សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ដឹកនាំគណៈអចិន្ត្រៃយ៍រដ្ឋសភា អញ្ជើញគោរពវិញ្ញាណក្ខន្ធ និងបំពាក់គ្រឿងឥស្សរិយយស «ជាតូបការ» ជាកិច្ចបច្ឆាមរណៈ ជូនសព ឯកឧត្តមបណ្ឌិតសភាចារ្យ ច័ន្ទ សារុន

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ បានដឹកនាំគណៈអចិន្ត្រៃយ៍រដ្ឋសភា អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ ព្រមទាំងបំពាក់គ្រឿងឥស្សរិយយស «ជាតូបការ» ជាកិច្ចបច្ឆាមរណៈ និងនាំយកសារលិខិតចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំបំផុត ជូនចំពោះលោកជំទាវមហាឧបាសិកា សុខ កែវ ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាពរបស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ច័ន្ទ សារុន តំណាងរាស្ត្រមណ្ឌលខេត្តតាកែវ ដែលបានទទួលមរណភាពកាលពីវេលាម៉ោង ០០:២៩ នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ ក្នុងជន្មាយុ ៨១ ឆ្នាំ ដោយជរាពាធ។

ក្នុងបរិយាកាសដ៏សែនសោកសង្រេងនេះ សម្តេចរដ្ឋសភាធិបតី បានសម្តែងនូវសេចក្តីតក់ស្លុត រន្ធត់ចិត្តឥតឧបមា និងសោកស្តាយស្រណោះអាឡោះអាល័យជាទីបំផុត។ សម្តេចបានគូសបញ្ជាក់ថា មរណភាពរបស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ច័ន្ទ សារុន មិនត្រឹមតែជាការបាត់បង់នូវឧត្តមស្វាមី ឪពុកបង្កើត ឪពុកក្មេក ជីតា និងជីតាទួត ប្រកបដោយព្រហ្មវិហារធម៌ សង្គហធម៌ និងជាម្លប់ដ៏កក់ក្តៅរបស់ក្រុមគ្រួសារប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការបាត់បង់នូវកុលបុត្រខ្មែរ និងឥស្សរជនជាន់ខ្ពស់គំរូដ៏ឆ្នើមមួយរូប ដែលពោរពេញដោយបញ្ញាញាណ ឆន្ទៈ មនសិការស្នេហាជាតិ គតិបណ្ឌិតឈ្លាសវៃ និងបទពិសោធខ្ពស់។

ក្នុងមួយជីវិតនៃការបំពេញបេសកកម្មបម្រើជាតិ ឯកឧត្តមបណ្ឌិតសភាចារ្យ បានលះបង់កម្លាំងកាយចិត្ត ប្រាជ្ញា និងស្មារតី ក្នុងការរួមចំណែកពង្រឹងនីតិរដ្ឋ ថែរក្សាការពារសុខសន្តិភាព ស្ថិរភាពសង្គម ការបង្រួបបង្រួមជាតិ ឯកភាពជាតិ អធិបតេយ្យ និងបូរណភាពទឹកដី ព្រមទាំងបានចូលរួមយ៉ាងសកម្មក្នុងដំណើរការស្តារ និងអភិវឌ្ឍប្រទេសជាតិឱ្យមានការរីកចម្រើនរុងរឿងលើគ្រប់វិស័យ។ ទន្ទឹមនឹងនេះ ឯកឧត្តមតែងតែបរិច្ចាគកម្លាំងកាយចិត្ត និងធនធានប្រកបដោយសទ្ធាជ្រះថ្លា ក្នុងកិច្ចការមនុស្សធម៌ ជួយសង្គ្រោះជនក្រីក្រគ្មានទីពឹង កសាងសមិទ្ធផលសង្គម និងចូលរួមទ្រទ្រង់ លើកកម្ពស់វិស័យព្រះពុទ្ធសាសនាយ៉ាងច្រើនលើសលប់។

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី និងគណៈប្រតិភូរដ្ឋសភា សូមចូលរួមរំលែកនូវមរណទុក្ខដ៏ក្រៀមក្រំនេះជាមួយលោកជំទាវមហាឧបាសិកា និងក្រុមគ្រួសារសពទាំងអស់ ព្រមទាំងសូមឧទ្ទិសបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិក្នុងលោក និងតេជះបារមីនៃទេវតាថែរក្សាព្រះរាជាណាចក្រកម្ពុជា សូមតាមជួយបីបាច់ថែរក្សា និងប្រោះព្រំឱ្យដួងវិញ្ញាណក្ខន្ធរបស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ច័ន្ទ សារុន បានទៅសោយសុខក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