រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ពិធីប្រកាសចូលកាន់មុខតំណែងប្រធាន មន្ទីរធម្មការនិងសាសនាខេត្តកោះកុង

(ខេត្តកោះកុង) នៅព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦ នេះ ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសចូលកាន់មុខតំណែង របស់ លោក គង់ ចន្ទថុល្ល ប្រធានមន្ទីរធម្មការនិងសាសនា ខេត្តកោះកុង ក្នុងការបន្តនិរន្តរភាពការងារ និងពង្រឹងការដឹកនាំក្នុងវិស័យពុទ្ធចក្រ និងអាណាចក្រឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ដោយមានការ និមន្ត និងអញ្ជើញចូលរួមពីសំណាក់ព្រះមេគណទាំងពីរគណៈ និងព្រះមន្រ្តីសង្ឃគ្រប់ឋានានុក្រម លោកជំទាវ អុី នារីនេត អភិបាលរង តំណាងរបស់លោកជំទាវ ឈី វ៉ា អភិបាលនៃគណៈអភិបាល ខេត្តកោះកុង ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់ស្ថាប័ន រួមទាំងសាសនាថ្នាក់ដឹកនាំនិកាយសាសនា ផ្សេងៗ តាជី យាយជី យ៉ាងច្រើនកុះករ។

នៅក្នុងឱកាសនេះ ឯកឧត្តម  ចាយ បូរិន បានផ្តាំផ្ញើសាកសួរសុខទុក្ខរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជានិច្ចកាល សម្តេច ព្រមទាំងលោកជំទាវ តែងតែគិតគូរយកចិត្តទុក្ខដាក់ ពីសុខទុក្ខរបស់ព្រះសង្ឃនិងនិកាយសាសនាផ្សេងៗ ដែលជ្រកក្រោមដំបូលសុខដុមនីយកម្មរបស់ព្រះរាជាណាចក្រកម្ពុជា ។

ឯកឧត្តមរដ្ឋមន្រ្តី បានមានប្រសាសន៍សម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់នៃមន្ទីរធម្មការនិងសាសនាខេត្តកោះកុង ដែលបានខិតខំប្រឹងប្រែង លះបង់កម្លាំង កាយចិត្ត ប្រាជ្ញាស្មារតី ក្នុងការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលស្តីពីជំនឿសាសនា ដែលជា មូលដ្ឋាន គ្រឹះ ក្នុងការថែរក្សាសុខដុមរមនូបនីយកម្មសាសនា និងការលើកកម្ពស់ប្រព័ន្ធសីលធម៌សង្គម រហូតសម្រេចបាននូវសមិទ្ធផលជាច្រើនគួរជាទីមោទនៈ។ ការរៀបចំពិធីប្រកាសចូលកាន់មុខតំណែង របស់លោក គង់ ចន្ទថុល្ល ជាប្រធានមន្ទីរធម្មការនិងសាសនានាថ្ងៃនេះ គឺត្រូវបានធ្វើឡើងស្របតាម គោលការណ៍គ្រប់គ្រងរដ្ឋបាល និងការអភិវឌ្ឍធនធានមនុស្សរបស់រាជរដ្ឋាភិបាល ផ្អែកលើការវាយតម្លៃ យ៉ាងហ្មត់ចត់លើគុណវុឌ្ឍិ សមត្ថភាពវិជ្ជាជីវៈ បទពិសោធជាក់ស្តែង ភក្តីភាព និងគុណធម៌ របស់សាមីខ្លួន ដែលបានខិតខំបំពេញជូនអង្គភាព និងសង្គមជាតិនាពេលកន្លងមក។

ឯកឧត្តមរដ្ឋមន្រ្តី មានប្រសាសន៍បញ្ជាក់ថា ការផ្លាស់ប្តូរ និងតែងតាំងមុខតំណែងមន្ត្រីរាជការ មិនមែនជា យន្តការនៃការផ្លាស់ប្តូរបែបនីតិវិធីធម្មតានោះទេ ប៉ុន្តែជាគន្លឹះយុទ្ធសាស្ត្រដ៏មានសារៈសំខាន់ សម្រាប់បម្រើ ឱ្យការអនុវត្ត «យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១» របស់រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយភាពប្រាកដនិយមរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលមានចែងក្នុងមុំយុទ្ធសាស្ត្របញ្ចកោណយ៉ាងច្បាស់ថា ស្ថាប័នរដ្ឋបាលសាធារណៈ ត្រូវតែមានភាពរស់រវើក ហ្មត់ចត់ និងមានគណនេយ្យភាពខ្ពស់។ដូច្នេះ ការផ្លាស់ប្តូរ និងតែងតាំងថ្នាក់ដឹកនាំកម្រិតមន្ទីរនាពេលនេះ គឺជាកាលានុវត្តភាពដើម្បីធានាថា ក្បាលម៉ាស៊ីនដឹកនាំរបស់មន្ទីរមិនមានការរអាក់រអួល មិនមានភាពទំនេរផ្នែករចនាសម្ព័ន្ធ និងមានការបន្តវេនប្រកបដោយសាមគ្គីភាព និងសហថាមវន្តកម្ម។

