វិទ្យាស្ថានជាតិស្ថិតិនៃក្រសួងផែនការ រៀបចំសិក្ខាសាលាស្តីពីការប្រមូលធាតុចូលសម្រាប់កែលម្អកម្រងសំណួរអង្កេតកម្លាំងពលកម្មកម្ពុជា ឆ្នាំ២០២៦
វិទ្យាស្ថានជាតិស្ថិតិនៃក្រសួងផែនការ រៀបចំសិក្ខាសាលា ស្តីពីការប្រមូលធាតុចូលសម្រាប់កែលម្អកម្រងសំណួរអង្កេតកម្លាំងពលកម្មកម្ពុជា ឆ្នាំ២០២៦ ដើម្បីប្រមូលធាតុចូលពាក់ព័ន្ធទៅនឹងការងារ រចនាសម្ពន្ធ័នៃទម្រង់ការងារ ម៉ោងការងារ លក្ខខណ្ឌការងារ វិស័យការងារក្នុងប្រព័ន្ធ(រៀបរយ) វិស័យការងារក្រៅប្រពន្ធ័ (មិនរៀបរយ) និងស្ថិតិអំពីទម្រង់ការងារមានប្រាក់ឈ្នួលនិងគ្មានប្រាក់ឈ្នួល និងផលិតផលសម្រាប់ការ ប្រើប្រាស់ផ្ទាល់ខ្លួន ជាដើម សម្រាប់ជាមូលដ្ឋានកែលម្អកម្រងសំណួរអង្កេតកម្លាំងពលកម្មកម្ពុជាឆ្នាំ ២០២៦ ឱ្យបានកាន់តែប្រសើរឡើង។
ឯកឧត្តម ណោ វ៉ាន់ឌី នាយកវិទ្យាស្ថានជាតិស្ថិតិនៃក្រសួង ផែនការ បានមានប្រសាសន៍ថា ការអង្កេតកម្លាំងពលកម្មកម្ពុជា ឆ្នាំ២០២៦ នេះ គឺជាអង្កេតលើកទី៦ ដែលអនុវត្តដោយវិទ្យាស្ថានជាតិ ស្ថិតិនៃក្រសួងផែនការ និងមាននាយកដ្ឋានស្ថិតិសង្គមកិច្ចជាសេនាធិការ ដោយមានការគាំទ្រថវិកាពីរាជរដ្ឋាភិបាលកម្ពុជា និងមានជំនួយបច្ចេកទេសពីអង្គការអន្តរជាតិខាងការងារ (ILO) អង្គការកម្មវិធីអភិវឌ្ឍន៍សហ ប្រជាជាតិ (UNDP) និងធនាគារពិភពលោក (WB)។
ឯកឧត្តម នាយកវិទ្យាស្ថានជាតិស្ថិតិនៃក្រសួងផែនការ បានមានប្រសាសន៍បន្តថា ក្នុងរយៈពេល ៥ឆ្នាំ ចុងក្រោយនេះ វិទ្យាស្ថានជាតិស្ថិតិនៃក្រសួងផែនការសម្រេចបានសមិទ្ធផលធំៗរួមមាន អង្កេតកសិកម្មប្រចាំឆ្នាំចាប់តាំងពីឆ្នាំ២០២០ ជំរឿនសេដ្ឋកិច្ច ឆ្នាំ២០២២ ជំរឿនកសិកម្មឆ្នាំ២០២៣ ២០២៤ និង ២០២៥ អង្កេតសេដ្ឋកិច្ច សង្គមកិច្ចកម្ពុជាឆ្នាំ២០២១ ឆ្នាំ២០២៣ និងអង្កេតប្រជាសាស្ត្រនិងសុខភាពកម្ពុជាឆ្នាំ២០២១។ បច្ចុប្បន្ននេះ វិទ្យាស្ថានជាតិស្ថិតិកំពុងអនុវត្តការងារវិភាគនិងសរសេររបាយការណ៍អង្កេតសេដ្ឋកិច្ច-សង្គមកិច្ចកម្ពុជាឆ្នាំ២០២៥ អង្កេតប្រជាសាស្ត្រនិងសុខភាពកម្ពុជា ឆ្នាំ២០២៥/២៦ និងគ្រោងផ្សព្វផ្សាយលទ្ធផលអង្កេតកម្លាំងពលកម្មកម្ពុជាឆ្នាំ ២០២៥ នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ ខាងមុខនេះ ដែលការងារអង្កេតទាំងនេះប្រើប្រាស់ថវិកាជាតិទាំងស្រុង និងមានការចូលរួមផ្តល់ជំនួយបច្ចេកទេសពីដៃគូអភិវឌ្ឍន៍ដែលពាក់ព័ន្ធ។
