន៍ថាមន្ទីរពេទ្យបង្អែកស្រុកពញាឮ នឹងត្រូវសាងសង់មានអគារសម្រាកព្យាបាលទូទៅ ១ខ្នង មានចំនួន៩៧បន្ទប់ ទំហំ៣០ម X៥០ម, កម្ពស់៤ជាន់ (ជាន់ផ្ទាល់ដី,ទី១,ទី២, ទី៣ និង ដំបូលទែរ៉ាស់) ព្រមទាំងបំពាក់នូវប្រព័ន្ធម៉ាស៊ីនត្រជាក់, ប្រព័ន្ធអគ្គីភ័យ, ប្រព័ន្ធអុកស៊ីសែន, ជណ្តើរយន្ត, ប្រព័ន្ធកាមេរ៉ាប្រព័ន្ធ WIFI, ប្រព័ន្ធHVAC (Heating Ventilation Air Conditioning ) និងការងារខាងក្រៅ។ 

ជាន់ផ្ទាល់ដីៈ ពិគ្រោះជំងឺទូទៅនិងសង្គ្រោះបន្ទាន់  រួមមាន បន្ទប់ប.ស.ស, បន្ទប់ពិគ្រោះជម្ងឺ (កុងស៊ុល), បន្ទប់ឱសថ, បន្ទប់អេកូ, បន្ទប់ICU, បន្ទប់X-Ray, បន្ទប់វះកាត់, ខាងមុខច្រកចូលមានដំបូល និងជម្រាលសម្រាប់ឡានសង្គ្រោះបន្ទាន់។ 

ជាន់ទី១ ជាន់សម្រាកទូទៅ មានបន្ទប់ចំនួន ១២បន្ទប់ អាចដាក់គ្រែបាន ៨៣, ជាន់ទី២ សម្ពពនិងវះកាត់, ជាន់ទី៣ រដ្ឋបាល និងសាលប្រជុំ (អាចដាក់មនុស្ស១៨២នាក់)  និង បន្ទប់ VIP 

 និងជាន់ដំបូលទែរ៉ាស់។ 

នៅវិទ្យាល័យទេពប្រណម្យ សាងសង់ អគារ១ខ្នង កំពស់៣ជាន់ មាន១៥បន្ទប់ និងបន្ទប់ទឹកមួយចំនួន ដែលមានបណ្តោយ៤៥.៥ម៉ែត្រ ទទឹង៩ម៉ែត្រ កំពស់ជាន់ផ្ទាល់ដី ០.៥ម៉ែត្រ ,កម្ពស់ជាន់ទី១: ៤.៥ម៉ែត្រ , កំពស់ជាន់ទី២: ៨.៥ម៉ែត្រ, កំពស់ធ្នឹមដំបូល១២.៣ម៉ែត្រ, កម្ពស់ដំបូល ១៤.៩២ម៉ែត្រ ។

នៅវិទ្យាល័យហ៊ុន សែន ព្រះធម្មស្រះ នូវអគារ១ខ្នង កំពស់៣ជាន់ មាន១៥បន្ទប់ និងបន្ទប់ទឹកចំនួន១០ ដែលមានបណ្តោយ៤៥.៥ម៉ែត្រ ទទឹង៩ម៉ែត្រ កំពស់ជាន់ផ្ទាល់ដី ០.៥ម៉ែត្រ, កម្ពស់ជាន់ទី១:៤.៥ម៉ែត្រ , កំពស់ជាន់ទី២: ៨.៥ម៉ែត្រ, កំពស់ធ្នឹមដំបូល១២.៣ម៉ែត្រ,កម្ពស់ដំបូល ១៤.៩២ម៉ែត្រ៕

