កូនត្រី កូនបង្កងអូស្ត្រាលី និងខ្យងជាង ៩ម៉ឺនកូនត្រូវបានព្រលែងក្នុងស្រះទន្លេនាម ស្រុកអង្គរជ័យ ដើម្បីទុកជាប្រយោជសម្រាប់ពលរដ្ឋ
នៅរសៀលថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត និងឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី អនុប្រធាន សមាជិក សមាជិការ ក្រុមការងាររាជរដ្ឋភិបាលចុះមូលដ្ឋានខេត្តកំពត ព្រមទាំងអជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋ បានរៀបចំពិធីព្រលែងកូនត្រី កូនបង្កងអូស្ត្រាលី និងខ្យងសរុបចំនួន ៩២ ៥០០កូន ចូលទៅក្នុងស្រះទឹកទន្លេនាម ដែលស្ថិតក្នុងភូមិទន្លេនាម ឃុំចំប៉ី ស្រុកអង្គរជ័យ ខេត្តកំពត។ ការព្រលែងកូនត្រី កូនបង្កងអូស្ត្រាលី និងខ្យង គឺក្នុងគោលបំណងចិញ្ចឹមរួមគ្នាដើម្បីសេដ្ឋកិច្ច ការកែច្នៃប្រព័ន្ធទឹក និងការសន្សំបុណ្យតាមជំនឿព្រះពុទ្ធសាសនា។
អាជ្ញាធរខេត្ត ស្រុក រួមនឹងព្រះសង្ឃ ប្រជាពលរដ្ឋបានសំដែងការសប្បាយរីករាយ ក្រោយពេលមានការយកចិត្តទុកដាក់ពីសំណាក់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ពិសេស ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត និងឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត ដែលតែងតែគិតគូរពីតម្រូវការពិតប្រាកដ និងសុខទុក្ខប្រជាពលរដ្ឋគ្រប់មូលដ្ឋានក្នុងខេត្ត។ ទន្ទឹមនឹងនោះ ការព្រលែង កូនត្រី កូនបង្កងអូស្ត្រាលី និងខ្យងនាពេលនេះ ក៏ជាការបង្កើតប្រព័ន្ធចិញ្ចឹមចម្រុះ ដែលត្រីរស់នៅស្រទាប់លើ និងកណ្ដាល ខណៈបង្កងអូស្ត្រាលី និងខ្យងរស់នៅបាតស្រះ ដែលអនុញ្ញាតឱ្យកសិករទាញយកផលប្រយោជន៍ពេញលេញពីផ្ទៃស្រះតែមួយ។
សូមបញ្ជាក់ថា កូនត្រី កូនបង្កងអូស្ត្រាលី និងខ្យងសរុបចំនួន ៩២ ៥០០កូន ដែលត្រូវព្រលែងក្នុងស្រះទន្លេនាមនេះ រួមមាន៖ ត្រីប្រា ២៥ ០០០កូន, ត្រីពោ ៨ ០០០កូន, ត្រីឆ្ពិន ២៥ ០០០កូន, ត្រីក្រាញ់ ១០ ០០០កូន, ត្រីទីឡាបព្យា ៧ ០០០កូន, បង្កងអូស្ត្រាលី ២ ៥០០កូន និងខ្យង ១៥ ០០០កូន។ ស្រះទន្លេនាមនេះមានទំហំទទឹង ១៩០ម៉ែត្រ និងបណ្តាយ ២១០ម៉ែត្រ ជម្រៅ ៩ម៉ែត្រ ដែលស្រះនេះត្រូវបានស្តារឡើងវិញដោយក្រុមការាងររាជរដ្ឋាភិាបាលចុះមូលដ្ឋានខេត្តកំពត តាមការស្នើសុំរបស់ព្រះសង្ឃ និងប្រជាពលរដ្ឋ ដើម្បីទុកជាប្រយោជន៍រួមក្នុងការទាញយកទឹកប្រើប្រាស់សម្រាប់បំរើដល់វិស័យកសិកម្ម ក៏ដូចជាប្រើប្រាស់សម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ពលរដ្ឋដែលរស់នៅក្នុងភូមិទន្លេនាមទាំងមូលផងដែរ៕



