នៅពីក្រោយមជ្ឈមណ្ឌលព្យាបាលជំងឺអេបូឡានៅកុងហ្គោគឺជាការជំរុញដើម្បីទទួលបានទំនុកចិត្តពីសហគមន៍នានា! ស្របពេលដែលករណីឆ្លងកើនដល់៥.៥១៤ និងស្លាប់កើន២.៦៤២នាក់

ខណៈពេលដែលការផ្ទុះឡើងនៃជំងឺអេបូឡានៅតែបន្តរីករាលដាលនៅភាគខាងកើតនៃសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ការអំពាវនាវកំពុងកើនឡើងជាបន្តដែរ សម្រាប់កិច្ចសម្របសម្រួលឲ្យកាន់តែប្រសើរឡើងលើការឆ្លើយតបនៃជំងឺអេបូឡាជាមួយសហគមន៍ក្នុងតំបន់ និងមេដឹកនាំសហគមន៍ផ្ទាល់។ នៅថ្ងៃអង្គារ ទី២៥ ខែសីហាកន្លងទៅ នៅតំបន់ Beni លោក Papy Kasereka ជាអតីតប្រធានក្រុមទំនាក់ទំនងគ្រោះហានិភ័យ និងមានការចូលរួមពីសហគមន៍អំឡុងពេលផ្ទុះឡើងនៃជំងឺអេបូឡាលើកទី១០ ឥឡូវនេះលោកបានក្លាយជាអ្នកវិភាគស្ថានការណ៍ និងបាននិយាយអំពីចំណុច ខ្សោយពីការឆ្លើយតបនៃស្ថានភាពជំងឺអេបូឡាបច្ចុប្បន្ន។ លោក Kasereka បានមានប្រសាសន៍ថា “យើងមិនត្រូវបន្តចាត់ទុក ETCs ថាជាអ្វីមួយដែលអាថ៌កំបាំងនោះទេ។ យើងត្រូវធ្វើវាឱ្យបានច្បាស់អំពីប្រតិបត្តិការរបស់ ETCs ដោយផ្តល់ឱកាសឱ្យមេដឹកនាំសហគមន៍ទៅត្រួតពិនិត្យពីវា និងមើលអ្វីដែលកំពុងកើតឡើង។ លោកបានបន្ថែមថា “ដូច្នេះវាមានសារៈសំខាន់ណាស់ក្នុងការបើកទ្វារមជ្ឈមណ្ឌលព្យាបា លជំងឺអេបូឡា (ETCs) ដល់សមាជិកសហគមន៍ និងមេដឹកនាំសហគមន៍ ដើម្បីឱ្យអ្នកដែលជាសះស្បើយអាចទំនាក់ទំនងដោយផ្ទាល់ជាមួយសហគមន៍ចែករំលែកបាន។ ដែលកត្តាទាំងនេះនឹងជួយធ្វើឱ្យមានភាពច្បាស់អំពីការគ្រប់គ្រង ETCs”។ ទិន្នន័យរបស់ក្រសួងសុខាភិបាលកុងហ្គោបានបង្ហាញថា គិតត្រឹមថ្ងៃសៅរ៍នេះ ការផ្ទុះឡើងនៃជំងឺអេបូឡាបានកត់ត្រានូវករណីឆ្លងចំនួន ៥.៥១៤ករណី និងមានអ្នកស្លាប់ចំនួន ២.៦៤២នាក់ រួមទាំងករណីស្លាប់ចំនួន៣១៧នាក់ផងដែរក្នុងរយៈពេល៧ថ្ងៃមុន។ ប៉ុន្តែអ្នកជំនាញកុងហ្គោបាននិយាយថា ការផ្ទុះឡើងដែលបានចាប់ផ្តើមប៉ុន្មានសប្តាហ៍មុនពេលវាត្រូវបានគេបញ្ជាក់ អាចមានទំហំគុណនឹង៣ដងនៃទំហំដែលគេដឹងជាក់លាក់។ នេះគឺជាការផ្ទុះឡើងនៃជំងឺអេបូឡាដែលរីកលូតលាស់លឿនបំផុតក្នុងប្រវត្តិសាស្ត្រ ដោយមានមនុស្សជាច្រើនបានស្លាប់នៅខាងក្រៅមជ្ឈមណ្ឌលព្យាបាលជំងឺ៕

សម្រួលអត្ថបទ៖ សុផារិន្ទ