ក្រសួងពាណិជ្ជកម្ម គ្រោងនឹងរៀបចំ «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» (3rd Digital trade Forum – 3rd DTF) នៅខែកញ្ញាខាងមុខ
ក្រសួងពាណិជ្ជកម្ម គ្រោងនឹងរៀបចំ «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» (3rd Digital trade Forum – 3rd DTF) ក្រោមមូលបទ “ជំរុញពាណិជ្ជកម្ម ឌីជីថលកម្ពុជា ឆ្ពោះទៅឆ្នាំ២០៣០” រយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី១១-១២-១៣ ខែកញ្ញា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។ នេះបើយោងតាមប្រសាសន៍របស់ឯកឧត្តម ប៉ែន សុវិជាតិ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ថ្លែងក្នុងសន្ធិសីទសារព័ត៌មានស្តីពីការរៀបចំវេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣។
ឯកឧត្តម ប៉ែន សុវិជាតិ មានប្រសាសន៍ថា វេទិកានេះ ជាគំនិតផ្តួចផ្តើមរបស់លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ដើម្បីបន្តនូវកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការជំរុញការធ្វើបរិវត្តកម្មឌីជីថលក្នុងវិស័យពាណិជ្ជកម្ម ពង្រឹងប្រព័ន្ធអេកូឡូស៊ីពាណិជ្ជកម្មឌីជីថល និងបង្កើនលទ្ធភាពរបស់ធុរកិច្ចកម្ពុជា ជាពិសេសសហគ្រាសធុនមីក្រូ តូច និងមធ្យម សហគ្រិនស្ត្រី និងយុវជន ក្នុងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីពង្រីកទីផ្សារទាំងក្នុងស្រុក និងអន្តរជាតិ។
នេះជាលើកទី៣ហើយ ដែលក្រសួងពាណិជ្ជកម្មនឹងរៀបចំឡើង ដោយលើកទី១ ជាវេទិកាអមក្នុងពិព័រណ៍ពាណិជ្ជកម្មកម្ពុជា CTE ឆ្នាំ២០២៤ (មិនមានមូលបទនោះទេ)។ ចំពោះ លើកទី២ ប្រព្រឹត្តិទៅកាលពីថ្ងៃទី១២-១៣ ខែកញ្ញា ឆ្នាំ២០២៥ ក្រោមមូលបទ «កសាងអនាគតកម្ពុជា តាមរយៈពាណិជ្ជកម្មឌីជីថល ហើយលើកទី៣នេះ នឹងរៀបចំឡើងក្រោមមូលបទ «ជំរុញពាណិជ្ជកម្ម ឌីជីថលកម្ពុជា ឆ្ពោះទៅឆ្នាំ២០៣០»។ វេទិកាលើកទី៣នេះ ក៏មានកិច្ចសហការរៀបចំគាំទ្រពី ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ស្ថានទូតសហរដ្ឋអាមេរិក ស្ថានទូតព្រីតថេន ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងសហគ្រិនខ្មែរផងដែរ។
ក្នុងឱកាសនោះ ឯកឧត្តម រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានជម្រាបជូនអំពីគោលបំណងសំខាន់ៗ ដូចជា៖
១.បង្កើតកិច្ចសន្ទនារវាងរាជរដ្ឋាភិបាល វិស័យឯកជន ដៃគូអភិវឌ្ឍន៍ និងអ្នកជំនាញ អំពីទិសដៅអភិវឌ្ឍ ពាណិជ្ជកម្មឌីជីថលកម្ពុជា ឆ្ពោះទៅឆ្នាំ២០៣០។
២. ជំរុញការប្រើប្រាស់បច្ចេកវិទ្យា និងពាណិជ្ជកម្មអេឡិចត្រូនិករបស់សហគ្រាសកម្ពុជា ដើម្បីពង្រីកទីផ្សារ និងបង្កើនភាពប្រកួតប្រជែង។
៣. បង្កើតឱកាសផ្សារភ្ជាប់ធុរកិច្ចរវាងសហគ្រាសកម្ពុជា និងក្រុមហ៊ុនដៃគូ និងទីផ្សារអន្តរជាតិ
៤. ជំរុញការចូលរួមរបស់ស្ត្រី និងយុវជនក្នុងសេដ្ឋកិច្ច និងពាណិជ្ជកម្មឌីជីថល
៥. ពង្រឹងទំនុកចិត្ត សុវត្ថិភាព និងការទទួលខុសត្រូវក្នុងប្រព័ន្ធពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និង
៦.ជំរុញឱ្យការប្រើប្រាស់ប្រព័ន្ធឌីជីថលនាំទៅរកលទ្ធផលពាណិជ្ជកម្មជាក់ស្តែងសម្រាប់សហគ្រាសកម្ពុជា។
ឆ្លៀងក្នុងឱកាសនេះ ឯកឧត្តម ប៉ែន សុវិជាតិ បានអំពាវនាវដល់សាធារណជន សហគ្រិន សហគ្រាសធុនមីក្រូ តូច និងមធ្យម សហគ្រិនស្ត្រី យុវជន និស្សិត និងអ្នកចាប់អារម្មណ៍លើបច្ចេកវិទ្យា និងពាណិជ្ជកម្ម សូមចូលរួមឱ្យបានច្រើនកុះករ ដើម្បីយល់ដឹងអំពីសារៈសំខាន់នៃពាណិជ្ជកម្មឌីជីថល និងការគាំទ្រផលិតផលកម្ពុជាផងដែរ។ ការទិញផលិតផលកម្ពុជា មិនមែនគ្រាន់តែជាប្រតិបត្តិការពាណិជ្ជកម្មមួយប៉ុណ្ណោះទេ ប៉ុន្តែជាការរួមចំណែកគាំទ្រដល់សហគ្រាសក្នុងស្រុក ការបង្កើតការងារ ការបង្កើនប្រាក់ចំណូល និងការពង្រឹងសមត្ថភាពផលិតរបស់សេដ្ឋកិច្ចជាតិ៕