មានប្រសាសន៍សំណេះសំណាលជាមួយប្រជាពលរដ្ឋស្រុកពញាឮអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន មានប្រសាសន៍ថាការជួបជុំរបស់យើង នាឱកាសនេះ ត្រូវបានរៀបចំឡើង ចំពេលដែលពិភពលោក ទាំងមូល កំពុងស្ថិតក្នុងភាពមិនប្រាកដប្រជាកាន់តែខ្ពស់ ។ ទស្សនវិស័យសេដ្ឋកិច្ច ក្នុង តំបន់ និង លើសកលលោក នៅបន្តត្រូវបានហ៊ុំព័ទ្ធ ដោយពហុវិបត្តិ ដូចជា៖ ការកើននៃភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ, ការបន្ទច់បង្អាក់ខ្សែច្រវាក់ផ្គត់ផ្គង់, សង្គ្រាម ពាណិជ្ជកម្ម និង ការកើននៃថ្លៃប្រេងឥន្ធនៈ ព្រមទាំង ផលប៉ះពាល់កាន់តែខ្លាំងឡើងនៃការប្រែប្រួលអាកាសធាតុ ។ល។, ខណៈ កម្ពុជា ក៏បាន និង កំពុង បន្តជួបប្រឈមនឹងបញ្ហាទាំងនោះ, ទាំងដោយផ្ទាល់ និង ប្រយោល, ផងដែរ ទន្ទឹមនឹងតម្រូវការចាំបាច់ ក្នុងការបន្តកិច្ចប្រឹងប្រែងឥតរាថយ សំដៅជម្នះនូវឧបសគ្គជាច្រើនផ្សេងទៀត នៅផ្ទៃក្នុងប្រទេស ។ សម្ពាធ, ទាំងខាងក្នុង និង ខាងក្រៅ ទាំងអស់នេះ, បាន និង កំពុង ជះឥទ្ធិពល អវិជ្ជមាន ដល់កិច្ចប្រឹងប្រែងឥតស្រាកស្រាន្ត របស់រាជរដ្ឋាភិបាល ក្នុងការបន្តខិតខំអភិវឌ្ឍន៍ប្រទេស និង ជំរុញកំណើនសេដ្ឋកិច្ចជាតិ ។ យ៉ាងណាមិញ, សម្ទុះកំណើនសេដ្ឋកិច្ចកម្ពុជា នៅតែមានភាពរឹងមាំ ។ ជាក់ស្តែង, ទោះ​បីត្រូវ​ប្រឈមនឹងភាពមិនប្រាកដប្រជាកាន់តែខ្ពស់ ក្នុងបរិការណ៍សកល ក៏ដូចជា ត្រូវបន្តប្រឈមនឹងការគម្រាម និង ការរំលោភលើអធិប- តេយ្យជាតិ និង បូរណភាពទឹកដី យ៉ាងណាក្តី, ក៏សេដ្ឋកិច្ចកម្ពុជា សម្រេចបានកំណើន ៥,៣% ក្នុងឆ្នាំ ២០២៥ កន្លងទៅ ដែលត្រូវបានគាំទ្រដោយកំណើនល្អ ក្នុងវិស័យកាត់ដេរ, កម្មន្តសាលមិនមែនកាត់ដេរ, និង លក់ដុំ-លក់រាយ ។ យ៉ាងណាមិញ, សម្រាប់ឆ្នាំ ២០២៦ នេះ, តាមការវាយតម្លៃពាក់កណ្តាលឆ្នាំ របស់ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ, កំណើនសេដ្ឋកិច្ចកម្ពុជា នឹងមានការថមថយបន្តិច បើធៀបនឹងកំណើនក្នុងឆ្នាំ ២០២៥ កន្លងទៅ, ពោលគឺ អាចនឹងសម្រេចបាន ក្នុងអត្រាប្រមាណ ៤,១% ប៉ុណ្ណោះ, ដោយសារការទទួលរងនូវកម្មវិបាក ជាអវិជ្ជមានផ្ទួនគ្នា, ជាពិសេស ការកើនថ្លៃប្រេងឥន្ធនៈ ដែលបង្កឡើងដោយសង្គ្រាម នៅតំបន់មជ្ឈិមបូព៌ា ។

