ឯកឧត្តម ម៉ាង ស៊ីណេត ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ បានអញ្ជើញទទួលអំណោយមនុស្សធម៌ពីមន្ទីរ-អង្គភាព សប្បុរសជន និងអាជីវករ ដើម្បីចូលរួមគាំទ្រសកម្មភាពមនុស្សធម៌

ខេត្តព្រះសីហនុ៖ នៅរសៀលថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ ឯកឧត្តម ម៉ាង ស៊ីណេត ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ បានអញ្ជើញទទួលអំណោយមនុស្សធម៌ពីមន្ទីរ-អង្គភាព សប្បុរសជន និងអាជីវករ ដើម្បីចូលរួមគាំទ្រសកម្មភាពមនុស្សធម៌ និងការងារសង្គ្រោះបន្ទាន់របស់សាខា។ ការទទួលអំណោយលើកទី៤នេះ ស្ថិតក្នុងឱកាសខួបលើកទី១៦៣ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៦ ក្រោមមូលបទ «បន្តរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌»។ អំណោយដែលសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ ទទួលបានពីសប្បុរសជនមានថវិកាចំនួន ១១៤លាន ១០១ពាន់ ៨០០រៀល និង ៥២,៧៧៥ដុល្លារអាមេរិក។

ក្នុងឱកាសនោះ ឯកឧត្តម ម៉ាង ស៊ីណេត បាន ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជន មន្ទីរ-អង្គភាព និងអាជីវករ ព្រមទាំងគ្រប់មជ្ឈដ្ឋាន ដែលបានចូលរួមបរិច្ចាគថវិកា និងសម្ភារៈតាមសទ្ធាជ្រះថ្លា ដើម្បីគាំទ្រដល់បេសកកម្មមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា។ ឯកឧត្តមបានគូសបញ្ជាក់ថា ការចូលរួមរបស់សប្បុរសជន គឺជាកម្លាំងចលករដ៏សំខាន់ ដែលអាចឱ្យសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ មានធនធានបន្តផ្តល់សេវាមនុស្សធម៌ ឆ្លើយតបចំពោះសេចក្តីត្រូវការបន្ទាន់ និងជួយសម្រាលការលំបាករបស់ប្រជាពលរដ្ឋក្រីក្រ ជនងាយរងគ្រោះ ជនចាស់ជរា កុមារកំព្រា និងប្រជាពលរដ្ឋដែលជួបប្រទះគ្រោះមហន្តរាយ។ ជាមួយគ្នានេះ ឯកឧត្តម ម៉ាង ស៊ីណេត បានអំពាវនាវដល់សប្បុរសជន និងគ្រប់មជ្ឈដ្ឋាន បន្តចូលរួមគាំទ្រសកម្មភាពមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ ដើម្បីរួមគ្នាពង្រឹងភាពធន់របស់សហគមន៍ និងលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ ជាពិសេសអ្នកដែលកំពុងជួបការលំបាក និងត្រូវការជំនួយជាបន្ទាន់។ សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ ក៏បានបង្ហាញការរំពឹងទុកថា សប្បុរសជនពីគ្រប់មជ្ឈដ្ឋាន នឹងបន្តចូលរួមឧបត្ថម្ភថវិកា និងសម្ភារៈ ដើម្បីឱ្យសាខាអាចបន្តអនុវត្តបេសកកម្មមនុស្សធម៌ ប្រកបដោយប្រសិទ្ធភាព និងទាន់ពេលវេលា៕

អត្ថបទ៖ និន សុផារ