ខេត្តប៉ៃលិន បើកទ្វារស្វាគមន៍ BRICS House Cambodia៖ ត្រៀមរុញកសិផល និងទេសចរណ៍ខ្មែរ វាយលុកទីផ្សាររុស្ស៊ី!
ព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានទទួលស្វាគមន៍ លោក Vladimir Palancica ប្រធាន BRICS House Cambodia និង លោកស្រី ខែក ខេមរ៉ាត់ ជាអនុប្រធាន ក្នុងដំណើរទស្សនកិច្ចសិក្សា និងស្វែងយល់អំពីស្ថានភាពទូទៅ ព្រមទាំងសក្តានុពលសេដ្ឋកិច្ច សង្គម កសិកម្ម និងទេសចរណ៍ក្នុងខេត្តប៉ៃលិន។
ដំណើរទស្សនកិច្ចនេះ មានគោលបំណងពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងភាគីពាក់ព័ន្ធ ក្នុងការស្វែងរកឱកាសវិនិយោគ និងជំរុញការអភិវឌ្ឍលើវិស័យដែលមានសក្តានុពល ជាពិសេសវិស័យកសិកម្ម និងការកែច្នៃកសិផល ដើម្បីបង្កើនតម្លៃបន្ថែម និងស្វែងរកទីផ្សារអន្តរជាតិ សម្រាប់ការនាំចេញកសិផលកម្ពុជាទៅកាន់ទីផ្សារប្រទេសរុស្ស៊ី និងទីផ្សារអន្តរជាតិផ្សេងទៀត។
ជាមួយគ្នានេះ ភាគីទាំងពីរក៏បានចាប់អារម្មណ៍លើសក្តានុពលវិស័យទេសចរណ៍ធម្មជាតិ និងអេកូទេសចរណ៍របស់ខេត្តប៉ៃលិន ដែលមានធនធានធម្មជាតិស្រស់ស្អាត អាកាសធាតុល្អ និងតំបន់ទេសចរណ៍ជាច្រើន ដែលអាចអភិវឌ្ឍទៅជាគោលដៅទេសចរណ៍ប្រកបដោយគុណភាព សម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។
ខេត្តប៉ៃលិនក៏ជាតំបន់ដែលមានសក្តានុពលខ្ពស់ក្នុងការផលិតបន្លែ ផ្លែឈើ និងកសិផលធម្មជាតិជាច្រើនប្រភេទ ដែលអាចបំពេញតម្រូវការទីផ្សារក្នុងស្រុក និងមានឱកាសពង្រីកទៅកាន់ទីផ្សារក្រៅប្រទេស។ ការភ្ជាប់រវាង ផលិតកម្មកសិកម្ម ទេសចរណ៍ធម្មជាតិ និងការវិនិយោគ អាចក្លាយជាកម្លាំងជំរុញដ៏សំខាន់សម្រាប់សេដ្ឋកិច្ចមូលដ្ឋាន និងបង្កើតឱកាសថ្មីៗជូនប្រជាពលរដ្ឋក្នុងខេត្ត។
តាមរយៈការចូលរួមរបស់ BRICS House Cambodia កិច្ចសហប្រតិបត្តិការនាពេលអនាគត ត្រូវបានរំពឹងថា នឹងជួយបើកច្រកទំនាក់ទំនងថ្មីៗជាមួយដៃគូអន្តរជាតិ ជាពិសេសការភ្ជាប់ខេត្តប៉ៃលិនទៅកាន់បណ្តាញវិនិយោគ និងទីផ្សាររបស់ប្រទេសរុស្ស៊ី ដើម្បីនាំយកផលិតផលកសិកម្មខ្មែរ និងសក្តានុពលទេសចរណ៍កម្ពុជាទៅកាន់ពិភពលោក។
ដំណើរទស្សនកិច្ចនេះ ក៏ជាជំហានមួយក្នុងការបង្កើតទំនាក់ទំនងផ្ទាល់រវាងមូលដ្ឋាន និងដៃគូអន្តរជាតិ ដើម្បីប្រែក្លាយសក្តានុពលដែលមានស្រាប់ ទៅជាឱកាសវិនិយោគ និងកិច្ចសហប្រតិបត្តិការដែលអាចផ្តល់ផលប្រយោជន៍ជាក់ស្តែង និងយូរអង្វែងដល់ខេត្តប៉ៃលិន និងប្រទេសកម្ពុជាទាំងមូល។




