ចូលដល់ថ្ងៃទី៨នេះមនុស្សស្លាប់កើនជាង១២០០នាក់ពីគ្រោះទឹកជំនន់ល្បាប់ក្នុងប្រទេសនេប៉ាល់! ហើយគេជឿជាក់ថាមានមនុស្សជិត១០០០នាក់ទៀតជាប់គាំងក្នុងរូងក្រោមដីនៃគម្រោងវារីអគ្គិសនីនានា
កងទ័ពនេប៉ាល់នៅតែបន្តស្វែងរកមនុស្សដែលបាត់ខ្លួនបន្ទាប់ពីទឹកជំនន់ដ៏សាហាវបានបោកបក់លើពួកគេកាលពីសប្តាហ៍មុន។ ក្រុមអ្នកជួយសង្គ្រោះបានចូលទៅក្នុងផ្លូវរូងក្រោមដីវារីអគ្គិសនីមួយនៅក្នុងតំបន់ Trishuli។ ក្នុងគម្រោងវារីអគ្គិសនី Upper Trishuli 3B មានបុគ្គលិកកងទ័ពនេប៉ាល់ចំនួន៦៧នាក់ និងអ្នកជំនាញបច្ចេកទេសចំនួន៣នាក់មកពីគម្រោងនេះកំពុងធ្វើការជាមួយឧបករណ៍ជំនីកដីដ៏ទំនើបនានា នេះបើយោងតាមអ្នកនាំពាក្យក្រសួងការបរទេសនេប៉ាល់ លោក Lok Bahadur Poudel។ ក្រុមស្វែងរក និងអ្នកជួយសង្គ្រោះឯកទេសក៏បានចូលរួមក្នុងប្រតិបត្តិការនេះផងដែរ។ បុគ្គលិកកងទ័ព និងកម្មករវារីអគ្គិសនីបានចូលទៅក្នុងផ្លូវរូងក្រោមដីវិញ ដើម្បីស្វែងរកមនុស្ស ព្រោះពួកគេជឿជាក់មានច្រើនជាប់គាំងនៅខាងក្នុង បន្ទាប់ពីមានទឹកជំនន់ល្បាប់ និងកម្ទេចកម្ទីថ្មបានបោកផ្ទប់ឆ្លងកាត់រូងក្រោមដីនោះ។ ខណៈដែលការស្វែងរកនៅតែបន្ត ក្រុមគ្រួសារមនុស្សបាត់ខ្លួននៅទីក្រុង Kathmandu បានប្រមូលផ្តុំគ្នាដើម្បីធ្វើពិធីបុណ្យសពនិមិត្តសម្រាប់ឧទ្ទិសដល់សាច់ញាតិរបស់ពួកគេដែលមិនទាន់បានរកឃើញ ដោយពួកគេជឿថាពួកគេពិតជាគ្មានជីវិតទេចូលដល់ថ្ងៃទី៨នេះ។ នៅវិហារ Pashupati មានក្រុមសាច់ញាតិបានរៀបចំរូបតំណាងឱ្យចម្លាក់ Ganesh Nepali និងបានធ្វើពិធីបុណ្យសពតាមបណ្តោយទន្លេ Bagmati ដូចពិតៗផងដែរ។ ពិធីនេះធ្វើឡើងតាមបទប្រពៃណីហិណ្ឌូដែលអនុញ្ញាតឱ្យក្រុមគ្រួសារធ្វើពិធីបុណ្យសពចុងក្រោយសម្រាប់មនុស្សជាទីស្រលាញ់ដែលគេជឿថាបានស្លាប់ ទោះបីជាសពមិនទាន់រកឃើញក៏ដោយ ដោយសមាជិកសព បានកោសក់ពិតប្រាកដដើម្បីកាន់ទុក្ខដល់ពួកគេ។ ពិធីបុណ្យសពនិមិត្តនេះត្រូវបានធ្វើឡើងទាំងនៅស្រុក Nuwakot ដែលជាតំបន់មួយក្នុងចំណោមតំបន់ដែលរងគ្រោះខ្លាំងបំផុតដោយសារទឹកជំនន់ល្បាក់ភក់។ នៅឯមជ្ឈមណ្ឌលប្រមូល DNA នៃមន្ទីរពេទ្យប៉ូលីសនេប៉ាល់ ក្នុងទីក្រុង Kathmandu វិញមានក្រុមសាច់ញាតិរបស់មនុស្សបាត់ខ្លួនក៏បានមកផ្តល់សំណាកឈាម ដើម្បីជួយដល់អាជ្ញាធរផ្ទៀងផ្ទាត់កំណត់អត្តសញ្ញាណសពដែលបានរកឃើញអំឡុងពេលស្វែងរក។ ពលរដ្ឋម្នាក់ឈ្មោះ Bikesh Thami បាននិយាយថាគាត់មិនអាចទាក់ទងបងប្រុសរបស់គាត់បានទេអស់រយៈពេល៨ថ្ងៃមកហើយ។ គាត់បាននិយាយថា “វាមានរយៈពេលប្រាំបីថ្ងៃហើយចាប់តាំងពីខ្ញុំបានបាត់បង់បងប្រុសរបស់ខ្ញុំ។ យើងមិនទាន់អាចទាក់ទងគាត់បានទេ ហើយសពរបស់គាត់ក៏មិនដឹងនៅទីណាឡើយទេ ដូច្នេះខ្ញុំបានមកទីនេះ ដើម្បីផ្តល់សំណាក DNA ស្វែងរកសពបងប្រុសខ្ញុំ។ យោងតាមតួលេខចុងក្រោយបំផុតពីអាជ្ញាធរនេប៉ាល់ បនាបញ្ជាក់ថាគ្រោះមហន្តរាយនេះបានសម្លាប់មនុស្សកើនដល់ ១២៥២នាក់ និងបានធ្វើឱ្យមនុស្សជាង ៤២០០នាក់បាត់ខ្លួន។ ប្រតិបត្តិការស្វែងរកកំពុងបន្តរហូតមកដល់ថ្ងៃនេះ ដោយក្នុងនោះមនុស្សមួយចំនួនធំត្រូវគេជឿជាក់ថាជាប់គាំងក្នុងគម្រោងវារីអគ្គិសនី ឬ អាចស្លាប់នៅខាងក្នុងរយៈពេល៨ថ្ងៃនេះ ខណៈការជួយសង្រ្គោះពិតជាស្មុគស្មាញខ្លាំងណាស់ មិនថាទីតាំងធម្មតា ឬ ក្នុងផ្លូវរូងក្រោមដីដែលខ្ទប់ទៅដោយល្បាក់ភក់នោះ។ ក្រសួងការបរទេសនេប៉ាល់បាននិយាយទៀតថា មានជនបរទេសចំនួន ៣២៤នាក់ត្រូវបានជួយសង្គ្រោះ ខណៈដែល៥៩០នាក់ផ្សេងទៀតមកពី៣៩ប្រទេសនៅតែបាត់ខ្លួននៅឡើយដែរ៕
សម្រួលអត្ថបទ៖ សុផារិន្ទ