កំណើនសេដ្ឋកិច្ចដ៏រឹងមាំ ប្រកបដោយចីរភាព, ជាពិសេស ក្នុងរយៈពេល ជាងពីរទសវត្សរ៍ មុនការមកដល់នៃវិបត្តិជំងឺកូវីដ-១៩ ជាសកល, គួបផ្សំជាមួយសមិទ្ធផលដ៏ប្រសើរ ក្នុងការអនុវត្តយុទ្ធសាស្រ្តកៀរគរចំណូល ក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈ, ពិតជាបានរួមចំណែកយ៉ាងសំខាន់ ក្នុងការផ្តល់លទ្ធភាព ដល់រាជ- រដ្ឋាភិបាល, ម្យ៉ាង, ក្នុងការបង្កើនការវិនិយោគសាធារណៈ លើហេដ្ឋារចនាសម្ព័ន្ធ គ្រប់ប្រភេទ ជាអាទិ៍៖ ផ្លូវថ្នល់, ស្ពាន, សាលារៀន, មន្ទីរពេទ្យ, ប្រព័ន្ធធារាសាស្រ្ត, ប្រព័ន្ធទឹកស្អាត,  បណ្តាញអគ្គិសនី ។ល។; និង ម្យ៉ាងទៀត, ក្នុងការតម្លើងប្រាក់បៀវត្ស, ប្រាក់បំណាច់មុខងារ និង របបសន្តិសុខ​សង្គម ​ជូនមន្រ្តីរាជការស៊ីវិល,

កងកម្លាំងប្រដាប់អាវុធ, និវត្តជន និង មន្រ្តី-បុគ្គលិកគ្រប់ប្រភេទ ទន្ទឹមគ្នានឹងការបង្កើនប្រាក់សោធនប្រចាំខែ ​សម្រាប់អតីតមន្រ្តីរាជការស៊ីវិល និង អតីតយុទ្ធជន ព្រមទាំង ការពង្រីកវិសាលភាពនៃប្រព័ន្ធគាំពារសង្គម ឲ្យបានកាន់តែគ្រប់ជ្រុងជ្រោយ ជូនដល់ប្រជាជនកម្ពុជា ដោយឈរលើគោលការណ៍ «មិនបោះបង់ពលរដ្ឋណាម្នាក់» ។ 

ច្បាស់ណាស់ថា ការសម្រេចបាននូវសមិទ្ធផលល្អខាងលើ មិនមែនកើតឡើង ដោយ ចៃដន្យនោះទេ, ប៉ុន្តែជាលទ្ធផលនៃកិច្ចប្រឹងប្រែងឥតស្រាកស្រាន្ត និង ការកែទម្រង់មុតស្រួចឥតងាករេ លើគ្រប់វិស័យ ប្រកបដោយភាពបុរេសកម្ម និង ស្មារតីទទួលខុសត្រូវខ្ពស់ របស់រាជរដ្ឋាភិបាល, ទាំងក្នុងបណ្តានីតិកាលកន្លងទៅ, ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយជវភាព និង ភាពប្រាកដនិយម របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន, អតីត នាយករដ្ឋមន្រ្តី និង បច្ចុប្បន្នជា ប្រធានព្រឹទ្ធសភា, ក៏ដូចជា សម្រាប់នីតិកាលទី ៧ នេះ នៃរដ្ឋសភា, ក្រោមការបន្តវេនដឹកនាំ ដ៏ត្រឹមត្រូវ និង ប៉ិនប្រសប់ ប្រកបដោយថាមភាព និង ចក្ខុវិស័យវែងឆ្ងាយ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត, នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រ កម្ពុជា ។ 