ដើម្បីឲ្យការអនុវត្តការងាររបស់ លោកប្រធានមន្ទីរថ្មីកាន់តែមានប្រសិទ្ធភាព ឯកឧត្តម រដ្ឋមន្រ្តី បានផ្តល់នូវ អនុសាសន៍ជាគន្លឹះមួយចំនួនដូចខាងក្រោម៖

១.ត្រូវពង្រឹងអភិបាលកិច្ច និងសាមគ្គីភាពផ្ទៃក្នុង ត្រូវដើរតួជាស្នូលដឹកនាំ ប្រកបដោយគរុកោសល្យ និងព្រហ្មវិហារធម៌

២.ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការគ្រប់គ្រង វត្តអារាម អាស្រម និងមណ្ឌលសាសនា ឱ្យប្រតិបត្តិ ស្របតាមធម៌វិន័យ ច្បាប់រដ្ឋ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ពិនិត្យមើលលើការអនុវត្តសកម្មភាព គ្រប់និកាយសាសនា ដោយធានាឱ្យបាននូវសេរីភាពខាងជំនឿ និងសាសនា ដែលមានចែងក្នុង រដ្ឋធម្មនុញ្ញ។

៣.កម្ពុជាជាប្រទេសដែលមានពហុសាសនា នៅក្នុងរដ្ឋធម្មនុញ្ញព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ។ ដូច្នេះ មន្ទីរត្រូវយកចិត្តទុកដាក់លើកកម្ពស់សុខដុមរមនូបនីយកម្មសាសនា តាមរយៈការបន្តជំរុញ កិច្ចសន្ទនាអន្តរសាសនា ដើម្បីបង្កើតការយល់ដឹង ភាពអត់ឱន និងការគោរពគ្នាទៅវិញទៅមក និងត្រូវ មានវិធានការ បង្ការ ទប់ស្កាត់ និងដោះស្រាយរាល់បាតុភាពអសកម្ម ឬវិវាទសាសនាទាំងឡាយដោយ សន្តិវិធី តម្លាភាព និងយុត្តិធម៌ ដើម្បីកុំឱ្យបញ្ហាសាសនាក្លាយជាឧបករណ៍បំបែកបំបាក់សង្គម។

៤. ត្រូវពង្រឹងកិច្ចសហប្រតិបត្តិការអន្តរវិស័យ ពោលគឺ ការងារវិស័យធម្មការ និងសាសនា មិនអាចកាត់ ផ្តាច់ពីរដ្ឋបាលដែនដីបានឡើយ។ ដូច្នេះ ត្រូវបង្កើនទំនាក់ទំនង និងសហការយ៉ាងជិតស្និទ្ធជាមួយ គណៈអភិបាលខេត្ត អាជ្ញាធរមូលដ្ឋាន មន្ទីរជំនាញពាក់ព័ន្ធ ព្រះសង្ឃនិងគណៈកម្មការវត្តជាដើម ដើម្បីរួម គ្នា អភិវឌ្ឍវត្តអារាមឱ្យស្របទៅនឹងអភិក្រម ស ៣ របស់ក្រសួងធម្មការនិងសាសនាសម្រាប់វត្តអារាមគឺ វត្តស្អាត វត្តស្វាង វត្តស្ងប់ សាកសមជាមជ្ឈមណ្ឌលវប្បធម៌ អប់រំ និងទេសចរណ៍កែច្នៃ ព្រមទាំងជា ជម្រកពឹងផ្អែកខាងផ្លូវចិត្តដ៏រឹងមាំរបស់ប្រជាពលរដ្ឋ។

