អភិបាលខេត្តមណ្ឌលគិរី ចុះសួរសុខទុក្ខ និងចែកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ជូនដល់អតីតយុទ្ធជន និងគ្រួសារកងទ័ពខ្វះខាត

ខេត្តមណ្ឌលគិរី ៖ នាព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម គង់ គឹមនី អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមន្នី ហ៊ុន ម៉ាណែត ចែកជូនដល់អតីតយុទ្ធជន កងទ័ព និងក្រុមគ្រួសារកងទ័ព ដែលមានជីវភាពខ្វះខាតនៅក្នុងខេត្ត នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងមណ្ឌលគិរី។

ឯកឧត្តម គង់ គឹមនី អភិបាលខេត្តមណ្ឌលគិរី បាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខយ៉ាងកក់ក្តៅ និងសេចក្តីនឹករលឹកបំផុតពីសំណាក់ សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ជូនចំពោះបងប្អូនអតីតយុទ្ធជន កងទ័ព និងគ្រួសារកងទ័ពទាំងអស់ ដែលតែងតែស្ថិតនៅក្នុងបេះដូង និងជាអាទិភាពនៃការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលជានិច្ច។ ឯកឧត្តម អភិបាលខេត្ត បានសម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ វីរភាព និងគុណូបការៈរបស់អតីតយុទ្ធជន ដែលបានលះបង់សាច់ស្រស់ ឈាមស្រស់ បូជាកម្លាំងកាយចិត្ត និងសុខភាពផ្ទាល់ខ្លួនក្នុងបុព្វហេតុការពារជាតិ មាតុភូមិ និងចូលរួមយ៉ាងសកម្មក្នុងការស្វែងរកសុខសន្តិភាពពេញលេញជូនមាតុភូមិ។ ឯកឧត្តម បន្ថែមថា វីរភាពដ៏ឧត្តុង្គឧត្តមនេះ គឺជាគំរូដ៏ប្រពៃ និងជាគ្រឹះដ៏រឹងមាំសម្រាប់កូនចៅជំនាន់ក្រោយ។ ឯកឧត្តម បានគូសបញ្ជាក់ថា អំណោយដែលបាននាំយកមកចែកជូននាពេលនេះ គឺជាស្តែងឱ្យឃើញពីកាយវិការសប្បុរសធម៌ និងការយកចិត្តទុកដាក់ខ្ពស់បំផុតពីសំណាក់ សម្តេចធិបតី និងលោកជំទាវបណ្ឌិត ដែលជានិច្ចកាល តែងតែគិតគូរពីសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនកងទ័ព និងអតីតយុទ្ធជន ដោយមិនទុកឱ្យបងប្អូនណាម្នាក់រស់នៅក្នុងការបោះបង់ចោល ឬខ្វះខាតដោយគ្មានការយកចិត្តទុកដាក់នោះឡើយ។

អំណោយដ៏ថ្លៃថ្លារបស់ សម្តេចធិបតី និងលោកជំទាវបណ្ឌិត ដែលបានផ្តល់ជូនគ្រួសារនីមួយៗ នៅក្នុងខេត្តសរុបចំនួន ១២០គ្រួសារនាពេលនេះ រួមមាន៖ ក្នុងមួយគ្រួសារ ទទួលបាន គ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ដើម្បីជួយសម្រាលបន្ទុក ជូនពួកគាត់បានមួយកម្រិតផងដែរ៕