ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រី ក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអ្នកជំនាញទេសចរណ៍ បានអញ្ជើញជាអធិបតីក្នុងពិធីបិទ «សិក្ខាសាលាផ្សព្វផ្សាយជំនាញវិជ្ជាជីវៈទេសចរណ៍ អមដោយពិធីប្រគល់វិញ្ញាបនបត្រដល់សិក្ខាកាមវគ្គបណ្តុះបណ្តាលគ្រូបង្គោលជាតិ និងអ្នកវាយតម្លៃបង្គោលជាតិ នៃសេវាកម្មសណ្ឋាគារ ស្របតាមស្តង់ដាអាស៊ាន (ASEAN MRA-TP) ឆ្នាំ២០២៦»។
ក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រី បានអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះសិក្ខាកាមជ័យលាភីចំនួន ១៤៥រូប ក្នុងនោះស្ត្រី ៦៦រូប ដែលបានបញ្ចប់វគ្គបណ្តុះបណ្តាលរយៈពេល ៧ថ្ងៃដោយជោគជ័យ និងក្លាយជាគ្រូបង្គោលជាតិ និងអ្នកវាយតម្លៃបង្គោលជាតិ ស្របតាមស្តង់ដាអាស៊ាន ដើម្បីបន្តចែករំលែកចំណេះដឹង បណ្តុះបណ្តាល និងពង្រឹងសមត្ថភាពដល់សិស្ស និស្សិត និងបុគ្គលិកនៅតាមអង្គភាពរៀងៗខ្លួន។
ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការអភិវឌ្ឍមូលធនមនុស្សក្នុងវិស័យទេសចរណ៍ គឺជាការងារអាទិភាពដ៏សំខាន់ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ដែលកំណត់ «មនុស្ស» ជាអាទិភាពទី១។ ក្នុងគោលបំណងកសាង និងអភិវឌ្ឍមូលធនមនុស្សប្រកបដោយជំនាញ និងមានសមត្ថភាពប្រកួត ប្រជែង ឆ្លើយតបទៅនឹងគោលដៅ «ប្រជាពលរដ្ឋម្នាក់មានជំនាញ មួយយ៉ាងតិចប្រចាំជីវិត» និងអភិក្រម «រៀនឱ្យចេះ, រៀនឱ្យចប់, រៀន ឱ្យមានការងារធ្វើ»។
ក្នុងន័យនេះ ក្រសួងទេសចរណ៍បន្តយកចិត្តទុកដាក់លើការពង្រឹងគុណវុឌ្ឍិ សមត្ថភាព ជំនាញវិជ្ជាជីវៈ ក្រមសីលធម៌ និងផលិតភាព តាមរយៈការបណ្តុះបណ្តាលថ្មី និងបន្ថែម (Reskilling and Upskilling) ដើម្បីធានាការផ្តល់សេវាកម្មទេសចរណ៍ និងបដិសណ្ឋារកិច្ចប្រកបដោយគុណភាពខ្ពស់ និងភាពកក់ក្តៅជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិ។
ជាលទ្ធផលកន្លងមក ក្រសួងទេសចរណ៍ បានបញ្ជូនមន្ត្រីជំនាញចំនួន ៣០រូប ទៅចូលរួមវគ្គបណ្តុះបណ្តាលគ្រូបង្គោលអាស៊ាន និងអ្នកវាយតម្លៃបង្គោលអាស៊ាន និងបានបណ្តុះបណ្តាលបន្តដល់គ្រូបង្គោលជាតិ និងអ្នកវាយតម្លៃបង្គោលជាតិបានប្រមាណជាង ៨១៦រូប។ ជាមួយគ្នានេះ ក្រសួងបានទទួលស្គាល់សាលាបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍សរុបចំនួន ៩ទីតាំង ក្នុងនោះមាន ៤ទីតាំង អាចបណ្តុះបណ្តាលគុណវុឌ្ឍិអាស៊ានពេញលេញ។
