ទោះបីជាមានបទឈប់បាញ់ ប៉ុន្តែភាគីអ៊ីស្រាអែលនៅតែបាញ់ដដែល! ខណៈមនុស្សច្រើននាក់បានស្លាប់ក្រោយពីការវាយប្រហារជុំថ្មីតាមអាកាសរបស់ពួកគេនាភាគខាងត្បូងលីបង់
ក្រសួងសុខាភិបាលលីបង់បាននិយាយថា កងទ័ពអាកាសអ៊ីស្រាអែលបានវាយប្រហារតាមអាកាសលើពួកគេចំនួនពីរលើក ក្នុងភូមិមួយនាភាគខាងត្បូងប្រទេសលីបង់កាលពីព្រឹកព្រលឹមថ្ងៃចន្ទកន្លងទៅ ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់៩នាក់ និងធ្វើឱ្យអ្នកផ្សេងទៀតរងរបួស រួមមានទាំងស្ត្រី និងកុមារ។ ក្រសួងបាននិយាយថា ការវាយប្រហារមួយទៅលើអគារនៅ Kfar Rumman បានសម្លាប់មនុស្ស៨នាក់ រួមទាំងកុមារម្នាក់ និងស្ត្រីពីរនាក់។ ក្រសួងបានបន្ថែមថា មនុស្ស១១នាក់ក៏បានរងរបួសផងដែរ ក្នុងនោះមានកុមារ៤នាក់ និងស្ត្រី២នាក់។ ក្រសួងបាននិយាយថា ការវាយប្រហារមួយទៀតបានកើតលើរថយន្តមួយគ្រឿងនៅក្នុងភូមិ ដោយបានសម្លាប់គ្រូពេទ្យសង្គ្រោះបន្ទាន់ម្នាក់មកពីសមាគមកាយរឹទ្ធិអ៊ីស្លាមលីបង់ Risala និងធ្វើឱ្យមនុស្ស២នាក់ផ្សេងទៀតរងរបួស។ ការវាយប្រហារនៅថ្ងៃចន្ទនោះ បានកើតឡើងចំពេលដែលភាពតានតឹងបានកើនឡើងជាថ្មីរវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធ Hezbollah ទោះបីជាមានបទឈប់បាញ់ដែលបានឈានដល់ជាងពីរខែមុនក៏ដោយ។ បទឈប់បាញ់ដែលសម្របសម្រួលដោយសហរដ្ឋអាមេរិករវាងអ៊ីស្រាអែល និង Hezbollah ត្រូវបានរំលោភម្តងហើយម្តងទៀតដោយអ៊ីស្រាអែលបានធ្វើការវាយប្រហារតាមដែនអាកាសនៅលីបង់ និងសំដៅក្រុម Hezbollah បាញ់យន្តហោះគ្មានមនុស្សបើកទៅលើកងទ័ពអ៊ីស្រាអែល។ លីបង់ និងអ៊ីស្រាអែលកាលពីខែមិថុនាក៏ធ្លាប់បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខ័ណ្ឌដែលសម្របសម្រួលដោយសហរដ្ឋអាមេរិក ដែលក្រោមកិច្ចព្រមព្រៀងនេះ កងកម្លាំងអ៊ីស្រាអែលត្រូវដកថយពីភាគខាងត្បូងប្រទេសលីបង់ ជាថ្នូរនឹងការរំសាយអាវុធរបស់ក្រុម Hezbollah ដូចគ្នា។ ទោះជាយ៉ាងណាក៏ដោយភាគីទាំងពីរគឹមានវឌ្ឍនភាពតិចតួចណាស់នៅក្នុងការអនុវត្តរបស់ពួកគេ។ ក្រុម Hezbollah មិនមែនជាភាគីនៃកិច្ចចរចាលីបង់-អ៊ីស្រាអែលនោះទេ ហើយពួកគេក៏បាននិយាយថា ខ្លួននឹងមិនបោះបង់ចោលអាវុធរបស់ខ្លួនដែរ ពីក្នុងតំបន់ណាមួយនៃភាគខាងជើងទន្លេលីតានី ក្នុងប្រទេសលីបង់។ ទន្ទឹមនឹងនេះ មន្ត្រីអ៊ីស្រាអែលម្នាក់បាននិយាយថា ពួកគេនឹងមិនដកថយទេ លុះត្រាតែក្រុម Hezbollah ត្រូវបានដកហូតអាវុធពួកគេទាំងស្រុងនៅទូទាំងប្រទេសលីបង់៕
សម្រួលអត្ថបទ៖ សុផារិន្ទ