បន្ទាប់ពីលោក ទុន សុភ័ណ អ្នកសម្របសម្រួលថ្នាក់ជាតិប្រចាំកម្ពុជានៃអង្គការអន្តរជាតិខាងការងារ ILO បានមានប្រសាស ន៍សំណេះសំណាលរួចមក ឯកឧត្តម រិន វីរៈ ទីប្រឹក្សាផ្ទាល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី រដ្ឋលេខាធិការក្រសួងផែនការ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃវិទ្យាស្ថាន ជាតិស្ថិតិ បានមានប្រសាសន៍ថា ក្រោមការ ដឹកនាំដ៏ត្រឹមត្រូវ ស្វាហាប់ និងឈ្លាសវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ (ដំណាក់កាលទី១) និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ របស់រាជរដ្ឋាភិបាលសម្រាប់នីតិ កាលទី៧ នៃរដ្ឋសភា ដើម្បីគោលដៅរួមគឺ “កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០”។
វិទ្យាស្ថានជាតិស្ថិតិនៃក្រសួងផែនការ ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្ត ទុកដាក់យ៉ាងខ្លាំងក្នុងការធ្វើអោយប្រសើរឡើងនូវវិស័យស្ថិតិជាតិ ការផ្តល់នូវប្រព័ន្ឋស្ថិតិជាតិបែបឌីជីថល និងធ្វើការពិនិត្យឡើងវិញនូវលិខិតបទដ្ឋានគតិយុត្តដែលពាក់ព័ន្ឋនានា ក្នុងនោះរួមមានការកែសម្រួល អនុក្រឹត្យស្តីពីកិច្ចដំណើរការ និងការប្រព្រឹត្តទៅរបស់ប្រព័ន្ឋស្ថិតិជាតិ និងអនុក្រឹតស្តីពីស្ថិតិផ្លូវការដែលបាន ចាត់តាំង ក្នុងគោលបំណងកំណត់ឱ្យក្រសួង-ស្ថាប័ន របស់រាជរដ្ឋាភិបាល ផលិត ប្រមូលចងក្រងស្ថិតិផ្លូវការដែលបានចាត់តាំងទៅតាមវិស័យរបស់ខ្លួន និងដើម្បីគាំទ្រដល់សេចក្តីត្រូវការព័ត៌មានស្ថិតិសម្រាប់រៀបចំធ្វើផែនការ គោលនយោ បាយជាតិ និងកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមកិច្ច របស់ប្រទេសកម្ពុជា ការត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តគោល នយោបាយជាតិ ក៏ដូចជាបំពេញសេចក្តីត្រូវការទិន្នន័យ ព័ត៌មានរបស់អ្នកធ្វើសេចក្តីសម្រេចចិត្ត និងអ្នកស្រាវជ្រាវក្នុងសហគមន៍ជាតិ និងអន្តរជាតិអោយបានទូលំទូលាយ។
គោលបំណងនៃសិក្ខាសាលានាឱកាសនេះ គឺដើម្បីប្រមូលធាតុចូលពាក់ព័ន្ធនឹងភាពមានការងារ និងគ្មានការងាររចនា សម្ព័ន្ធនៃទម្រង់ការងារ លក្ខខណ្ឌការងារវិស័យការងារក្នុងប្រព័ន្ធ វិស័យការងារ ក្រៅប្រព័ន្ធ និងស្ថិតិអំពីទម្រង់ការងារមានប្រាក់ឈ្នួលនិងទម្រង់ការងារគ្មានប្រាក់ឈ្នួល ភាពមិនស៊ីគ្នានៃ ជំនាញ និងការងារ និងផ្នែកពាក់ព័ន្ធសំខាន់ៗផ្សេងទៀតនៃការងារ ដើម្បីកែលម្អកម្រងសំណួរអង្កេតកម្លាំងពលកម្មកម្ពុជាឆ្នាំ២០២៦ ឱ្យកាន់តែប្រសើរឡើង សម្រាប់ជាគុណប្រយោជន៍ដល់ក្រសួង ស្ថាប័ន ពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ ផ្នែកវិស័យឯកជន និងអ្នកប្រើប្រាស់ទិន្នន័យស្ថិតិផ្សេងទៀត ក្នុងការរៀបចំគោល នយោបាយកម្មវិធីអភិវឌ្ឍន៍ ការធ្វើសេចក្តីសម្រេចចិត្តនានា ក្នុងគោលដៅដើម្បីអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ចនៃប្រទេសកម្ពុជា៕




