ព្យុះទីហ្វុង Saudel បង្កឱ្យមានភ្លៀងធ្លាក់ខ្លាំងទៅជាទឹកជំនន់ភ្លាមៗនៅភាគខាងត្បូងប្រទេសចិន ពន្លិចដីស្រែចំការ និង ភូមិឋានប្រជាពលរដ្ឋនៅខេត្ត Fujian
ព្យុះទីហ្វុង Saudel បានបង្កឱ្យមានភ្លៀងធ្លាក់ខ្លាំងនៅទូទាំងខេត្ត Fujian ភាគអាគ្នេយ៍នៃប្រទេសចិនចាប់ពីថ្ងៃព្រហស្បតិ៍នេះ ដែលជំរុញឱ្យមានការឆ្លើយតបជាបន្ទាន់ដើម្បីទប់ទល់នឹងទឹកជំនន់កម្រិតខ្ពស់បំផុតនេះ ខណៈដែលទឹកជំនន់បានជន់លិចទីក្រុង ពន្លិចដីស្រែចម្ការ និងភូមិឋាននានា។ ព្យុះ Saudel បានបោកបក់លើកទី៣ហើយរបស់ខ្លួននៅលើឆ្នេរសមុទ្រ Fujian នៅព្រឹកថ្ងៃព្រហស្បតិ៍មក ជាមួយនឹងខ្យល់បក់អតិបរមា២៣ម៉ែត្រក្នុងមួយវិនាទីនៅជិតចំណុចកណ្តាលរបស់វា នេះបើយោងតាមការសង្កេតមើលឧតុនិយមថ្នាក់ខេត្ត។ ភ្លៀងធ្លាក់ខ្លាំងបានធ្វើឱ្យកម្រិតទឹកកើនឡើងនៅទូទាំងទន្លេ និងដៃទន្លេភាគច្រើនរបស់ខេត្ត ដោយទីប្រជុំជន និងភូមិនានាត្រូវបានគេរាយការណ៍ថាមានទឹកហូររហៀរក្លាយជាទឹកជំនន់ រអិលបាក់ដី ពន្លិចផ្លូវ និងផ្ទះសម្បែងថែមទៀតផង។ រូបភាពពីលើអាកាសបានបង្ហាញពីទីក្រុង និងដីស្រែចម្ការជាច្រើនត្រូវលិចទឹកនៅទូទាំងខេត្ត ខណៈពេលដែលក្រុមជួយសង្គ្រោះត្រូវបានគេឃើញកំពុងជម្លៀសប្រជាជនដែលជាប់គាំងចេញ។ អាជ្ញាធរមូលដ្ឋាន និងក្រុមសង្គ្រោះបន្ទាន់ បានប្រញាប់ប្រញាល់ទៅកាន់កន្លែងដែលរងផលប៉ះពាល់ជាច្រើនដើម្បីសម្រួលចរាចរណ៍ សម្អាតកម្ទេចកម្ទី និងជួសជុលផ្លូវថ្នល់ដែលខូចខាត នេះបើយោងតាមការផ្សាយរបស់ទូរទស្សន៍រដ្ឋ CCTV៕
សម្រួលអត្ថបទ៖ សុផារិន្ទ



