ដំណើរការបោះពុម្ពលទ្ធផលប្រឡង ចាប់ដំណើរការនៅព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ នេះហើយ

ភ្នំពេញ៖ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា ក្រោមការដឹកនាំដោយ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញចុះពិនិត្យដំណើរការនៃការបោះពុម្ពលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ១០ សីហា ២០២៦ ក្រោមការចូលរួមពិនិត្យដោយអង្គភាពប្រឆាំងអំពើពុករលួយ ដើម្បីធានាបានថាគ្រប់ដំណាក់កាលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ប្រព្រឹត្តទៅដោយគោរពតាមគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន។

គ្រប់គណៈកម្មការនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ បានបំពេញភារកិច្ចរបស់ខ្លួន យ៉ាងយកចិត្តទុកដាក់ និងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។ សូមជម្រាបថា ក្រសួងអប់រំ យុវជន និងកីឡា កំណត់យកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ សម្រាប់ប្រកាសលទ្ធផលប្រឡងរាជធានី ខេត្តទាំង ២៥ នៅទូទាំងប្រទេស ព្រមទាំងមានផ្សាយនៅលើទំព័រហ្វេសប៊ុកផ្លូវការក្រសួងអប់រំ យុវជន និងកីឡា៕