ឧត្តមសេនីយ៍ឯក លឹម តុងហួត : សិក្ខាកាមមកពីសាសនាចំនួន៥ ក្នុងខេត្តព្រះសីហនុទទួលបានចំណេះដឹងពីបញ្ហាគ្រឿងញៀន App NoDrug សម្រាប់ផ្សាយបន្តដល់បរិស័ទ។
ខេត្តព្រះសីហនុ ៖ ឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណៈ អគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្លែងបែបនេះក្នុងឱកាសដែលលោកដឹកនាំក្រុមការងារ ចែករំលែកចំណេះដឹង បទពិសោធន៍ ក្នុងសិក្ខាសាលាផ្សព្វផ្សាយអប់រំស្តីពី “ការលើកកម្ពស់ការយល់ដឹងពីផលប៉ះពាល់ នៃការប្រើប្រាស់គ្រឿងញៀន App NoDrug និងច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ក្នុងវិស័យអន្តរសាសនា” នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៦ នេះ ដែលមានសិក្ខាកាមសាសនាចំនួន៥ នៅខេត្តព្រះសីហនុ សរុបចំនួន ៥០០ អង្គ/នាក់ ។
លោក អ៊ួង យូហាន ប្រធានក្រុមប្រឹក្សាបណ្ដាញព្រះវិហារគ្រីស្ទបរិស័ទ បានថ្លែងអំណរគុណដល់វាគ្មិនដែលបានចែករំលែកចំណេះដឹង បទពិសោធន៍ពីបញ្ហាគ្រឿងញៀន App NoDrug និងច្បាប់ស្ដីពីការត្រួតពិនិត្យគ្រឿងញៀនដល់សិក្ខាកាមគ្រប់រូបសម្រាប់យកទៅផ្សព្វផ្សាយបន្តដល់បរិស័ទរៀងៗខ្លួន។
ក្នុងឱកាសនោះ ឧត្តមសេនីយ៍ឯក លឹម តុងហួត ជម្រាបឲ្យដឹងនិងកោតសរសើរដល់រដ្ឋបាលខេត្តព្រះសីហនុ ក្រុមប្រឹក្សាបណ្ដាញព្រះវិហារគ្រីស្ទបរិស័ទកម្ពុជា ដែលបានសហការសម្របសម្រួលដល់សាសនាធំៗនៅខេត្តព្រះសីហនុមកសិក្សាស្វែងយល់ ទទួលចំណេះដឹង បទពិសោធន៍ពីការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនដើម្បីផ្សព្វផ្សាយបន្តដល់បរិស័ទរៀងខ្លួនហើយការបញ្ជ្រាបខ្លឹមសារប្រឆាំងនឹងគ្រឿងញៀនឆាប់ជ្រាបនិងចាក់ចូលជ្រៅទៅដល់បរិស័ទខ្លួនបានរហ័សនោះគឺក្រុមការងារសាសនានីមួយៗត្រូវតែសកម្ម។
ឧត្តមសេនីយ៍ឯក លឹម តុងហួត បន្ថែមថា ចំណេះដឹងបទពិសោធន៍បញ្ហាគ្រឿងញៀន App NoDrug និងច្បាប់ស្ដីពីការត្រួតពិនិត្យគ្រឿងញៀន គឺជាទុនមួយ សម្រាប់ឲ្យសិក្ខាកាមមកពីសាសនាទាំង៥ គឺព្រះពុទ្ធសាសនា គ្រីស្ទសាសនា អ៊ីស្លាមសាសនា ពុទ្ធសាសនាមហាយាន សាសនាបាហៃ យកទៅផ្សព្វផ្សាយបន្តដើម្បី បង្ការខ្លួនឯង ក្រុមគ្រួសារ និងអ្នកជិតខាងជាបរិស័ទរបស់ខ្លួនកុំឲ្យទៅពាក់ព័ន្ធនឹងគ្រឿងញៀន និងប្រើប្រាស់App NoDrug ដើម្បីចំណេះដឹងនិងរាយការណ៍យកគ្រឿងញៀនចេញពីសហគមន៍ ។