ក្នុងដំណាក់កាលថ្មីនៃការបន្តខិតខំអភិវឌ្ឍប្រទេស, ចាប់តាំងពីដើមនីតិកាលទី ៧ នេះ នៃរដ្ឋសភា, ក្នុងបរិការណ៍ដែលសកលលោក ត្រូវបន្តជួបប្រឈមនឹងភាពមិនប្រាកដ- ប្រជាកាន់តែខ្ពស់ និង កាន់តែស្រួចស្រាល់ឡើង, ដូចខ្ញុំបានគូសរំលេចខាងលើ, រាជរដ្ឋាភិ- បាល បានដាក់ចេញ ជាបន្តបន្ទាប់ នូវវិធានការអន្តរាគមន៍ យ៉ាងទាន់ពេល និង ចំទិសដៅ ប្រកបដោយប្រសិទ្ធភាព និង ស័ក្តិសិទ្ធិភាពខ្ពស់ ព្រមទាំង ត្រៀមដាក់ចេញបន្ថែមទៀត តាម តម្រូវការចាំបាច់ នូវ​វិធានការឆ្លើយតបមុតស្រួច លើគ្រប់វិស័យ សំដៅ, ម្ខាង, ដោះស្រាយ បញ្ហាប្រឈមចំពោះមុខ និង បន្តរក្សានូវចលនការនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ជារួម; និង ម្ខាងទៀត, ប្រែក្លាយបញ្ហា​ប្រឈមទាំងនេះ ឲ្យទៅ​ជាកាលានុវត្តភាព តាមរយៈ ការ- បន្តខិតខំពង្រឹងភាពប្រកួតប្រជែង ក៏ដូចជា ភាពរឹងមាំ និង ភាពធន់ទៅនឹងវិបត្តិ តាមរយៈ ការពង្រីក និង ការពង្រឹងប្រព័ន្ធគាំពារសង្គម; ការកែលម្អបរិយាកាសធុរកិច្ច; ការបន្តធ្វើពិពិធកម្មសេដ្ឋកិច្ច; ការពង្រឹងវិស័យហិរញ្ញវត្ថុ, ទាំងផ្នែកធនាគារ និង មិនមែនធនាគារ;​ ការពង្រឹងលទ្ធភាពលើកកម្ពស់ខ្សែច្រវាក់ផលិតកម្មក្នុង​ស្រុក សំដៅជំរុញការតភ្ជាប់ ទៅ នឹងខ្សែច្រវាក់ផ្គត់ផ្គង់ ក្នុង​តំបន់ និង​ លើសកលលោក; ការចាប់យកសកម្មភាពផលិតកម្ម ដែលបង្កើតតម្លៃបន្ថែមខ្ពស់; ការបង្កើតការងារកាន់តែច្រើន សម្រាប់ពលករកម្ពុជា; និង ការពង្រីកមូលដ្ឋានសេដ្ឋកិច្ចជាតិ ឲ្យកាន់តែទូលំទូលាយ ។ល។ ជារួម, រាជរដ្ឋាភិបាល ក្នុងគ្រប់នីតិកាល មិនគ្រាន់តែសង្កេតស្ថានការណ៍ និង រង់ចាំឆ្លើយតប (React) ទៅនឹងការប្រែប្រួល យ៉ាងរហ័ស និង ពិបាកប៉ាន់ស្មាន នៃបរិការណ៍តំបន់ និង សកល នោះទេ; ប៉ុន្តែ, រាជរដ្ឋាភិបាល មានចក្ខុវិស័យច្បាស់លាស់, ទាំងសម្រាប់រយៈពេលខ្លី, មធ្យម និង វែងទៅមុខ, ព្រមទាំង មានសមត្ថភាព និង ភាពបុរេសកម្ម ក្នុងការកំណត់, ការដាក់ចេញ និង ការជំរុញអនុវត្ត នូវវិធានការអន្តរាគមន៍នានា បានទាន់ពេល និង ចំទិសដៅ ប្រកប​ដោយភាពបត់បែន, ប្រសិទ្ធភាព និង ស័ក្តិសិទ្ធិភាពខ្ពស់ ។រាជរដ្ឋាភិបាល ក្នុងគ្រប់នីតិកាលតែងយកចិត្តទុកដាក់ និង ផ្តល់អាទិភាពខ្ពស់ លើវិស័យសុខាភិបាល និង វិស័យអប់រំ ។ ជាក់ស្តែង, រាជរដ្ឋាភិបាល បានបង្កើនចំណាយថវិការបស់ ក្រសួងសុខាភិបាល, ពីចំនួនប្រមាណ ៩០៣ ៣២១ លានរៀល ឬ សមមូលប្រមាណ ២២៤ លានដុល្លារអាម៉េរិក ក្នុងឆ្នាំ ២០១៣ រហូតដល់ប្រមាណ ២ ៦៧០ ០៤២ លានរៀល ឬ សមមូលប្រមាណ ៦៦៦ លានដុល្លារអាម៉េរិក ក្នុងឆ្នាំ ២០២៥, ពោលគឺ កើន ៣ ដង; និង បានបង្កើនថវិការបស់ ក្រសួង​អប់រំ យុវជន និង កីឡា, ពីចំនួនប្រមាណ ១ ១៣២ ៥៥៦ លានរៀល ឬ សមមូលប្រមាណ ២៨១ លានដុល្លារអាម៉េរិក ក្នុងឆ្នាំ ២០១៣ រហូតដល់ប្រមាណ ៤ ៣៩៣ ៨០៥ លានរៀល ឬ សមមូលប្រមាណ ១ ០៩៥ លានដុល្លារអាម៉េរិក, ក្នុងឆ្នាំ ២០២៥, ពោលគឺ កើនប្រមាណ ៤ ដង, ក្នុងរយៈពេល ១២ ឆ្នាំចុងក្រោយ ។ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រីមានប្រសាសន៍ក្រើនរំលឹករដ្ឋបាលខេត្ត, រដ្ឋបាលក្រុង/ស្រុក និង ឃុំ/សង្កាត់ ក៏ដូចជា ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្ត និង តាមបណ្តាក្រុង/ស្រុក, គណៈបញ្ជាការឯកភាពគ្រប់លំដាប់ថ្នាក់, ក្រុមគ្រូពេទ្យ, លោកគ្រូ-អ្នកគ្រូ និង សិស្សានុសិស្ស, បន្តចូលរួមយកចិត្ត-ទុកដាក់ លើការងារសំខាន់មួយចំនួន ដូចខាងក្រោម៖

