ឯកឧត្តម ម៉ាង ស៊ីណេត អញ្ជើញសំណេះសំណាល និងជំរុញឱ្យមន្ត្រីមន្ទីរដែនដីខេត្តព្រះសីហនុ ពន្លឿនការផ្តល់ប័ណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ

ខេត្តព្រះសីហនុ៖ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចុះសំណេះសំណាល និងលើកទឹកចិត្តដល់មន្ត្រីរាជការ មន្ត្រីកិច្ចសន្យា និងក្រុមការងារស្ម័គ្រចិត្តចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តព្រះសីហនុ។ ពិធីនេះបានប្រព្រឹត្តទៅនៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ នៅសាលប្រជុំមន្ទីររៀបចំដែនដី ខេត្តព្រះសីហនុ ស្ថិតក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ។

លោក ចេង ស្រ៊ុង ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ខេត្ត បានឱ្យដឹងថា បច្ចុប្បន្ន មន្ទីរមានបុគ្គលិកសរុប ៨១នាក់ (ស្រី ១៥នាក់) មន្ត្រីកិច្ចសន្យា ២នាក់ (ស្រី) និងក្រុមការងារស្ម័គ្រចិត្តពី ៥០ ទៅ ៦០នាក់ ដោយបែងចែកជា ៦ការិយាល័យជំនាញ។

ពាក់ព័ន្ធនឹងវឌ្ឍនភាពនៃការផ្តល់សេវាសាធារណៈ និងការចុះបញ្ជីដីធ្លី លោកប្រធានមន្ទីរបានគូសបញ្ជាក់ថា ការចែកប័ណ្ណកម្មសិទ្ធិ កន្លងមក ប័ណ្ណកម្មសិទ្ធិអចលនវត្ថុដែលនៅសល់មានចំនួន ១០ ០៧១ប័ណ្ណ ហើយបានបន្តចែកជូនប្រជាពលរដ្ឋរហូតនៅសល់ ៩ ៦៧១ប័ណ្ណ។ ការមកទទួលប័ណ្ណក្នុងចំណោមប័ណ្ណជិត ១ម៉ឺននេះ ប្រជាពលរដ្ឋបានមកដកយកចំនួន ៣ ០១០ប័ណ្ណរួចរាល់ ខណៈប័ណ្ណជាង ៦ពាន់ទៀតកំពុងរង់ចាំម្ចាស់មកទទួល។ ក្នុងនោះ ម្ចាស់ដីខ្លះដែលមានការបំបែកពុះឡូត៍ មានប័ណ្ណរហូតដល់ជាង ៦០០ប័ណ្ណក្នុងម្នាក់ក៏មាន។ សម្រាប់កិច្ចសម្រួលនីតិវិធី មន្ទីរបានរៀបចំឯកសាររួចរាល់ដើម្បីបញ្ជូនទៅសាខាពន្ធដារខេត្ត ហើយមន្ត្រីជំនាញរង់ចាំសម្របសម្រួលជូនប្រជាពលរដ្ឋក្នុងការដកប័ណ្ណ និងបង់ពន្ធ ដោយមិនគិតពីពេលវេលាឡើយ ដើម្បីធានាថាដំណើរការនេះប្រព្រឹត្តទៅបានឆាប់រហ័ស។

ឯកឧត្តម ម៉ាង ស៊ីណេត បានគូសបញ្ជាក់ថា បញ្ហាដីធ្លីជារឿងសំខាន់ និងរសើបបំផុតសម្រាប់ប្រជាពលរដ្ឋ។ ការមានឯកសារអចលនវត្ថុត្រឹមត្រូវផ្តល់អត្ថប្រយោជន៍សំខាន់ៗ ៣ យ៉ាងគឺ ការពារផ្លូវច្បាប់ត្រូវធានាបាននូវ «ប័ណ្ណសម្គាល់ម្ចាស់អចលនវត្ថុ» ស្របច្បាប់។ តម្លៃហិរញ្ញវត្ថុអាចប្រើប្រាស់ជាទ្រព្យសកម្មផ្លូវការក្នុងការទទួលបានប្រភពទុន ឬប្រតិបត្តិការហិរញ្ញវត្ថុ។ សុវត្ថិភាពសង្គមធានាមិនឱ្យមានជម្លោះ និងជួយកាត់បន្ថយវិវាទដីធ្លីនៅក្នុងមូលដ្ឋាន។

ឯកឧត្តមអភិបាលខេត្ត បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះខិតខំបំពេញភារកិច្ចរបស់ថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់ ព្រមទាំងបានផ្តាំផ្ញើឱ្យបន្តស្មារតីទទួលខុសត្រូវខ្ពស់ ដោយចាត់ទុកខ្លួនជា «អ្នកបំរើប្រជាពលរដ្ឋ» ដោយសេចក្តីថ្លៃថ្នូរ។ ឯកឧត្តមក៏បានតម្រូវឱ្យមន្ទីរជួយសម្រួលនីតិវិធីរដ្ឋបាល បង្កើនកិច្ចសហការជាមួយអាជ្ញាធរមូលដ្ឋាន និងពន្លឿនការងារសេសសល់ទាំងឡាយ ឱ្យបានឆាប់រហ័ស ដើម្បីលើកកម្ពស់ជីវភាពរស់នៅ និងទំនុកចិត្តរបស់ប្រជាពលរដ្ឋក្នុងខេត្តព្រះសីហនុ៕

អត្ថបទ ៖ កញ្ញា មឿន ស្រីមុំ 

រូបភាព ៖ លោក អ៊ូ ជោត