ករណីដួលរលំអគារនៅទីក្រុង New Delhi នៃបរិវេណទីតាំងស្នាក់នៅរបស់និស្សិតបុរស South Campus បណ្តាលឱ្យមនុស្ស៣នាក់ស្លាប់ និងជាង៣០នាក់ជាប់គាំងខាងក្នុង

មន្ត្រីបាននិយាយថា អគារមួយបានដួលរលំនៅទីក្រុងញូវដេលីកាលពីរសៀលថ្ងៃអាទិត្យនេះ ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់៣នាក់ និងជាប់គាំងមនុស្សរាប់សិបនាក់ផ្សេងទៀត ភាគច្រើនជានិស្សិតដែលបានមកស្នាក់នៅក្នុងទីក្រុង។ អគារកំពស់ប្រាំជាន់ ដែលជាកន្លែងស្នាក់នៅរបស់និស្សិតជាបុរស បានដួលរលំនៅក្នុងសង្កាត់ Satya Niketan ដែលជាសង្កាត់មួយមានប្រជាជនរស់នៅច្រើនកុះករ និងត្រូវបានគេស្គាល់ថាជាកន្លែងស្នាក់នៅឯកជនរបស់និស្សិតបុរស South Campus នៅជិតបរិវេណសាកលវិទ្យាល័យដេលី។ មន្ត្រីពន្លត់អគ្គីភ័យ Abhilash Malik បាននិយាយថា មនុស្សប្រហែលជា៣០ ទៅ៤០នាក់នៅតែស្ថិតជាប់នៅក្នុងគំនរបាក់បែកនៃអគារដួលរលំនេះ។ ចំណែកសមាជិកសភា Anil Sharma បាននិយាយថា មនុស្សមួយចំនួនត្រូវបានគេជួយសង្គ្រោះចេញមកហើយ ហើយមនុស្សមួយចំនួនទៀតបានជាប់គាំងនៅខាងក្នុង និងស្នើសុំជំនួយសង្រ្គោះបន្ទាន់នានា ខណៈពេលដែលក្រុមអ្នកជួយសង្គ្រោះនៅតែទាក់ទងជាមួយពួកគេគ្រប់ច្រកល្ហកឲ្យបានឆាប់បំផុត។ ក្រុមប៉ូលីស អ្នកពន្លត់អគ្គីភ័យ និងក្រុមមកពីទីភ្នាក់ងារឆ្លើយតបគ្រោះមហន្តរាយរបស់ប្រទេសឥណ្ឌាបានស្វែងរកមនុស្សតាមគំនរបាក់បែក ខណៈដែលក្រុមអ្នកជីកកកាយថ្មបានសម្អាតកំទេចកំទី ដើម្បីជួយដល់អ្នកជួយសង្គ្រោះដំណើរការទាន់ពេលវេលាទៅកាន់អ្នករងគ្រោះនៅខាងក្រោមផ្ទាំងថ្ម។ មន្ត្រីបាននិយាយថា យ៉ាងហោចណាស់២នាក់ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗក្នុងស្ថានភាពធ្ងន់ធ្ងរ។ មូលហេតុនៃការដួលរលំមិនត្រូវបានគេដឹងភ្លាមៗនោះទេ។ ប៉ុន្តែហេតុការណ៍ដួលរលំអគារគឺជាគ្រោះថ្នាក់ដែលកើតឡើង ម្តងហើយ ម្តងទៀតនៅក្នុងតំបន់មួយចំនួនក្នុងប្រទេសឥណ្ឌាអំឡុងពេលរដូវវស្សាចាប់ពីខែមិថុនាដល់ខែកញ្ញា នៅពេលដែលមានភ្លៀងធ្លាក់ខ្លាំង ឬយូរជាងនេះ ដែលវាអាចធ្វើឱ្យរចនាសម្ព័ន្ធចាស់ៗត្រូវចុះខ្សោយ និង ដួលរលំតែម្តង៕

សម្រួលអត្ថបទ៖ សុផារិន្ទ