ឯកឧត្តម ឈួរ សុបញ្ញា : វិស័យធម្មការ និងសាសនា មានសក្តានុពលនិងតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមគាំពារមនុស្សវ័យចាស់ តាមរយៈការអប់រំសីលធម៌ ការលើកកម្ពស់គុណធម៌ និងសកម្មភាពសប្បុរសធម៌ ព្រមទាំងការផ្តល់ការគាំទ្រផ្លូវចិត្ត និងផ្លូវស្មារតីតាមរយៈវត្តអារាម និងស្ថាប័នសាសនា
រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃអង្គារ ៤រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី ១ ខែកញ្ញា ឆ្នាំ២០២៦ ដោយទទួលបានគោលការណ៍ឯកភាពពី ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានដឹកនាំកិច្ចប្រជុំពិភាក្សាពាក់ព័ន្ធនឹង ការងារគាំពារសង្គម និងការលើកកម្ពស់កិច្ចគាំពារមនុស្សវ័យចាស់ក្នុងវិស័យធម្មការ និងសាសនាជាមួយអង្គការការីតាសកម្ពុជា (Caritas Cambodia) នៅទីស្តីការក្រសួងធម្មការនិងសាសនា។កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសមាជិកក្រុមការងារ និងនាយកព្រមទាំងតំណាងអង្គការការីតាសកម្ពុជាសរុបចំនួន ១៥នាក់ ក្នុងគោលបំណងរួមគ្នាឈ្វេងយល់ និងពិភាក្សាអំពីតួនាទីរបស់វិស័យធម្មការ និងសាសនា ក្នុងការចូលរួមលើកកម្ពស់សុខុមាលភាពសង្គម ចំពោះមនុស្សវ័យចាស់ ដែលជាក្រុមមួយត្រូវការការគាំពារ ការថែទាំ និងការគោរពពីគ្រួសារ សហគមន៍ និងសង្គមទាំងមូល។ ការរៀបចំ «ផែនការយុទ្ធសាស្រ្តរយៈពេល៥ឆ្នាំស្តីពីកិច្ចគាំពារមនុស្សវ័យចាស់ក្នុងវិស័យធម្មការ និងសាសនា» ដើម្បីកំណត់ទិសដៅ គោលការណ៍ អាទិភាព និងយន្តការសម្រាប់ការចូលរួមរបស់វិស័យធម្មការ និងសាសនា ក្នុងការគាំពារ និងលើកកម្ពស់សុខុមាលភាព និងសេចក្តីថ្លៃថ្នូររបស់មនុស្សវ័យចាស់។
កិច្ចពិភាក្សាបានផ្តោតលើទស្សនៈថា ក្នុងក្របខណ្ឌនេះ វិស័យធម្មការ និងសាសនាអាចចូលរួមកាន់តែសកម្មក្នុងការលើកកម្ពស់ការគាំពារមនុស្សវ័យចាស់ តាមរយៈការអប់រំសីលធម៌ ការបណ្តុះស្មារតីកត្តញ្ញូ ការលើកកម្ពស់ទំនាក់ទំនងរវាងជំនាន់ និងការជំរុញឱ្យគ្រួសារ និងសហគមន៍មានការយកចិត្តទុកដាក់ចំពោះមនុស្សវ័យចាស់។ ព្រះសង្ឃ វត្តអារាម និងសហគមន៍សាសនា ក៏អាចក្លាយជាកន្លែងមួយសម្រាប់ផ្សព្វផ្សាយចំណេះដឹង និងគុណតម្លៃអំពីការគោរពមនុស្សវ័យចាស់ ការថែទាំអ្នកមានវ័យចំណាស់ និងការរួមចំណែកបង្កើតបរិយាកាសសង្គមដែលមនុស្សវ័យចាស់មានអារម្មណ៍ថា ពួកគាត់នៅតែមានតម្លៃ មានតួនាទី និងត្រូវបានសង្គមគោរព។ មនុស្សវ័យចាស់ជាធនធានមនុស្សដ៏មានតម្លៃរបស់សង្គម ដែលបានចូលរួមចំណែកក្នុងការកសាងគ្រួសារ សហគមន៍ និងសង្គមជាតិអស់រយៈពេលជាច្រើនទសវត្សរ៍។ ជាមួយគ្នានេះ ការផ្លាស់ប្តូររចនាសម្ព័ន្ធគ្រួសារ ការរស់នៅ ការធ្វើចំណាកស្រុក និងការកើនឡើងនៃតម្រូវការផ្នែកសុខុមាលភាពរបស់មនុស្សវ័យចាស់ បានបង្កើតនូវបញ្ហាប្រឈម និងតម្រូវការថ្មីៗ ដែលទាមទារឱ្យមានការឆ្លើយតបប្រកបដោយប្រព័ន្ធ និងការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ។
ក្នុងបរិបទនេះ វិស័យធម្មការ និងសាសនាមានតួនាទីសំខាន់ក្នុងការលើកកម្ពស់គុណតម្លៃមនុស្សធម៌ សីលធម៌ កត្តញ្ញូ កតវេទី មេត្តា ករុណា និងការគោរពចាស់ព្រឹទ្ធាចារ្យ ព្រមទាំងអាចចូលរួមផ្តល់ការគាំទ្រផ្លូវចិត្ត ផ្លូវស្មារតី និងសង្គមដល់មនុស្សវ័យចាស់ តាមរយៈវត្តអារាម ស្ថាប័នសាសនា និងសហគមន៍។ ដោយហេតុនេះ មានភាពចាំបាច់ក្នុងការរៀបចំ «ផែនការយុទ្ធសាស្រ្តរយៈពេល៥ឆ្នាំស្តីពីកិច្ចគាំពារមនុស្សវ័យចាស់ក្នុងវិស័យធម្មការ និងសាសនា» ដើម្បីកំណត់ទិសដៅ គោលការណ៍ អាទិភាព និងយន្តការសម្រាប់ការចូលរួមរបស់វិស័យធម្មការ និងសាសនា ក្នុងការគាំពារ និងលើកកម្ពស់សុខុមាលភាព និងសេចក្តីថ្លៃថ្នូររបស់មនុស្សវ័យចាស់។




