ពិធីបិទសិក្ខាសាលាផ្សព្វផ្សាយស្តីពីផលប៉ះពាល់នៃគ្រឿងញៀន និងការប្រគល់វិញ្ញាបនបត្រជូនថ្នាក់ដឹកនាំអន្តរសាសនានៅខេត្តព្រះសីហនុ
ខេត្តព្រះសីហនុ៖ កម្មពិធីបិទសិក្ខាសាលាផ្សព្វផ្សាយអប់រំស្តីពី «ការលើកកម្ពស់ការយល់ដឹងពីផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងញៀន កម្មវិធីទូរស័ព្ទដៃ App NoDrug និងច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀនក្នុងវិស័យសាសនា» ព្រមទាំងពិធីប្រគល់វិញ្ញាបនបត្របញ្ចប់ការសិក្សាជូនដល់ថ្នាក់ដឹកនាំអន្តរសាសនាប្រចាំខេត្តព្រះសីហនុ នៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសេដ្ឋាច័ន្ទ ស្ថិតក្នុងភូមិ០៦ សង្កាត់លេខ០៤ ក្រុងព្រះសីហនុ។
ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោក-លោកស្រី ជាថ្នាក់ដឹកនាំសាសនានានាជុំវិញខេត្ត និងយុវជនស្ម័គ្រចិត្តគ្រីស្ទបរិស័ទកម្ពុជានៃក្រុមប្រឹក្សាបណ្តាញព្រះវិហារគ្រីស្ទបរិស័ទកម្ពុជាយ៉ាងច្រើនកុះករ។
ជាកិច្ចចាប់ផ្តើម លោក អ៊ួង យូហាន តំណាងក្រុមប្រឹក្សាបណ្តាញព្រះវិហារគ្រីស្ទបរិស័ទកម្ពុជា បានឡើងអានរបាយការណ៍ស្វាគមន៍ និងបូកសរុបលទ្ធផលការងារនៃអង្គសិក្ខាសាលា។ លោកបានបន្តរទៀតថា លទ្ធផលទទួលបាននាពេលនេះ គឺជាសាក្សីភាពយ៉ាងច្បាស់ដែលស្តែងឲ្យឃើញពីការយកចិត្តទុកដាក់ ប្រកបដោយជំនឿជាក់ និងស្មារតីមោះមុតក្នុងការចូលរួមយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ដែលជាអាទិភាពដ៏សំខាន់បំផុតរបស់រាជរដ្ឋាភិបាលកម្ពុជា។ ស្មារតីនេះស្របតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានថ្លែងថា «ដើម្បីចូលរួមលុបបំបាត់គ្រឿងញៀនទៅបាន ត្រូវការការចូលរួមពីសំណាក់ប្រជាពលរដ្ឋគ្រប់រូប តាមរយះការអប់រំ ការផ្សព្វផ្សាយ ការណែនាំសាច់ញៀតកុំអោយប៉ះពាល់ជាមួយគ្រឿងញៀន»។
ឯកឧត្តម សាយ សំអាល់ បានមានប្រសាសន៍ថា ប្រទេសកម្ពុជាជាប្រទេសដែលប្រកាន់ខ្ជាប់នូវគោលការណ៍សេរីពហុសាសនា ដោយសាសនានីមួយៗសុទ្ធតែមានសេរីភាពពេញលេញក្នុងការប្រតិបត្តិ និងរស់នៅជាមួយគ្នាយ៉ាងសុខសាន្ត។ ឯកឧត្តមបានបញ្ជាក់បន្ថែមថា បងប្អូនសាសនិក និងថ្នាក់ដឹកនាំគ្រប់សាសនាទាំងអស់ គឺជាកម្លាំងចលករសង្គមដ៏មានឥទ្ធិពល និងមានតួនាទីយ៉ាងសំខាន់ក្នុងការអប់រំ ពន្យល់ ណែនាំ និងជួយទប់ស្កាត់គ្រោះថ្នាក់នៃគ្រឿងញៀនចេញពីសហគមន៍។ ការផ្សព្វផ្សាយអំពីបច្ចេកវិទ្យាទំនើបដូចជា App NoDrug និងការយល់ដឹងពីច្បាប់ នឹងជួយឲ្យថ្នាក់ដឹកនាំសាសនាមានឧបករណ៍ និងចំណេះដឹងបន្ថែមក្នុងការការពារបរិស័ទរបស់ខ្លួន។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ក៏បានអញ្ជើញផ្តល់កិត្តិយសប្រគល់លិខិតសរសើរ និងវិញ្ញាបនបត្របញ្ជាក់ការសិក្សាជូនដល់ថ្នាក់ដឹកនាំអន្តរសាសនា និងយុវជនស្ម័គ្រចិត្តដែលបានបំពាក់បំប៉នចំណេះដឹងរួចរាល់ផងដែរ៕
អត្ថបទ ៖ កញ្ញា មឿន ស្រីមុំ
រូបភាព ៖ លោក និន សុផា



