ខេត្តព្រះសីហនុ និងខេត្តអានហ្សាង ចុះហត្ថលេខាលើកំណត់ហេតុសហប្រតិបត្តិការរុករក និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម បន្តរទៀតនៅរដូវប្រាំងខាងមុខ

ខេត្តព្រះសីហនុ៖ គណៈកម្មការជំនាញខេត្តព្រះសីហនុ (ព្រះរាជាណាចក្រកម្ពុជា) និងគណៈកម្មការជំនាញខេត្តអានហ្សាង (សាធារណរដ្ឋសង្គមនិយមវៀតណាម) បានរៀបចំពិធីចុះហត្ថលេខាលើកំណត់ហេតុសហប្រតិបត្តិការ ស្ដីពីការរុករក ជីកគាស់ និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាម ដែលបានពលីជីវិតក្នុងសម័យសង្គ្រាមនៅកម្ពុជា សម្រាប់ដំណាក់កាលទី២៦ (រដូវប្រាំង ឆ្នាំ២០២៦-២០២៧) នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ ក្នុងក្រុងព្រះសីហនុ ។
ពិធីចុះហត្ថលេខានេះត្រូវបានចូលរួមដោយលោក ឯម ភាព អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ និងជាប្រធានគណៈកម្មការជំនាញខេត្ត រួមជាមួយ លោក ឡេ វ៉ាន់ភឿក អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការប្រជាជនខេត្ត និងជាអនុប្រធានគណៈកម្មការជំនាញខេត្តអានហ្សាង ដោយមានការចូលរួមពីប្រតិភូអមដំណើរ អាជ្ញាធរដែនដី និងកងកម្លាំងប្រដាប់អាវុធពាក់ព័ន្ធនៃខេត្តទាំងពីរ។

យោងតាមរបាយការណ៍បូកសរុប ក្រុមការងាររុករកនៃខេត្តអានហ្សាង បានអនុវត្តបេសកកម្មរុករកក្នុងភូមិសាស្ត្រខេត្តគោលដៅចំនួន ៦ រួមមាន ខេត្តព្រះសីហនុ កំពត កែប កោះកុង តាកែវ និងខេត្តកំពង់ស្ពឺ។ រហូតមកទល់ពេលនេះ ក្រុមការងារប្រមូលនិងធ្វើមាតុភូមិនិវត្តន៍បានចំនួន លទ្ធផលសរុប៤,៤១៤ អដ្ឋិធាតុ។ ភូមិសាស្ត្រខេត្តព្រះសីហនុរកឃើញ និងប្រមូលបានចំនួន ២០៨ អដ្ឋិធាតុ។

លោក ឯម ភាព បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងបានបញ្ជាក់ថា សកម្មភាពមនុស្សធម៌នេះ មិនត្រឹមតែជាការឆ្លើយតបទៅនឹងការបាត់បង់ និងការទន្ទឹងរង់ចាំរបស់គ្រួសារសពប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការសម្តែងនូវការដឹងគុណចំពោះពលិកម្មដ៏ធំធេងរបស់កងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាម ដែលបានជួយកម្ពុជានាពេលកន្លងមក។
លោកអភិបាលរងខេត្ត ក៏បានលើកឡើងពីបញ្ហាប្រឈមមួយចំនួនដូចជា ការប្រែប្រួលនៃស្ថានភាពភូមិសាស្ត្រ និងការបាត់បង់ប្រភពព័ត៌មានដោយសារសាក្សីប្រវត្តិសាស្ត្រ (ចាស់ៗជំនាន់មុន) ភាគច្រើនបានទទួលអនិច្ចកម្ម។ ដើម្បីដោះស្រាយបញ្ហានេះ លោកក៏បានណែនាំឱ្យអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ បន្តខិតខំស្រាវជ្រាវ និងផ្តល់ព័ត៌មានជូនក្រុមការងារឱ្យបានទាន់ពេលវេលា។ ជម្រុញ និងសម្របសម្រួលដល់ក្រុមការងារ K92 ដែលមានស្នាក់ការនៅខេត្តព្រះសីហនុ ឱ្យជួបការងាយស្រួល ព្រមទាំងត្រៀមខ្លួនដោះស្រាយរាល់បញ្ហាលំបាកនានាក្នុងអំឡុងពេលបំពេញបេសកកម្ម។

លោក ឡេ វ៉ាន់ភឿក បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ គណៈអភិបាលខេត្ត អាជ្ញាធរមូលដ្ឋាន និងប្រជាជនខេត្តព្រះសីហនុ ដែលតែងតែផ្តល់កិច្ចសហការយ៉ាងរលូន ប្រកបដោយសុវត្ថិភាពខ្ពស់។ ដោយសារអដ្ឋិធាតុយុទ្ធជនពលីមួយចំនួនទៀតមិនទាន់រកឃើញអស់ ភាគីទាំងពីរបានឯកភាពបន្តពង្រឹងកិច្ចសហប្រតិបត្តិការរួមគ្នា ដើម្បីស្វែងរកឱ្យអស់លទ្ធភាពក្នុងរដូវប្រាំង ឆ្នាំ២០២៦-២០២៧ ខាងមុខ ព្រមទាំងរួមចំណែកពង្រឹងមិត្តភាព និងទំនាក់ទំនងរវាងប្រជាជាតិទាំងពីរឱ្យកាន់តែរឹងមាំជានិរន្តរ៍។
អត្ថបទ៖ កញ្ញា មឿន ស្រីមុំ


រូបភាព ៖ លោក និន សុផា