«ពេលខ្លះនៅចំពោះមុខធម្មជាតិយើងគ្មានអំណាចទេ! ព្រោះវាលើសពីដែនកំណត់នៃការយល់ឃើញនិងយល់ដឹងរបស់មនុស្សយើង» នេះជាសំដីអ្នកជួយសង្រ្គោះដ៏លំបាកនៅ Gyirong
ក្រុមអ្នកជួយសង្គ្រោះបានបន្តស្វែងរកមនុស្សបាត់ខ្លួននៅកំពង់ផែ Gyirong ជិតព្រំដែននេប៉ាល់-ចិន អស់ពេលជាងមួយសប្តាហ៍កន្លងមកនេះ បន្ទាប់ពីវាត្រូវបានលេបត្របាក់ដោយសាររអិលបាក់ដីបន្ទាប់ពីការដួលរលំនៃផ្ទាំងទឹកកក។ ក្រុមនាវិកបានប្រឈមមុខនឹងស្ថានភាពដ៏លំបាកបន្ទាប់ពីការដួលរលំកាលពីថ្ងៃទី ២៦ ខែសីហា ដែលបណ្តាលឱ្យមានទឹកជំនន់ភ្លាមៗដ៏មហន្តរាយ និងរអិលបាក់ដីដែលបានហែកឆ្លងកាត់សហគមន៍ហិម៉ាល័យ និងបានសម្លាប់មនុស្សជាង ១៣០០នាក់។ នៅកំពង់ផែ Gyirong ក្រុមជួយសង្គ្រោះ និងគ្រឿងចក្រធុនធ្ងន់កំពុងបន្តសម្អាតកំទេចកំទីកាលពីថ្ងៃអាទិត្យនេះ ខណៈដែលពួកគេកំពុងស្វែងរកមនុស្សរាប់រយនាក់ដែលនៅតែបាត់ខ្លួនចាប់តាំងពីមានគ្រោះមហន្តរាយនោះ។ លោក Deng Buchuan ជាអ្នកជួយសង្គ្រោះមកពីអង្គភាពពន្លត់អគ្គីភ័យ និងជួយសង្គ្រោះទីបេបាននិយាយថា “យើងបានដាក់ពង្រាយអ្នកពន្លត់អគ្គីភ័យរបស់យើងឱ្យធ្វើការងារជាក្រុម ជាមួយឧបករណ៍ជីកកកាយ ដោយអនុវត្តភារកិច្ចសំខាន់ចំនួន២គឺ ការជីកកកាយ និងប្រតិបត្តិការស្វែងរកមនុស្ស។ ការចូលទៅកាន់តំបន់នេះគឺពិបាកដោយសារវាត្រូវកាត់ផ្តាច់ភ្លាមៗបន្ទាប់ពីទឹកជំនន់ល្បាក់បោកផ្ទប់ និងអូសវាទៅបាត់ត្រឹមតែមួយប៉ប្រិយភ្នែក ប៉ុន្តែវានឹងត្រូវបានស្តារឡើងវិញឲ្យបានឆាប់ផងដែរ ដោយសារវាការិយាល័យត្រួតពិនិត្យតាមព្រំដែនដ៏សំខាន់បំផុត ។ ចំណែកលោក Ren Wei ជាអនុប្រធានប្រតិបត្តិនៃរដ្ឋាភិបាលប្រជាជននៃតំបន់ស្វយ័តទីបេ បានមានប្រសាសន៍ថា “នៅដំណាក់កាលដំបូងនៃគ្រោះមហន្តរាយ ផ្លូវគោកដែលនាំទៅដល់តំបន់ដែលរងផលប៉ះពាល់ត្រូវបានខូចខាតទាំងស្រុង ដែលធ្វើឱ្យបុគ្គលិកជួយសង្គ្រោះ និងនាំយកឧបករណ៍ចូលគឺពិបាកទៅដល់តំបន់នោះខ្លាំងណាស់។ លោកបានបន្ថែមថា “ប្រតិបត្តិការជួយសង្គ្រោះទាំងមូលគឺពិបាកជាងការឆ្លើយតបគ្រោះមហន្តរាយភូគព្ភសាស្ត្រធម្មតាៗទៅទៀត។ តំបន់ឆ្លងកាត់ព្រំដែននេះត្រូវបានគេមើលឃើញនៅថ្ងៃអាទិត្យ គឺគ្របដណ្តប់ដោយបំណែកថ្ម និងក្រួស ជាមួយនឹងផ្កាចម្រុះពណ៌លឿងត្រូវបានដាក់នៅលើដីនៅក្នុងតំបន់គ្រោះមហន្តរាយ ដើម្បីជាការឧទ្ទិសដល់ជនរងគ្រោះ។ លោក Ren បាននិយាយថា គិតត្រឹមថ្ងៃសៅរ៍មុន គឺមានមនុស្ស៤៣នាក់បានស្លាប់នៅខាងភាគីព្រំដែនចិន និង ៥១៩នាក់ផ្សេងទៀតបានបាត់ខ្លួន។ ចំណែកនៅប្រទេសនេប៉ាល់វិញ អាជ្ញាធរបាននិយាយថា ទឹកជំនន់ល្បាក់ភក់ដ៏សាហាវនេះបានសម្លាប់មនុស្សជាង១៣០០នាក់ហើយ។ យោងតាមទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយរបស់ប្រទេសនេប៉ាល់ ទឹកជំនន់ទំនងជាបណ្តាលមកពីការដួលរលំផ្ទាំងទឹកកក ហើយមនុស្សជិត ៤៩០០ នាក់នៅតែបាត់ខ្លួននៅក្នុងប្រទេសអាស៊ីខាងត្បូងមួយនេះ។ លោក Zhou Zhidong អ្នកជួយសង្គ្រោះជនជាតិចិនម្នាក់បាននិយាយថា “ពេលខ្លះនៅចំពោះមុខធម្មជាតិ យើងគ្មានអំណាចទេ ព្រោះវាលើសពីដែនកំណត់នៃការយល់ឃើញ និង យល់ដឹងរបស់មនុស្សយើង។ លោកបានបន្ថែមថា «អ្វីដែលខ្ញុំអាចនិយាយបាននៅពេលនេះគឺថា ខ្ញុំមានអារម្មណ៍សោកសៅយ៉ាងខ្លាំង។ យើងកំពុងធ្វើអ្វីៗដែលត្រូវធ្វើ ក្រោមកាលៈទេសៈទាំងរបស់ធម្មជាតិតែប៉ុណ្ណោះ៕
សម្រួលអត្ថបទ៖ សុផារិន្ទ



