ក្រសួងព័ត៌មានអំពាវនាវឱ្យអ្នកសារព័ត៌មាន និងយុវជន ក្លាយជាកម្លាំងចលករផ្សព្វផ្សាយព័ត៌មានពិតត្រឹមត្រូវស្តីពីសន្និសីទប្រធានសភា ISC-2 ដើម្បីលើកកម្ពស់កិត្យានុភាពជាតិ

រាជធានីភ្នំពេញ៖ ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានអំពាវនាវយ៉ាងទទូចដល់អ្នកសារព័ត៌មាន និងក្រុមយុវជន ឱ្យរួមគ្នាក្លាយជាកម្លាំងចលករផ្សព្វផ្សាយព្រឹត្តិការណ៍សន្និសីទប្រធានសភានៃអន្តរសភាលើកទី២ (ISC-2) ឱ្យបានទូលំទូលាយទៅកាន់ពិភពលោក ដើម្បីបង្ហាញពីសមត្ថភាព ភាពជាម្ចាស់ និងរំលេចនូវមោទនភាពជាតិ រួមទាំងកិត្យានុភាពរបស់កម្ពុជាលើឆាកអន្តរជាតិ។

ថ្លែងចេញពីមណ្ឌលព័ត៌មាន(Media Center) នៃសន្និសីទ ISC-2 ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានបញ្ជាក់ថា ការធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទ ISC-2 ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ នាអគារអគ្គនាយកដ្ឋានពន្ធដារ រាជធានីភ្នំពេញ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏ថ្លៃថ្លារបស់កម្ពុជាលើឆាកអន្តរជាតិ។ ឯកឧត្តមបានគូសរំលេចថា ព្រឹត្តិការណ៍កម្រិតពិភពលោកនេះ រៀបចំឡើងក្រោមមូលបទ «សាមគ្គីភាពដើម្បីសន្តិភាព និងវិបុលភាពរួម៖ ពង្រឹងច្បាប់អន្តរជាតិ និងដោះស្រាយជម្លោះដោយសន្តិវិធី»។

ឯកឧត្តមអនុរដ្ឋលេខាធិការបានគូសបញ្ជាក់ថា ការធ្វើជាម្ចាស់ផ្ទះរៀបចំ «សន្និសីទប្រធានសភានៃអន្តរសភាលើកទី២ (ISC-2)» គឺជាឱកាសយុទ្ធសាស្ត្រដ៏សំខាន់សម្រាប់កម្ពុជា ក្នុងការបង្ហាញពី «មរតកសន្តិភាព» និងរំលេចបទពិសោធន៍ប្រវត្តិសាស្ត្រ នៃការប្រែក្លាយជាតិពីប្រទេសដែលជួបវិបត្តិជម្លោះផ្ទៃក្នុងជិត ៣ទសវត្សរ៍ ឱ្យទៅជាប្រជាជាតិមួយដែលមានការបង្រួបបង្រួមជាតិ ការកសាងសន្តិភាព និងការអភិវឌ្ឍយ៉ាងឆាប់រហ័ស។

ឯកឧត្តមក៏បានគូសរំលេចបន្ថែមថា ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក និងបរទេស គឺជាស្ពានចម្លងព័ត៌មានដ៏សំខាន់ ដើម្បីផ្តល់ព័ត៌មានពិត លឿន ប្រកបដោយសុក្រិតភាព និងគុណភាពស្តីពីរាល់សកម្មភាព និងខ្លឹមសារពីទីរៀបចំសន្និសីទនេះទៅកាន់ប្រជាពលរដ្ឋទាំងក្នុង និងក្រៅប្រទេស ពិសេសដើម្បីបង្ហាញអំពី កិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់បណ្តាប្រទេសនានា រួមទាំងកម្ពុជា ក្នុងការដោះស្រាយបញ្ហា និងជម្លោះផ្សេងៗដោយសន្តិវិធី ដោយឈរលើមូលដ្ឋានគ្រឹះនៃច្បាប់អន្តរជាតិ។