ទី១- ទោះបីសភាពការណ៍ និង សន្តិសុខសណ្តាប់ធ្នាប់សង្គម ជារួម ក្នុងខេត្តកណ្តាល និង តាមបណ្តាក្រុង/ស្រុក ត្រូវបានគ្រប់គ្រងល្អហើយក្តី, ក៏រដ្ឋបាលខេត្ត, ក្រុង/ស្រុក, ឃុំ/ សង្កាត់ និង អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់ ក្នុងការថែរក្សាសន្តិសុខ, សុវត្ថិភាព និង សណ្តាប់ធ្នាប់សាធារណៈ ឲ្យបានគត់មត់ ជាប្រចាំ ស្របពេលដែលការ- បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ ឆ្នាំ ២០២៧ កាន់តែខិតជិតចូលមកដល់ ។ ទន្ទឹមនេះ, រដ្ឋបាលខេត្ត, ក្រុង/ស្រុក, ឃុំ/សង្កាត់ និង កងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ក៏ត្រូវបន្តជំរុញអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» ដើម្បី​លើក​កម្ពស់​ការចូល​រួម​បង្ការ​,

ទប់ស្កាត់ និង បង្ក្រាបបទល្មើសនានា ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត​ ជាអាទិ៍៖ អំពើលួច-ឆក់-ប្លន់, ល្បែង​ស៊ីសង​ខុស​ច្បាប់, ​ការ​ប្រើ​ប្រាស់​ និង ការ​ជួញដូរ​​គ្រឿង​ញៀន​ខុស​ច្បាប់​, បទល្មើស​ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន​​, និង សកម្មភាព​ក្មេង​ទំនើងគ្រប់រូបភាព ។ 

