ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ៖ សកម្មភាពមីន គឺជាស្នូលនៃការអភិវឌ្ឍជាតិ ជាការប្តេជ្ញាចិត្តចំពោះប្រជាជន និងជាការសន្យាចំពោះមនុស្សជំនាន់ក្រោយ
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១ អាជ្ញាធរមីន បានលើកឡើងថា សកម្មភាពមីន មិនមែនជាការងារបន្ទាប់បន្សំនោះទេ គឺជាស្នូលនៃការអភិវឌ្ឍជាតិ ជាការប្តេជ្ញាចិត្តចំពោះប្រជាជនកម្ពុជា និងជាការសន្យាចំពោះមនុស្សជំនាន់ក្រោយ។
ការថ្លែងនេះធ្វើឡើងក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងពិធីប្រកាសផ្សព្វផ្សាយដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «គោលនយោបាយជាតិស្តីពីសកម្មភាពមីន ឆ្នាំ២០២៦–២០៣៥» នៅទីស្តីការគណៈរដ្ឋមន្ត្រី នាថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៦។
ឯកឧត្តមបណ្ឌិត លី ធុជ បានគូសបញ្ជាក់ថា សកម្មភាពមីនត្រូវបានរាជរដ្ឋាភិបាលចាត់ទុកជាផ្នែកសំខាន់នៃយុទ្ធសាស្ត្រអភិវឌ្ឍជាតិ ដោយភ្ជាប់ជាមួយ សន្តិសុខស្បៀង ការអភិវឌ្ឍជនបទ ការកាត់បន្ថយភាពក្រីក្រ ការកសាងហេដ្ឋារចនាសម្ព័ន្ធ និងការលើកកម្ពស់គុណភាពជីវិតប្រជាពលរដ្ឋ។
ឯកឧត្តមបានសង្កត់ធ្ងន់ថា សន្តិភាព គឺជាមូលដ្ឋានគ្រឹះនៃសកម្មភាពមីន និងបានសម្តែងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បិតាសន្តិភាព ដែលបានដឹកនាំប្រទេសឱ្យទទួលបានសន្តិភាព ស្ថិរភាព សាមគ្គីភាព និងការអភិវឌ្ឍ ព្រមទាំងបានបង្កើតមូលដ្ឋានដ៏រឹងមាំសម្រាប់ការបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម។
ក្រោមមូលដ្ឋានសន្តិភាពនេះ កម្ពុជាបានប្រែក្លាយដីដែលធ្លាប់ពោរពេញដោយមីន និងគ្រោះថ្នាក់ ទៅជាដីនៃ ក្តីសង្ឃឹម សេចក្តីថ្លៃថ្នូរ និងឱកាស។ ក្នុងរយៈពេលជាងបីទសវត្សរ៍ ការបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមបានកាត់បន្ថយយ៉ាងខ្លាំងនូវផលប៉ះពាល់ដល់ប្រជាជន ហើយដីដែលបានបោសសម្អាតកំពុងត្រូវបានប្រើប្រាស់សម្រាប់កសិកម្ម ការអប់រំ ហេដ្ឋារចនាសម្ព័ន្ធ និងការវិនិយោគ ជាដើម។
ឯកឧត្តមបណ្ឌិត លី ធុជ ក៏បានសម្តែងការដឹងគុណចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលបានផ្តល់ការយកចិត្តទុកដាក់ និងការគាំទ្រយ៉ាងមុតមាំដល់វិស័យសកម្មភាពមីន ដើម្បីការពារជីវិត និងសេចក្តីថ្លៃថ្នូររបស់ប្រជាពលរដ្ឋ និងរួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។
ឯកឧត្តមបានបញ្ជាក់ថា គោលនយោបាយជាតិថ្មីនេះ បាននាំមកនូវការផ្លាស់ប្តូរសំខាន់មួយ គឺ ការវាស់វែងភាពជោគជ័យ មិនត្រឹមតែតាមផ្ទៃដីដែលបានបោសសម្អាតទេ ថែមទាំងត្រូវវាស់តាមអ្វីដែលប្រជាជនអាចកសាង និងទទួលបានពីដីដែលបានបោសសម្អាតរួច។
ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត លី ធុជ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ប្រទេសម្ចាស់ជំនួយ ដៃគូអភិវឌ្ឍន៍ ប្រតិបត្តិករសកម្មភាពមីន សង្គមស៊ីវិល វិស័យឯកជន សប្បុរសជន និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមចំណែកក្នុងបេសកកម្មមនុស្សធម៌នេះ។ ការគាំទ្រ និងការចូលរួមរបស់គ្រប់ភាគី បានរួមចំណែកដោយផ្ទាល់ដល់ការការពារជីវិតប្រជាជន ការដោះស្រាយកេរដំណែលសង្គ្រាម និងការបើកលទ្ធភាពសម្រាប់ការអភិវឌ្ឍនៅតាមមូលដ្ឋាន។
ឯកឧត្តមបានអំពាវនាវឱ្យគ្រប់ភាគីពាក់ព័ន្ធ បន្តរួមដំណើរជាមួយកម្ពុជា ក្នុងដំណាក់កាលចុងក្រោយនៃការបោសសម្អាតមីន ដែលមានភាពស្មុគស្មាញ និងត្រូវការធនធានច្រើន ដើម្បីសម្រេចបាននូវគោលដៅកម្ពុជាមួយដែលរួចផុតពីផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម។
ជាចុងក្រោយ ឯកឧត្តមបានសង្កត់ធ្ងន់ថា ចក្ខុវិស័យរបស់គោលនយោបាយជាតិ គឺកសាង «កម្ពុជាមួយរួចផុតពីផលប៉ះពាល់នៃយុទ្ធភណ្ឌគ្រឿងផ្ទុះ» ដែលមានជីវភាពរស់នៅប្រកបដោយចីរភាព សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ។ គោលដៅនេះអាចសម្រេចបាន តាមរយៈការប្តេជ្ញាចិត្តរួមគ្នា ដើម្បីបញ្ចប់បេសកកម្មដែលកម្ពុជាបានចាប់ផ្តើមអស់រយៈពេលជាងបីទសវត្សរ៍មកហើយ។
ក្នុងឱកាសនោះផងដែរ ក៏មានការចូលរួមថ្លែងនូវសារអបអរសាទរពីតំណាងប្រទេសផ្តល់ជំនួយ ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន ដល់រាជរដ្ឋាភិបាលកម្ពុជា ដែលរៀបចំឱ្យមានគោលនយោបាយជាតិស្តីពីសកម្មភាពមីន ឆ្នាំ២០២៦-២០៣៥ ដែលជាឯកសារយុទ្ធសាស្រ្តដ៏មានសារ:សំខាន់ និងបង្ហាញពីចក្ខុវិស័យរបស់កម្ពុជា។
តំណាងប្រទេសផ្តល់ជំនួយ ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន បានវាយតម្លៃខ្ពស់ពីសមិទ្ធផលសកម្មភាពមីន ព្រមទាំងបានលេីកឡេីងពីរួមចំណែក និងការប្តេជ្ញាចិត្តក្នុងការបន្តគាំទ្រគោលដៅកម្ពុជាមួយគ្មានផលប៉ះពាល់ដោយយុទ្ធភណ្ឌគ្រឿងផ្ទុះ។