ជាងនេះទៀត ការចូលរួមយ៉ាងសកម្មរបស់ប្រជាពលរដ្ឋ ជាពិសេសក្រុមយុវជន ដែលជាកម្លាំងឌីជីថលដ៏មានឥទ្ធិពល ក្នុងការចែករំលែក និងផ្សព្វផ្សាយព័ត៌មានវិជ្ជមានពី ISC-2 គឺជាកាតព្វកិច្ចពលរដ្ឋគំរូ ក្នុងការរួមគ្នាកសាងរូបភាពវិជ្ជមាន ការពារកិត្យានុភាពជាតិ និងបង្ហាញពិភពលោកពីសន្តិភាព និងស្ថិរភាពដ៏រឹងមាំនៅកម្ពុជា។

‎​ «សូមលើកទឹកចិត្ត សម្រាប់ប្រជាពលរដ្ឋវ័យក្មេងរបស់យើង យុវជនរបស់យើង ដែលកំពុងតែតាមដាននូវព្រឹត្តិការណ៍នេះដែរ សូមចូលរួមទាំងអស់គ្នា ក្នុងការចែករំលែកព័ត៌មានពីប្រព័ន្ធផ្សព្វផ្សាយដែលកំពុងតែធ្វើការផ្សាយ នូវព័ត៌មានស្តីអំពីសន្និសីទនេះ គឺបន្តចែករំលែកឱ្យបានច្រើននៅលើបណ្តាញទំនាក់ទំនងសង្គម ជាពិសេសដើម្បីធ្វើយ៉ាងណាឱ្យព័ត៌មានស្តីអំពីសន្និសីទកម្រិតអន្តរជាតិរបស់យើងនេះ បានខ្ចរខ្ចាយ បានផ្សព្វផ្សាយទូលំទូលាយទៅលើពិភពលោក។»

ឯកឧត្តមបានមានប្រសាសន៍បន្ថែមថា ព្រឹត្តិការណ៍នេះ ក៏ជាវេទិកាយុទ្ធសាស្ត្រក្នុងការបង្ហាញទៅកាន់ពិភពលោកអំពីស្ថិរភាពនយោបាយដ៏រឹងមាំ វប្បធម៌-ប្រពៃណីដ៏ឧត្តុង្គឧត្តម និងសក្តានុពលសេដ្ឋកិច្ចដ៏ធំធេង ដែលកម្ពុជាមិនធ្លាប់មានក្នុងរយៈពេល ៥០០ឆ្នាំចុងក្រោយនេះ។

ឯកឧត្តមបន្ថែមថា ព្រឹត្តិការណ៍នេះមិនត្រឹមតែលើកកម្ពស់កិត្តិយស និងកិត្យានុភាពជាតិលើឆាកអន្តរជាតិខាងផ្នែកការទូតសភាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាកាលានុវត្តភាពដ៏ប្រពៃ ក្នុងការបង្ហាញអំពីវប្បធម៌ សក្ដានុពលជាតិ និងការរឹតចំណងមិត្តភាពជាមួយបណ្តាប្រទេសជាមិត្តនិងអង្គការដៃគូជុំវិញពិភពលោក។

គួរបញ្ជាក់ដែរថា ការទទួលបានកិត្តិយស ក្នុងឋានៈជាម្ចាស់ផ្ទះនៃការរៀបចំសន្និសីទប្រធានសភានៃអន្តរសភា លើកទី២នេះ គឺជាសក្ខីភាពនៃកិច្ចខិតខំប្រឹងប្រែង និងការបន្តប្តេជ្ញាចិត្តឥតងាករេរបស់កម្ពុជា ក្នុងការចូលរួមដោះស្រាយបញ្ហាប្រឈមរបស់ពិភពលោក តាមរយៈយន្តការអន្តរសភា និងសាមគ្គីភាពរវាងសភា នៃបណ្តាប្រទេស និងអង្គការអន្តរសភាទាំងអស់ពីគ្រប់តំបន់ ដែលការណ៍នេះ រួមចំណែកដល់ការសម្រេចបាននូវបំណងប្រាថ្នាជាសកលដើម្បីសន្តិភាព និងវិបុលភាពរួម ព្រមជាមួយនឹងការពង្រឹង ច្បាប់អន្តរជាតិ និងដោះស្រាយជម្លោះដោយសន្តិវិធី៕