តំណាងឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន ក្រុងពាលីសម្រាប់ត្រៀមពិធីបើកការដ្ឋានសាងសង់អគារមន្ទីរពេទ្យ និងអគារសាលារៀននៅក្នុងស្រុកពញាឮ ខេត្តកណ្តាល

(កណ្តាល)៖ បណ្ឌិត កែវ បេងវឌ្ឍន៍ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកនៃអគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ តំណាងអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅរសៀលថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦នេះ ​បានអញ្ជើញចូលរួមក្នុងពិធីក្រុងពាលីសម្រាប់ពិធីបើកការដ្ឋានសាង់សង់មន្ទីរពេទ្យ និងសាលារៀននៅក្នុងស្រុកពញាឮ ខេត្តកណ្តាល។

សូមជម្រាបថា ការបើកការដ្ឋានសាង់សង់មន្ទីរពេទ្យ និងសាលារៀននៅក្នុងស្រុកពញាឮ ខេត្តកណ្តាល នឹងត្រូវរៀបចំឡើងនៅព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ ក្រោមអធិបតីភាព អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកណ្តាល  និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងអរីយក្សត្រ ស្រុកខ្សាច់កណ្តាល ល្វាឯម កៀនស្វាយ មុខកំពូល និងពញាឮ។

មន្ទីរពេទ្យបង្អែកស្រុកពញាឮ នឹងត្រូវសាងសង់អគារសម្រាកព្យាបាលទូទៅ ១ខ្នង មានចំនួន៩៧បន្ទប់ ទំហំ៣០ម X៥០ម, កម្ពស់៤ជាន់ (ជាន់ផ្ទាល់ដី,ទី១,ទី២, ទី៣ និង ដំបូលទែរ៉ាស់) ព្រមទាំងបំពាក់នូវប្រព័ន្ធម៉ាស៊ីនត្រជាក់, ប្រព័ន្ធអគ្គីភ័យ, ប្រព័ន្ធអុកស៊ីសែន, ជណ្តើរយន្ត, ប្រព័ន្ធកាមេរ៉ាប្រព័ន្ធ WIFI, ប្រព័ន្ធHVAC (Heating Ventilation Air Conditioning ) និងការងារខាងក្រៅ។

ជាន់ផ្ទាល់ដីៈ ពិគ្រោះជំងឺទូទៅនិងសង្គ្រោះបន្ទាន់  រួមមាន បន្ទប់ប.ស.ស, បន្ទប់ពិគ្រោះជម្ងឺ (កុងស៊ុល), បន្ទប់ឱសថ, បន្ទប់អេកូ, បន្ទប់ICU, បន្ទប់X-Ray, បន្ទប់វះកាត់, ខាងមុខច្រកចូលមានដំបូល និងជម្រាលសម្រាប់ឡានសង្គ្រោះបន្ទាន់។

ជាន់ទី១ ជាន់សម្រាកទូទៅ មានបន្ទប់ចំនួន ១២បន្ទប់ អាចដាក់គ្រែបាន ៨៣, ជាន់ទី២ សម្ពពនិងវះកាត់, ជាន់ទី៣ រដ្ឋបាល និងសាលប្រជុំ (អាចដាក់មនុស្ស១៨២នាក់)  និង បន្ទប់ VIP
និងជាន់ដំបូលទែរ៉ាស់។

នៅវិទ្យាល័យទេពប្រណម្យ សាងសង់ អគារ១ខ្នង កំពស់៣ជាន់ មាន១៥បន្ទប់ និងបន្ទប់ទឹកមួយចំនួន ដែលមានបណ្តោយ៤៥.៥ម៉ែត្រ ទទឹង៩ម៉ែត្រ កំពស់ជាន់ផ្ទាល់ដី ០.៥ម៉ែត្រ ,កម្ពស់ជាន់ទី១: ៤.៥ម៉ែត្រ , កំពស់ជាន់ទី២: ៨.៥ម៉ែត្រ, កំពស់ធ្នឹមដំបូល១២.៣ម៉ែត្រ, កម្ពស់ដំបូល ១៤.៩២ម៉ែត្រ ។

នៅវិទ្យាល័យហ៊ុន សែន ព្រះធម្មស្រះ នូវអគារ១ខ្នង កំពស់៣ជាន់ មាន១៥បន្ទប់ និងបន្ទប់ទឹកចំនួន១០ ដែលមានបណ្តោយ៤៥.៥ម៉ែត្រ ទទឹង៩ម៉ែត្រ កំពស់ជាន់ផ្ទាល់ដី ០.៥ម៉ែត្រ, កម្ពស់ជាន់ទី១:៤.៥ម៉ែត្រ , កំពស់ជាន់ទី២: ៨.៥ម៉ែត្រ, កំពស់ធ្នឹមដំបូល១២.៣ម៉ែត្រ,កម្ពស់ដំបូល ១៤.៩២ម៉ែត្រ៕