ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ អញ្ជើញជួបសំណេះសំណាលជាមួយសិស្សានុសិស្សដែលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ទទួលបាននិទ្ទេស A នៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង
ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ឆ្នាំង និងក្រុមការងារ អមដំណើរដោយប្រធានការិយាល័យអប់រំ យុវជន និងកីឡាស្រុកកំពង់ត្រឡាច បានអញ្ជើញសំណេះសំណាលជាមួយសិស្សានុសិស្សដែលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិទទួលបាននិទ្ទេស A ចំនួន ៤នាក់រួមមាន៖
ទី១ ឈ្មោះ អ៊ឺន សុភារី ភេទស្រី អាយុ ១៨ឆ្នាំ នៅភូមិសាលាលេខប្រាំ ឃុំអូរឫស្សី
ទី២ ឈ្មោះ អាត សុណារី ភេទស្រី អាយុ ១៨ឆ្នាំ នៅភូមិសាលាលេខប្រាំ ឃុំអូរឫស្សី
ទី៣ ឈ្មោះ តាន់ ឈុនអេង ភេទស្រី អាយុ ១៧ឆ្នាំ នៅភូមិពានី ឃុំពានី
ទី៤ ឈ្មោះ ស៊ុយ ពិសី ភេទប្រុស អាយុ ១៨ឆ្នាំ នៅភូមិក្រាំងតាឯក ឃុំពានី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងសេចក្តីនឹករលឹកយ៉ាងជ្រាលជ្រៅពីសំណាក់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ជូនចំពោះក្មួយៗសិស្សានុសិស្សទាំងអស់។
ក្នុងពិធីសំណេះសំណាលនេះ ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ បានកោតសរសើរយ៉ាងក្រៃលែង និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ក្មួយៗទាំងអស់ រហូតទទួលបានលទ្ធផលដ៏ត្រចះត្រចង់ នាំមកនូវកិត្តិយសជូនខ្លួនឯង គ្រួសារ និងសាលារៀន ជាពិសេសគឺការលើកមុខមាត់ស្រុកកំពង់ត្រឡាចយើង។ ឯកឧត្តមបណ្ឌិត បានគូសបញ្ជាក់ថា លទ្ធផលនិទ្ទេស A នាពេលនេះ មិនមែនកើតឡើងដោយចៃដន្យនោះទេ ប៉ុន្តែវាជាផ្លែផ្កានៃការខិតខំសិក្សារៀនសូត្រ ក្នុងនោះក៏មានការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់អាណាព្យាបាល និងការលះបង់កម្លាំងកាយចិត្តក្នុងការបណ្តុះបណ្តាលរបស់លោកគ្រូ អ្នកគ្រូគ្រប់រូប។ លទ្ធផលនេះ ក៏បានឆ្លុះបញ្ចាំងពីវឌ្ឍនភាព និងការរីកចម្រើននៃវិស័យអប់រំនៅកម្ពុជា ក្រោមម្លប់នៃសុខសន្តិភាព និងការដឹកនាំដ៏ឈ្លាសវៃរបស់រាជរដ្ឋាភិបាល។
ទន្ទឹមនឹងនេះ ឯកឧត្តមបណ្ឌិត បានមានប្រសាសន៍ផ្តាំផ្ញើដល់ក្មួយៗសិស្សានុសិស្សជោគជ័យនៅមធ្យមសិក្សាគ្រាន់តែជាជំហានដំបូងប៉ុណ្ណោះ ក្មួយៗត្រូវបន្តរក្សាស្មារតីខិតខំប្រឹងប្រែងនេះបន្ថែមទៀតនៅថ្នាក់ឧត្តមសិក្សា ព្រោះការសិក្សានៅសាកលវិទ្យាល័យទាមទារការស្រាវជ្រាវ និងភាពម្ចាស់ការខ្ពស់ជាងមុន។ ជាចុងបញ្ចប់ ឯកឧត្តមបណ្ឌិត បានឧបត្ថម្ភក្មួយៗយុវសិស្សទាំង ៤នាក់ ក្នុងម្នាក់ៗថវិកាចំនួន ៥០០,០០០រៀល៕



