ឯកឧត្តម គីម វីរៈ អញ្ជើញដឹកនាំមន្រ្តីជំនាញចុះពិនិត្យស្ថានភាពទឹកជំនន់ និងផលប៉ះពាល់ប្រជាពលរដ្ឋ ក្នុងស្រុកចិត្របុរី និងក្រុងក្រចេះ
នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម គីម វីរៈ អនុប្រធាន និងជាអគ្គលេខាធិការ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម.) តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គ.ជ.គ.ម. បានអញ្ជើញចុះពិនិត្យស្ថានភាពទឹកជំនន់ និងផលប៉ះពាល់ប្រជាពលរដ្ឋនៅក្នុងស្រុកចំនួន ២ រួមមាន ភូមិព្រែកកូវ ឃុំបូសលាវ ស្រុកចិត្របូរី និងសង្កាត់រការកណ្តាល ក្រុងក្រចេះ។
ក្នុងនោះ ក៏មានការអញ្ជើញចូលរួមពី នាយករងរដ្ឋបាលខេត្ត មន្ត្រីលេខាធិការដ្ឋាន,ស្នងការដ្ឋាននគរបាល,មន្រ្តីជំនាញមកពីមន្ទីរជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាន និងមន្រ្តីកសិកម្មឃុំ។
ក្នុងឱកាសនោះ ឯកឧត្តម គីម វីរៈ បានណែនាំដល់អាជ្ញាធរមូលដ្ឋាន បន្តតាមដាន និងយកចិត្តទុកដាក់ប្រជាពលរដ្ឋ ដែលកំពុងរងផលប៉ះពាល់ដោយទឹកជំនន់ ឱ្យយកចិត្តទុកដាក់ខ្ពស់ចំពោះ សុខភាព និងសុវត្ថិភាពរបស់ខ្លួន និងក្រុមគ្រួសារ។
ទន្ទឹមនឹងនេះ ប្រជាពលរដ្ឋគួរយកចិត្តទុកដាក់លើអនាម័យ ទឹកស្អាត និងអាហារដែលមានសុវត្ថិភាព ដើម្បីការពារសុខភាព និងជៀសវាងជំងឺដែលអាចកើតមាន ក្នុងអំឡុងពេលទឹកជំនន់ និងក្រោយទឹកជំនន់។
អំឡុងពេលចុះពិនិត្យ ឯកឧត្តម គីម វីរៈ បានជំរុញ និងលើកទឹកចិត្ដដល់មន្ទីរជំនាញនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ និងនេសាទខេត្ត, មន្ទីរធនធានធានទឹក និងឧតុនិយមខេត្ត និងអាជ្ញាធរមូលដ្ឋានត្រូវប្រមូលទិន្នន័យឱ្យបានច្បាស់លាស់ ចំពោះលទ្ធភាពស្តារដំណាំស្រូវដែលរងការខូចខាត។
ឯកឧត្តម គីម វីរៈ បានស្នើឱ្យប្រជាកសិករស្តាប់ និងអនុវត្តតាមការណែនាំរបស់អាជ្ញាធរ មូលដ្ឋាននិងក្រុមការងារពាក់ព័ន្ធព្រមទាំងតាមដានព័ត៌មាន និងសេចក្តីជូនដំណឹងខត្ត ស្រុក ឃុំ ជាបន្តបន្ទាប់ ដើម្បីអាចចាត់វិធានការបានទាន់ពេលវេលា ប្រសិនបើស្ថានភាពទឹកមានការប្រែប្រួល។
គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នឹងបន្តសហការជាមួយរដ្ឋបាល ខេត្ត រដ្ឋបាលក្រុង-ស្រុក ឃុំ សង្កាត់ និងស្ថាប័នជំនាញពាក់ព័ន្ធ ដើម្បីបន្តតាម ដានស្ថានភាពទឹកជំនន់ វាយតម្លៃហានិភ័យ និងផលប៉ះពាល់ ព្រមទាំងជំរុញវិធានការឆ្លើយតបសមស្រប ដោយផ្តោតជាចម្បងលើការការពារអាយុជីវិតប្រជាពល រដ្ឋដែល ស្ថិតនៅក្នុងតំបន់ងាយរងគ្រោះ និងការធានាឱ្យមានការគាំទ្រចាំបាច់នៅដល់ប្រជាពលរដ្ឋបានជម្លៀស៕




