ខេត្តពោធិ៍សាត់ មានរោងចក្រដំឡើងរថយន្ត ផលិតគ្រឿងអេឡិចត្រូនិក កសិដ្ឋានចិញ្ចឹមគោយកសាច់ និងទឹកដោះស្រស់

ខេត្តពោធិ៍សាត់ ៖ ខេត្តពោធិ៍សាត់ ទទួលបានការចាប់អារម្មណ៍ពីក្រុមហ៊ុនវិនិយោគធំៗទាំងក្នុងស្រុក និងអន្តរជាតិ ខណៈក្រៅពីមានរោងចក្រដំឡើងរថយន្ត Ford និងរោងចក្រផលិតគ្រឿងអេឡិចត្រូនិក Minebea ខេត្តមួយនេះកំពុងទាក់ទាញគម្រោងវិនិយោគថ្មីៗបន្ថែមទៀត ជាពិសេសលើវិស័យកសិ-ឧស្សាហកម្ម ជាបន្តបន្ទាប់ និងមានការវិនិយោគកសិដ្ឋានចិញ្ចឹមគោយកសាច់ និងទឹកដោះស្រស់ ថែមទៀតផង។

លោក ឆែ វណ្ណសូដា ប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តពោធិ៍សាត់ បានលើកឡើងថា ការទាក់ទាញវិនិយោគិនធំៗមកបោះមូលដ្ឋានផលិតកម្មក្នុងខេត្ត ត្រូវបានជំរុញយ៉ាងសកម្មពីអាជ្ញាធរខេត្តគ្រប់លំដាប់ថ្នាក់ដើម្បីជំរុញសកម្មភាពឧស្សាហកម្ម បង្កើតការងារ និងរួមចំណែកដល់កំណើនសេដ្ឋកិច្ចមូលដ្ឋាន។

ក្រុមហ៊ុនដំឡើងរថយន្ត Ford និងក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិករបស់ជប៉ុន Minebea កំពុងងបោះមូលដ្ឋានផលិតកម្មនៅក្នុងខេត្តពោធិ៍សាត់ ខណៈកាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Sonavith ក៏បានចូលមកវិនិយោគលើគម្រោងកសិដ្ឋានចិញ្ចឹមគោយកសាច់ និងទឹកដោះស្រស់។

លោក ឆែ វណ្ណសូដា បានបញ្ជាក់ថា មិនត្រឹមតែមានក្រុមហ៊ុនធំៗដែលបានចូលមកវិនិយោគរួចហើយនោះទេ ក៏មានក្រុមហ៊ុនជាច្រើនទៀតកំពុងចុះសិក្សាពីសក្តានុពល និងឱកាសវិនិយោគនៅខេត្តពោធិ៍សាត់ ដែលភាគច្រើនផ្តោតលើវិស័យឧស្សាហកម្ម និងកសិ-ឧស្សាហកម្ម។

ក្រៅពីគម្រោងវិនិយោគធំៗ ខេត្តពោធិ៍សាត់ក៏មានសហគ្រាស និងសិប្បកម្មរាប់រយកន្លែងកំពុងដំណើរការខ្សែសង្វាក់ផលិតកម្ម និងបង្កើតការងារជាច្រើនសម្រាប់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

មហិច្ឆតារបស់ថ្នាក់ដឹកនាំខេត្តពោធិ៍សាត់ មិនត្រឹមតែទាក់ទាញរោងចក្រមកបោះទីតាំងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចង់បង្កើតជាបណ្តុំឧស្សាហកម្ម (Cluster Zone) ដើម្បីឱ្យរោងចក្រនិងសហគ្រាសនានាអាចមានខ្សែសង្វាក់ផ្គត់ផ្គង់នៅក្នុងមូលដ្ឋាន និងអាចផ្គត់ផ្គង់ទៅកាន់ទីផ្សារទូទាំងប្រទេស។

កាលពីពេលថ្មីៗនេះមានគម្រោងវិនិយោគរបស់ក្រុមហ៊ុន Sonavith លើកសិដ្ឋានចិញ្ចឹមគោយកទឹកដោះ និងរោងចក្រកែច្នៃ ដែលមានទីតាំងស្ថិតនៅស្រុកវាលវែង។ គម្រោងនេះអភិវឌ្ឍលើផ្ទៃដីប្រមាណ ១ ០០០ ហិកតា ជាមួយទុនវិនិយោគប្រមាណ ៦៨ លានដុល្លារ៕