៥.ត្រូវប្រែក្លាយផែនការយុទ្ធសាស្ត្ររបស់ក្រសួងឱ្យទៅជាផែនការសកម្មភាពប្រកបដោយនវានុវត្តន៍ និងមុតស្រួច សំដៅបន្តអនុវត្តគោលនយោបាយ “លើកកម្ពស់សាសនារបស់រដ្ឋ តម្លៃសីលធម៌សង្គម និងសុខដុមនីយកម្មសាសនា” ស្របតាមយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១។

៦.សហការជាមួយគណៈសង្ឃខេត្តទាំង២គណៈ បន្តជួយដល់សង្គមជាតិ លើការលើកកម្ពស់គុណធម៌ សីលធម៌ សុជីវធម៌ ថែរក្សាវប្បធម៌ អរិយធម៌ ប្រពៃណី ទំនៀមទម្លាប់ដ៏ថ្លៃថ្លារបស់ជាតិ តាមរយៈ ការសម្តែងធម្មទេសនានៅគ្រប់ទីកន្លែង និងការផ្សព្វផ្សាយតាមបណ្តាញសង្គម ដើម្បីជួយឱ្យប្រជាជន កម្ពុជា មាននូវបញ្ញាស្មារតី ប្រកប ដោយព្រហ្មវិហារធម៌ កាត់បន្ថយ អំពើអនាចារ អបាយមុខ អំពើហិង្ស អសីលធម៌ និងចូលរួមជួយឱ្យសង្គមជាតិមាន សុខដុមរមនា និងពង្រឹងសាមគ្គីធម៌។

៧.សហការជាមួយគណៈសង្ឃខេត្តទាំង២គណៈ រៀបចំចងក្រងប្រវត្តិ វត្តពិស្តារ ដើម្បីឱ្យបរិស័ទ បានដឹងពីប្រវត្តិនៃការកកើតវត្តអារាម ពីដំណាក់កាលមួយទៅដំណាក់កាលមួយ និងរៀបចំផែនការ អភិវឌ្ឍវត្តអារាមពុទ្ធសាសនាប្រកបដោយចីរភាព ។

៨.សហការជាមួយមន្ទីរ និងអង្គភាពពាក់ព័ន្ធក្នុងខេត្ត ទប់ស្កាត់ជំនឿដោយគ្មានមូលដ្ឋានច្បាស់លាស់ ដូចជាគ្រូបារមី គ្រូសណ្ឋិត។ល។ ដែលបានបង្ហោះសកម្មភាព តាមបណ្តាញសង្គម ដើម្បីទាក់ទាញ ផលប្រយោជន៍ បង្កើតព្រឹត្តិការណ៍គ្មានសណ្តាប់ធ្នាប់ និងផ្សព្វផ្សាយបំពុលសង្គម ។

៩.បន្តជំរុញឱ្យគ្រប់វត្តអារាម ប្រញ៉ាប់ធ្វើការចុះបញ្ជីដីវត្តឱ្យបានរួចរាល់នៅទូទាំងខេត្ត។

១០.បន្តពង្រឹងគុណភាពវិស័យពុទ្ធិកសិក្សានៅគ្រប់កម្រិតទូទាំងខេត្ត តាមរយៈការលើកកម្ពស់គុណវុឌ្ឍិ គ្រូបង្រៀន ធ្វើបច្ចុប្បន្នភាពសាលា និងកម្មវិធីសិក្សាឱ្យឆ្លើយតបទៅតាមតម្រូវការ និងនិន្នាការ ប្រែប្រួលយ៉ាងឆាប់រហ័សទាំងនៅក្នុងប្រទេស តំបន់ និង សកលលោក។

១១.បន្តពង្រឹង និងអភិវឌ្ឍសមត្ថភាពស្ថាប័ន និងធនធានមនុស្សដើម្បីឆ្លើយតបទៅនឹងបរិវត្តកម្មឌីជីថល ។

ជាទីបញ្ចប់ ឯកឧត្តមរដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែរបស់ ព្រះមេគណ ព្រះមន្រ្តីសង្ឃ ថ្នាក់ដឹកនាំពាហិរសាសនា ទាំងឣស់ដែលបានចូលរួមចំណែកយ៉ាងសកម្មជាមួយមន្រ្តីធម្មការនិងសាសនា ដែលជាសេនាធិការរបស់ក្រសួង ក្នុងការឣភិវឌ្ឍសង្គមជាតិកន្លងមក  សូមប្រគេន និងជូនពរជ័យសិរីសួស្ដី ដល់អង្គពិធីទាំងមូល សូមប្រកបដោយពុទ្ធពរទាំង៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