 ទី២- ការផ្តល់សេវាសាធារណៈ គឺជាកិច្ចការអាទិភាព ក្នុងកម្មវិធីនយោបាយ របស់រាជ-   រដ្ឋាភិបាល ក្នុងនីតិកាលទី ៧ នេះ នៃរដ្ឋសភា, ដែលត្រូវបន្តលើកកម្ពស់, ទាំងគុណភាព និង ប្រសិទ្ធភាព ។ ហេតុដូច្នេះ, រដ្ឋបាលខេត្ត, ក្រុង/ស្រុក និង ឃុំ/សង្កាត់ ត្រូវបន្តលើកកម្ពស់ការផ្តល់សេវាសាធារណៈគ្រប់ប្រភេទ ឲ្យបានកាន់តែរហ័ស និង ងាយស្រួល សម្រាប់ប្រជា-ពលរដ្ឋគ្រប់រូប ស្របតាមគោលការណ៍, ស្តង់ដា, បែបបទ និង នីតិវិធី ជាធរមាន, ប្រកប​ដោយស្មារតីទទួលខុសត្រូវ, ប្រសិទ្ធភាព, តម្លាភាព និង គណនេយ្យភាព, ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់បង-ប្អូនប្រជាពលរដ្ឋ ដែលបន្តកើនឡើង ពីមួយថ្ងៃទៅមួយថ្ងៃ ស្របពេលដែលប្រទេសយើង កំពុងមានការរីកចម្រើនយ៉ាងរហ័ស ។ ត្រង់ចំណុចនេះ, ខ្ញុំក៏សូមស្នើសុំថ្នាក់ដឹកនាំ, មន្ត្រី-បុគ្គលិក និង ក្រុមគ្រូពេទ្យគ្រប់ជាន់ថ្នាក់ នៃមន្ទីរពេទ្យបង្អែកស្រុកពញាឮ រួម​សហការគ្នា​ស្អិតល្មួត ក្នុងការផ្ដល់សេវាពិនិត្យ និង ព្យាបាលអ្នកជំងឺ​ ដោយ​យកចិត្តទុកដាក់ខ្ពស់បំផុត, បន្តអភិវឌ្ឍចំណេះ និង ពង្រឹង​ជំនាញបច្ចេកទេសរបស់ខ្លួន ស្របតាមស្តង់ដាវិទ្យាសាស្រ្តទំនើប, លើក​កម្ពស់​​ក្រមសីលធម៌វិជ្ជាជីវៈ ក្នុងការ-ពិនិត្យព្យាបាល ក៏ដូចជា ក្នុងការប្រាស្រ័យទាក់ទង​ជាមួយអ្នកជំងឺ​​, និង បង្កលក្ខណៈ​ងាយ-ស្រួល ជាអតិបរមា ​ដល់អ្នកជំងឺគ្រប់រូប ។ ពាក់ព័ន្ធនឹងការងារនេះ, ខ្ញុំក៏សូមកោតសរសើរ និង វាយតម្លៃខ្ពស់ ចំពោះក្រុមគ្រូពេទ្យ និង បុគ្គលិកសុខាភិបាលទាំងអស់ ដែលបានខិតខំយកចិត្តទុកដាក់ ពិនិត្យ និង ព្យាបាលអ្នកជំងឺគ្រុនឈាម, ជាពិសេស កុមារ, ដែលមានចំនួនកើន គួរឲ្យកត់សម្គាល់ ក្នុងរយៈពេលកន្លងទៅ ។ ជាមួយគ្នានេះ, ខ្ញុំក៏សូមលើកទឹកចិត្តលោកគ្រូ-អ្នកគ្រូ បន្តយកចិត្តទុកដាក់ខ្ពស់ ក្នុងការបង្រៀនសិស្ស ប្រកបដោយក្រមសីលធម៌ វិជ្ជាជីវៈ, ខណៈក្មួយៗជាសិស្សានុសិស្ស ក៏ត្រូវបន្តខិតខំរៀនសូត្រ ដើម្បីអាចក្លាយជាទំពាំងស្នងឬស្សីដ៏ល្អ ប្រកបដោយចំណេះដឹង, សមត្ថភាព, គុណធម៌, សីលធម៌ និង សុជីវធម៌ ។ ត្រង់នេះ, ខ្ញុំក៏សូមកោតសរសើរ និង វាយតម្លៃខ្ពស់ ចំពោះលោកគ្រូ-អ្នកគ្រូគ្រប់រូប, ពិសេស លោកគ្រូ-អ្នកគ្រូថ្នាក់ទី ១២, ដែលបានខិតខំបង្ហាត់បង្រៀនសិស្សថ្នាក់ទី ១២ ដែលទើបបាន ប្រឡងមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នាពេលថ្មីៗនេះ ដោយទទួលបានលទ្ធផលដ៏ប្រសើរ ។ ជាក់ស្តែង, សិស្សនិទ្ទេស A ក្នុងស្រុកពញាឮឆ្នាំនេះ មានចំនួន ១២ រូប, ខណៈឆ្នាំ ២០២៥ មានចំនួនតែ ៩ រូប ប៉ុណ្ណោះ ។ ដូចបណ្តាឆ្នាំកន្លងទៅដែរ, ក្នុងនាមជាប្រធានក្រុម ការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកណ្តាល, ខ្ញុំនឹងចាត់ចែងឲ្យក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានក្រុង/ស្រុក នៃខេត្តកណ្តាល រៀបចំផ្តល់ការលើកទឹកចិត្តដល់សិស្សនិទ្ទេស A និង លោកគ្រូ-អ្នកគ្រូថ្នាក់ទី ១២ នៅទូទាំងខេត្តកណ្តាល តាមក្រោយទៀត ក្នុងពេលដ៏ឆាប់ ខាងមុខ ។

