មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន រៀបចំវគ្គបណ្តុះបណ្តាលស្តីពី «គន្លឹះនៃការត្រួតពិនិត្យ និងសង្កេតលើបញ្ញើសង្ស័យ» ជាមួយក្រុមហ៊ុន GRAB ដើម្បីលើកកម្ពស់សុវត្ថិភាព និងទំនុកចិត្តលើសេវាកម្ម GrabExpress

មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានសហការរៀបចំវគ្គបណ្តុះ បណ្តាលស្តីពី «គន្លឹះនៃការត្រួតពិនិត្យ និងសង្កេតលើបញ្ញើសង្ស័យ» ជាមួយក្រុមហ៊ុន GRAB ដែលជាកម្មវិធីអភិវឌ្ឍន៍ពហុវិស័យ (Superapp) ឈានមុខគេប្រចាំថ្ងៃនៅអាស៊ីអាគ្នេយ៍ ក្នុងគោលបំណងគាំពារសេវាកម្មដឹកជញ្ជូនបញ្ញើ តាមរយៈGrabExpress ឱ្យកាន់តែមានសុវត្ថិភាពខ្ពស់ សម្រាប់ទាំងអ្នកប្រើប្រាស់ និងដៃគូដឹកជញ្ជូន Grab ព្រមទាំងធានាថាមិនមានការចរាចរនូវ វត្ថុខុសច្បាប់នានាតាមប្រព័ន្ធGrabExpressឡើយ។

វគ្គបណ្តុះបណ្តាលនេះ រៀបចំឡើងដោយបំពាក់បំប៉នចំណេះដឹងយ៉ាងស៊ីជម្រៅពីសំណាក់មន្ត្រីជំនាញ ដល់ដៃគូដឹកជញ្ជូន Grab អាចយល់ដឹងកាន់តែច្បាស់ពីភាពខុសគ្នារវាងបញ្ញើសង្ស័យ ឬបញ្ញើខុសច្បាប់ និងបញ្ញើទូទៅ ដើម្បីលើកកម្ពស់សុវត្ថិភាព និងទំនុកចិត្តលើសេវាកម្ម GrabExpress នៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦។

លោក កង សុវណ្ណារ៉ូត នាយកគ្រប់គ្រង Grab ប្រចាំប្រទេសកម្ពុជា និងប្រទេសមីយ៉ាន់ម៉ា បានមាន ប្រសាសន៍ថា “នៅ Grab សុវត្ថិភាព និងភាពត្រឹមត្រូវតាមច្បាប់ គឺជាអាទិភាពចម្បង បំផុតរបស់យើង។
សេវាកម្ម GrabExpress ត្រូវបានបង្កើតឡើងដើម្បីផ្តល់ភាពងាយស្រួល និងទំនុកចិត្តដល់អតិថិជន ដូច្នេះការការពារមិនឱ្យមានការទាញយក ឬចរាចរទំនិញខុសច្បាប់ ផលប្រយោជន៍ គឺជាកាតព្វកិច្ច ដែលយើងយកចិត្តទុកដាក់ខ្ពស់បំផុត។ ការបំពាក់បំប៉នគន្លឹះបច្ចេកទេស និងការលើកកម្ពស់មនសិការ វិជ្ជាជីវៈដល់ដៃគូដឹកជញ្ជូនមិនត្រឹមតែជួយការពារពួកគាត់ក្នុងពេលបំពេញការងារប៉ុណ្ណោះទេ ប៉ុន្តែ ថែមទាំងរួមចំណែកយ៉ាងសំខាន់ជាមួយអាជ្ញាធរមានសមត្ថកិច្ចក្នុងការរក្សាសន្តិសុខសង្គមផងដែរ។”

ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ អ៊ិន សុង នាយករងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិបាន មានប្រសាសន៍ថា “ការចូលរួមយ៉ាងសកម្មពីក្រុមហ៊ុន Grab ក្នុងការបណ្តុះបណ្តាល ដៃគូដឹកជញ្ជូនរបស់ខ្លួន និងទប់ស្កាត់ការលួចចរាចរគ្រឿងញៀន គឺជាជំហានដ៏សំខាន់មួយក្នុងការបង្ការ និងទំនិញខុសច្បាប់តាមសេវាដឹកជញ្ជូន។ កិច្ចសហការនេះនឹងជួយពង្រឹងកិច្ចសហប្រតិបត្តិការរវាងសមត្ថកិច្ច និងក្រុមហ៊ុនឱ្យកាន់តែជិតស្និទ្ធ និងភាពសុខសាន្តជូនប្រជាពលរដ្ឋដើម្បីធានាសន្តិសុខ សុវត្ថិភាព។

វគ្គសិក្សានេះបានផ្តោតសំខាន់លើការពង្រឹងសមត្ថភាពដៃគូដឹកជញ្ជូនដោយផ្តល់ចំណេះដឹងលើសញ្ញាណសម្គាល់សំខាន់ៗ ដូចជា ទម្រង់វេចខ្ចប់ខុសប្រក្រតី ឥវ៉ាន់មិនច្បាស់លាស់ ឬទម្ងន់មិនសមាមាត្រនឹងទំហំ។ ការក្ដោបក្ដាប់គន្លឹះបច្ចេកទេស និងមនសិការវិជ្ជាជីវៈ៖ បង្កើនការប្រុងប្រយ័ត្ន និងលើកកម្ពស់មនសិការ វិជ្ជាជីវៈ(ដោយមិនឱ្យមានការបើកកញ្ចប់ឥវ៉ាន់របស់ភ្ញៀវជាដាច់ខាត) និងការយកចិត្តទុកដាក់ខ្ពស់ក្នុង ការពិនិត្យរាល់កញ្ចប់ទំនិញ មុននឹងទទួលដឹកជញ្ជូនឱ្យអតិថិជន។ ការទប់ស្កាត់បទល្មើស និងការពារ សន្តិសុខសង្គម៖ទប់ស្កាត់ការចរាចរទំនិញខុសច្បាប់នានា រួមមាន គ្រឿងញៀន អាវុធជាតិផ្ទុះ និងទំនិញ ហាមឃាត់ផ្សេងៗ ដើម្បីធានាសុវត្ថិភាពដល់ដៃគូដឹកជញ្ជូន និងសន្តិសុខសង្គមទាំងមូល។
ការសម្របសម្រួលកិច្ចសហការនេះ គឺបង្កើតបណ្តាញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រកបដោយចីរភាព រវាងស្ថាប័នត្រួតពិនិត្យមានសមត្ថកិច្ច និងក្រុមហ៊ុន Grab៕