ឯកឧត្តម ងឿន ច័ន្ទលីនប៉ូឡែន ដឹកនាំថ្នាក់ដឹកនាំ និងសមាជិក សមាជិកា សសយក ក្នុងវិស័យព័ត៌មាន អញ្ជើញគោរពវិញ្ញាណក្ខន្ធ ឯកឧត្តម តី ម៉ាលី អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន

ភ្នំពេញ៖ ឯកឧត្តម ងឿន ច័ន្ទលីនប៉ូឡែន អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា វិស័យព័ត៌មាន រួមជាមួយថ្នាក់ដឹកនាំ ព្រមទាំងសមាជិក សមាជិ កា សហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងវិស័យព័ត៌មាន នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ បានអញ្ជើញចូលរួមគោរពវិញ្ញា ណក្ខន្ធ ឯកឧត្តម តី ម៉ាលី អនុរដ្ឋលេខាធិការក្រសួងព័ត៌ មាន ដែលបានទទួលមរណភាពក្នុងជន្មាយុ ៦៨ឆ្នាំ ដោយជរាពាធ។

ក្នុងឱកាសដ៏សោកសៅ និងក្រៀមក្រំបំផុតនេះ ឯកឧត្តម ងឿន ច័ន្ទលីនប៉ូឡែន រួមជាមួយថ្នាក់ដឹកនាំ និងសមាជិក សមាជិកា សសយក ក្នុងវិស័យព័ត៌មាន បានសម្តែងនូវសមានទុក្ខយ៉ាងជ្រាលជ្រៅ និងសោកស្តាយជាពន់ពេក ចំពោះមរណភាពរបស់ឯកឧត្តម តី ម៉ាលី ដែលជាការបាត់បង់ដ៏ធំធេងមួយសម្រាប់ក្រុមគ្រួសារ សាច់ញាតិ ក៏ដូចជាក្រសួងព័ត៌មាន និងមន្ត្រីរាជការទាំងមូល។

ឯកឧត្តម តី ម៉ាលី ជាថ្នាក់ដឹកនាំមួយរូប ដែលបានលះបង់កម្លាំងកាយចិត្ត ពេលវេលា និងបទពិសោធន៍ ដើម្បីបំពេញតួនាទី និងភារកិច្ចបម្រើស្ថាប័ន និងជាតិមាតុភូមិ ជាពិសេសក្នុងវិស័យព័ត៌មាន។ ការខិតខំប្រឹងប្រែង និងការរួមចំណែករបស់ឯកឧត្តម ក្នុងការបំពេញភារកិច្ចជូនក្រសួងព័ត៌មាន នឹងត្រូវបានចងចាំ និងគោរពដ៏ខ្ពង់ខ្ពស់ពីសំណាក់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងអ្នករួមការងារ។

មរណភាពរបស់ឯកឧត្តម តី ម៉ាលី មិនត្រឹមតែជាការបាត់បង់សមាជិកគ្រួសារដ៏មានតម្លៃម្នាក់ប៉ុណ្ណោះទេ ប៉ុន្តែជាការបាត់បង់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការមួយរូប ដែលបានចូលរួមបំពេញភារកិច្ច និងចែករំលែកបទពិសោធន៍ជាច្រើនឆ្នាំក្នុងការងារស្ថាប័ន។ អនុស្សាវរីយ៍ល្អៗ គុណបំណាច់ និងស្នាដៃរបស់ឯកឧត្តម នឹងស្ថិតនៅក្នុងការចងចាំរបស់ក្រុមគ្រួសារ មិត្តរួមការងារ និងអ្នកដែលធ្លាប់បានរួមការងារជាមួយឯកឧត្តមជានិច្ច។

ក្នុងស្មារតីគោរព និងសោកស្តាយជាពន់ពេក ឯកឧត្តម ងឿន ច័ន្ទលីនប៉ូឡែន រួមទាំងថ្នាក់ដឹកនាំ និងសមាជិក សមាជិកា សសយក ក្នុងវិស័យព័ត៌មាន សូមចូលរួមរំលែកនូវសមានទុក្ខដ៏ជ្រាលជ្រៅជាមួយក្រុមគ្រួសារ សាច់ញាតិ និងក្រុមគ្រួសារនៃសព។ សូមជូនពរឱ្យក្រុមគ្រួសារមានកម្លាំងចិត្ត និងសេចក្តីអត់ធ្មត់ ដើម្បីឆ្លងកាត់នូវវេលាដ៏សោកសៅ និងការបាត់បង់ដ៏ធ្ងន់ធ្ងរនេះ។

សូមគោរព និងឧទ្ទិសនូវកតញ្ញូតាធម៌ចំពោះគុណបំណាច់ និងការលះបង់របស់ឯកឧត្តម តី ម៉ាលី ដែលបានបំពេញចំពោះជាតិ ស្ថាប័ន និងវិស័យព័ត៌មាន។ សូមវិញ្ញាណក្ខន្ធឯកឧត្តម បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។

សូមឱ្យគុណបំណាច់ និងអនុស្សាវរីយ៍ល្អៗរបស់ឯកឧត្តម តី ម៉ាលី ស្ថិតស្ថេរក្នុងការចងចាំរបស់យើងខ្ញុំជានិច្ចតរៀងទៅ៕