 ទី៣- រដ្ឋបាលខេត្ត, ក្រុង-ស្រុក, និង ឃុំ-សង្កាត់ ត្រូវបន្តជំរុញការអភិវឌ្ឍហេដ្ឋារចនា-សម្ព័ន្ធរូបវន្តចាំបាច់នានា សម្រាប់បម្រើដល់សកម្មភាពសេដ្ឋកិច្ច, ការវិនិយោគ, ការធ្វើ-ពាណិជ្ជកម្ម, ទេសចរណ៍ និង ការប្រកបមុខរបរខ្នាតតូច របស់ប្រជាពលរដ្ឋ, ពិសេស ត្រូវគិតគូរ និង លើកទឹកចិត្ត ដល់សហគ្រាសធុន មីក្រូ, តូច និង មធ្យម ក៏ដូចជា វិស័យកសិកម្ម និង កសិ-ឧស្សាហកម្ម ដែលជាវិស័យចម្បងរបស់ខេត្ត, សំដៅបង្កើនការងារ និង ប្រាក់ចំណូល របស់ប្រជាពលរដ្ឋ, កាត់បន្ថយភាពក្រីក្រ, ជំរុញកំណើនសេដ្ឋកិច្ច និង រួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ប្រកបដោយចីរភាព និង បរិយាបន្ន, នេះម៉្យាង; និង ម៉្យាងទៀត, ត្រូវខិតខំទាក់ទាញការវិនិយោគ និង ការបណ្តាក់ទុន ប្រកបអាជីវកម្មនានា ពីគ្រប់ប្រភពស្របច្បាប់ទាំងឡាយ ដើម្បីចូលរួមជំរុញការអភិវឌ្ឍខេត្ត ឲ្យកាន់តែមានសន្ទុះខ្លាំងក្លាបន្ថែមទៀត ។ និង

  ទី៤- ក្នុងកាលៈទេសៈពិសេសបច្ចុប្បន្ន ដែលជាតិយើង ត្រូវរួមគ្នាជាឆ្លុងមួយ ក្នុងការ-តស៊ូប្រយុទ្ធប្រឆាំងនឹងការរំលោភបំពាន លើអធិបតេយ្យជាតិ និង បូរណភាពទឹកដី, ខ្ញុំស្នើសុំរដ្ឋបាលខេត្ត, ក្រុង/ស្រុក, ឃុំ/សង្កាត់, គណៈបញ្ជាការឯកភាពគ្រប់លំដាប់ថ្នាក់, ក៏ដូចជា បង-ប្អូនប្រជាពលរដ្ឋទូទៅពីគ្រប់មជ្ឈដ្ឋាន បន្តចូលរួមលើកកម្ពស់ស្មារតីសាមគ្គីភាព និង ឯកភាពជាតិរឹងមាំ ជុំវិញរាជរដ្ឋាភិបាល, ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និង ឈ្លាសវៃ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត, នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ។ កម្លាំងសាមគ្គីភាព និង ឯកភាពជាតិ ដ៏រឹងមាំរបស់យើងទាំងអស់គ្នា ជាប្រជាជនខ្មែរ ពិតជាមានសារៈសំខាន់ និង មិនអាចខ្វះបាន ដើម្បីជម្នះនូវបញ្ហាប្រឈមផងទាំងពួង ដោយជោគជ័យ ក្នុងបរិការណ៍ដែលស្ថានភាពក្នុងតំបន់ និង លើសកលលោក បន្តមានភាព-មិនប្រាកដប្រជាកាន់តែខ្ពស់ និង ស្របពេលដែលបញ្ហាព្រំដែន មិនទាន់ត្រូវបានដោះស្រាយ បញ្ចប់នៅឡើយ