អាជ្ញាធរខេត្តមណ្ឌលគិរី រៀបចំយុទ្ធនាការលែងកូនត្រីពូជចម្រុះ ២០ម៉ឺនក្បាល ចូលក្នុងសហគមន៍ស្រះជម្រកត្រី និងទំនប់ទឹក ដើម្បីបង្កើនផលស្តុកត្រីធម្មជាតិ
ខេត្តមណ្ឌលគិរី ៖ រដ្ឋបាលខេត្តមណ្ឌលគិរី បានរៀបចំយុទ្ធនាការលែងកូនត្រីពូជចម្រុះសរុបចំនួន ២០ម៉ឺនក្បាល ចូលទៅក្នុងសហគមន៍ស្រះជម្រកត្រីទំនប់អូរតេធិបតី និងទំនប់សែនសុខដុម ដើម្បីចូលរួមចំណែកថែរក្សា បង្កើនផលស្តុកត្រីធម្មជាតិ និងទ្រទ្រង់ជីវភាពប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
ពិធីនេះបានប្រារព្ធឡើងនាព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៦ នៅភូមិពូរាំង ឃុំសែនមនោរម្យ ស្រុកអូររាំង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម គង់ គឹមនី អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី ព្រមទាំងមានការអញ្ជើញចូលរួមពីលោក-លោកស្រី អភិបាលរងខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត មេបញ្ជាការ មេបញ្ជាការរងកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ តំណាងក្រុមហ៊ុន ហ្គ្រីនស្បឺត អាជ្ញាធរស្រុកអូររាំង និងលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋជាច្រើននាក់។
ឯកឧត្តម គង់ គឹមនី អភិបាលខេត្តមណ្ឌលគិរី មានប្រសាសន៍ថា ប្រទេសកម្ពុជាមានសម្បត្តិជលផលដ៏សម្បូរបែប ហើយវិស័យជលផលជាផ្នែកមួយដ៏សំខាន់នៃធនធានជាតិ ដោយប្រជាពលរដ្ឋកម្ពុជាទទួលទានត្រីជាប្រភពប្រូតេអ៊ីនសំខាន់ប្រមាណ ៧១.៥% និងជាមធ្យម ៥២.៤ គីឡូក្រាមក្នុងម្នាក់/ឆ្នាំ។ ការលែងកូនត្រីនាពេលនេះ មិនត្រឹមតែជួយស្ដារ និងបង្កើនផលស្តុកត្រីធម្មជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកដល់ការកាត់បន្ថយភាពក្រីក្រ និងធានាសន្តិសុខស្បៀងជូនប្រជាពលរដ្ឋនៅតាមជនបទផងដែរ។
ឯកឧត្តម បានអំពាវនាវយ៉ាងទទូចដល់អាជ្ញាធរមូលដ្ឋាន កងកម្លាំងសមត្ថកិច្ច មន្ត្រីជំនាញ និងប្រជាពលរដ្ឋទាំងអស់ ត្រូវរួមគ្នាថែរក្សា និងការពារកូនត្រីដែលបានលែងទាំងនេះឱ្យបានល្អប្រសើរ ដោយត្រូវចៀសវាងដាច់ខាតនូវការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ ឬការចាប់កូនត្រីតូចៗទាំងនេះ និងត្រូវទុកលទ្ធភាពឱ្យពួកវាធំធាត់ ដើម្បីទាញយកផលប្រយោជន៍ប្រកបដោយនិរន្តរភាព។
លោកបណ្ឌិត សុង ឃាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរី បានឱ្យដឹងថា កូនត្រីពូជចម្រុះចំនួន ១៤ ប្រភេទ សរុប ២០ម៉ឺនក្បាល (ដែលទទួលបានការឧបត្ថម្ភគាំទ្រពីក្រុមហ៊ុន ហ្គ្រីនស្បឺត) ត្រូវបានបែងចែកលែងចូលក្នុងសហគមន៍ស្រះជម្រកត្រីទំនប់អូរតេធិបតី ស្ថិតក្នុងស្រុកអូររាំង ចំនួន ១៥ម៉ឺនក្បាល និងចំនួន ៥ម៉ឺនក្បាលទៀត ត្រូវបានលែងចូលក្នុងទំនប់សែនសុខដុម ស្ថិតក្នុងក្រុងសែនមនោរម្យ ៕



