ឯកឧត្តម វង សូត អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតបេឡារុស ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី
នៅវិមានរដ្ឋសភា នារសៀលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម វង សូត អនុប្រធានទី២ រដ្ឋសភា និងជាប្រធានក្រុមមិត្តភាពសភាកម្ពុជា-បេឡារុស បានអនុញ្ញាតឱ្យឯកឧត្តម Uladzimir Baravikou ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋបេឡារុស ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសដែលឯកឧត្តមអញ្ជើញមកចូលរួមសន្និសីទប្រធានសភានៃអន្តរសភាលើកទី២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
ក្នុងជំនួបនេះ ឯកឧត្តម វង សូត បានស្វាគមន៍យ៉ាងកក់ក្តៅ និងបានគូសបញ្ជាក់ពីសារៈសំខាន់នៃការបន្តពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ ឱ្យកាន់តែស៊ីជម្រៅ និងមានប្រសិទ្ធភាព។
ភាគីទាំងពីរបានរំលឹកថា កម្ពុជា និងបេឡារុស បានភ្ជាប់ទំនាក់ទំនងការទូតតាំងពីឆ្នាំ១៩៩៥ ហើយទំនាក់ទំនងទ្វេភាគីត្រូវបានពង្រឹងជាបន្តបន្ទាប់ តាមរយៈការផ្លាស់ប្តូរទស្សនកិច្ច និងជំនួបរវាងថ្នាក់ដឹកនាំជាន់ខ្ពស់ ព្រមទាំងការចុះហត្ថលេខាលើកិច្ចព្រមព្រៀង និងអនុស្សរណៈនៃការយោគយល់លើវិស័យសំខាន់ៗជាច្រើន។
ឯកឧត្តម វង សូត បានស្នើឱ្យបន្តពង្រឹងការផ្លាស់ប្តូរទស្សនកិច្ចរវាងថ្នាក់ដឹកនាំរដ្ឋសភា និងក្រុមមិត្តភាពសភានៃប្រទេសទាំងពីរ ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការក្នុងការបណ្តុះបណ្តាលមន្ត្រីអគ្គលេខាធិការដ្ឋសភា ដើម្បីលើកកម្ពស់សមត្ថភាព និងប្រសិទ្ធភាពការងារ។
ជាការឆ្លើយតប ឯកឧត្តមឯកអគ្គរដ្ឋទូតបានបញ្ជាក់ពីការយកចិត្តទុកដាក់របស់បេឡារុស ក្នុងការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ជាពិសេសលើវិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច វិនិយោគ កសិកម្ម និងគ្រឿងយន្តកសិកម្ម ព្រមទាំងបង្ហាញការត្រៀមខ្លួនក្នុងការពិភាក្សាបន្ថែម ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងសភានៃប្រទេសទាំងពីរ។
ឯកឧត្តមអនុប្រធានទី២រដ្ឋសភា គាំទ្រចំពោះលទ្ធផលនៃជំនួបរបស់ ឯកឧត្តមឯកអគ្គរដ្ឋទូត ជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា កាលពីខែមិថុនា កន្លងទៅ ដែលបានផ្តល់នូវកាលានុវត្តភាពបន្ថែមទៀត ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការស្ថាប័នសភា នៃប្រទេសយើងទាំងពីរ។ វត្តមានដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គរដ្ឋទូតបេឡារុសចូលរួមកិច្ចប្រជុំ ប្រធានសភានៃអន្តរសភា លើកទី២ គឺជាកិត្តិយសយ៉ាងធំធេង និងបានស្តែងឱ្យឃើញពីចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏រឹងមាំរវាងកម្ពុជា-បេឡារុស។
ឯកឧត្តម វង សូត បានសម្តែងការអបអរសាទរចំពោះការចូលរួមរបស់ឯកឧត្តមឯកអគ្គរដ្ឋទូតក្នុងសន្និសីទប្រធានសភានៃអន្តរសភាលើកទី២ ដែលជាកិត្តិយស និងជាសក្ខីភាពនៃចំណងមិត្តភាពដ៏រឹងមាំរវាងកម្ពុជា និងបេឡារុស។ ឯកឧត្តមបានសង្កត់ធ្ងន់ពីសារៈសំខាន់នៃសន្និសីទនេះ ក្នុងការកសាងទំនុកចិត្ត តាមរយៈកិច្ចសន្ទនា និងការការពារសន្តិភាព ដោយផ្អែកលើមូលដ្ឋានច្បាប់អន្តរជាតិ។
ជាទីបញ្ចប់ ភាគីទាំងពីរបានបង្ហាញជំនឿថា លទ្ធផលនៃជំនួបនេះ នឹងរួមចំណែកដល់ការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងសភានៃប្រទេសទាំងពីរ ឱ្យកាន់តែជិតស្និទ្ធ និងមានប្រសិទ្ធភាព ដើម្បីបម្រើផលប្រយោជន៍របស់ប្រជាជន និងប្រទេសទាំងពីរ៕

