គួរបញ្ជាក់ថា កម្ពុជាត្រូវបានទទួលស្គាល់ថាជាប្រទេសឈានមុខគេមួយក្នុងតំបន់អាស៊ាន ក្នុងការអនុវត្តកិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមកលើអ្នកជំនាញទេសចរណ៍អាស៊ាន (ASEAN MRA-TP)។ កម្ពុជាក៏ទទួលបានការគាំទ្រពីប្រទេសសមាជិកអាស៊ានឱ្យទទួលបន្ទុកលើការងារសំខាន់ៗ រួមមាន ការរៀបចំគោលការណ៍ណែនាំស្តីពីយន្តការវាយតម្លៃការសិក្សាពីមុន (RPL) សម្រាប់អ្នកជំនាញទេសចរណ៍អាស៊ាន និងការរៀបចំស្តង់ដាសមត្ថភាព និងកម្មវិធីសិក្សារួមស្តង់ដាអាស៊ានលើជំនាញស្ប៉ា។
បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា កម្ពុជាបានអនុវត្តការវាយតម្លៃសមត្ថភាពអ្នកជំនាញទេសចរណ៍ តាមរយៈយន្តការវាយតម្លៃការសិក្សាពីមុន (RPL) ដល់អ្នកជំនាញទេសចរណ៍ប្រមាណ ២,២០០នាក់ និងបានវាយតម្លៃទទួលស្គាល់មជ្ឈមណ្ឌលវាយតម្លៃសមត្ថភាពចំនួន ៤ទីតាំង រួមមាន៖ (១) មជ្ឈមណ្ឌល វាយតម្លៃ ប៉ូល ឌុយប្រ៊ូល ខេត្តសៀមរាប, (២) មជ្ឈ មណ្ឌល វាយតម្លៃ ប៉េ អេស អឺ រាជធានីភ្នំពេញ, (៣) មជ្ឈមណ្ឌលវាយតម្លៃវីត រាជធានីភ្នំពេញ, និង (៤) មជ្ឈមណ្ឌលវាយតម្លៃ ថាលាស រាជធានី ភ្នំពេញ។
ឯកឧត្តមរដ្ឋមន្ត្រី ក៏បានផ្តល់អនុសាសន៍ដល់គ្រូបង្គោលជាតិ និងអ្នកវាយតម្លៃបង្គោលជាតិ ឱ្យបន្តសហការជាមួយក្រសួងទេសចរណ៍ ជំរុញការបណ្តុះបណ្តាលខាងក្នុង (In-House Training) នៅតាមមូលដ្ឋានអាជីវកម្ម ព្រមទាំងជំរុញគ្រឹះស្ថានបណ្តុះបណ្តាលឱ្យបន្តពង្រឹងសមត្ថភាពគ្រូបង្រៀន ដើម្បីបណ្តុះបណ្តាលអ្នកជំនាញទេសចរណ៍ឱ្យមានកម្រិតកាន់តែខ្ពស់ ស្របតាមក្របខណ្ឌគុណវុឌ្ឍិជាតិ និងអាស៊ាន។
ទន្ទឹមនេះ ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំឱ្យបន្តជំរុញការវាយតម្លៃការសិក្សាពីមុន (RPL) ដល់អ្នកកំពុងបម្រើការងារ ពិនិត្យលទ្ធភាពពង្រីកការបណ្តុះបណ្តាលគ្រូបង្គោលជាតិ និងអ្នកវាយតម្លៃបង្គោលជាតិ សម្រាប់សេវាកម្មធ្វើដំណើរ ចាប់ពីឆ្នាំ២០២៧ និងបន្តអភិវឌ្ឍប្រព័ន្ធចុះបញ្ជីអ្នកជំនាញទេសចរណ៍កម្ពុជា (CTPRS) ដើម្បីសម្រួលដល់ការស្វ័យសិក្សា ការគ្រប់គ្រងការបណ្តុះបណ្តាល និងការផ្គូផ្គងការងារ (Job Matching)។
ជាចុងក្រោយ ឯកឧត្តមរដ្ឋមន្ត្រី បានអំពាវនាវដល់អ្នកជំនាញទេសចរណ៍ទាំងអស់ ឱ្យប្រកាន់ខ្ជាប់ស្មារតី «រៀនសូត្រពេញមួយជីវិត» ព្រមទាំងសីលធម៌ និងគុណធម៌ ដើម្បីរួមគ្នាផ្តល់សេវាកម្មជូនភ្ញៀវទេសចរប្រកបដោយបដិសណ្ឋារកិច្ចល្អឥតខ្ចោះ និងរួមចំណែកលើកកម្ពស់គុណភាព និងភាពប្រកួតប្រជែងនៃឧស្សាហកម្មទេសចរណ៍កម្ពុជា ប្រកបដោយគុណភាព និងចីរភាព ៕




