គិតចាប់ពីឆ្នាំ១៩៩៩ ដល់ឆ្នាំ២០២៦ រដ្ឋាភិបាលចិនបានផ្ដល់អាហារូបករណ៍ដល់និស្សិតកម្ពុជាសរុបប្រមាណ ២៧០០នាក់
ភ្នំពេញ ៖ នាថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ ក្រសួងអប់រំ យុវជន និងកីឡា រួមជាមួយស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា បានរៀបចំពិធីទទួល និងអបអរសាទរនិស្សិតជ័យលាភីអាហារូបករណ៍កម្ពុជា ដែលត្រូវទៅបន្តការសិក្សានៅប្រទេសចិន សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧ នៅសណ្ឋាគារសូហ្វីតែល ភ្នំពេញ ភូគីត្រា ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត អ៊ុម រម្យណី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត អ៊ុម រម្យណី បានសម្ដែងនូវការអបអរសាទរយ៉ាងកក់ក្ដៅចំពោះនិស្សិតជ័យលាភីទាំងអស់ ព្រមទាំងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរដ្ឋាភិបាលចិន ដែលតែងតែគាំទ្រដល់ការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា។ គិតចាប់ពីឆ្នាំ១៩៩៩ ដល់ឆ្នាំ២០២៦ រដ្ឋាភិបាលចិនបានផ្ដល់អាហារូបករណ៍ដល់និស្សិតកម្ពុជាសរុបប្រមាណ ២៧០០នាក់ (ដោយមិនគិតពីចំនួនអាហារូបករណ៍ឯកជន និងអាហារូបករណ៍ពីដៃគូសហការនានា) ដើម្បីសិក្សាថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត ដែលនេះជាសក្ខីភាពបញ្ជាក់ពីចំណងមិត្តភាពដែកថែប និងកិច្ចសហប្រតិបត្តិការដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ។
ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត រដ្ឋលេខាធិការ បានផ្ដល់នូវអនុសាសន៍គន្លឹះចំនួន ៤ចំណុច ជូនដល់និស្សិតជ័យលាភីរួមមាន៖
១. ត្រូវខិតខំរៀនសូត្រ ដោយព្យាយាមក្រេបជញ្ជក់ចំណេះដឹង និងបច្ចេកវិទ្យាទំនើបៗ ដើម្បីអភិវឌ្ឍខ្លួនជាធនធានមនុស្សប្រកបដោយគុណភាព។
២. ត្រូវធ្វើជាទូតសុឆន្ទៈ ដោយចូលរួមផ្សព្វផ្សាយវប្បធម៌កម្ពុជា និងរឹតចំណងមិត្តភាពជាមួយមិត្តភក្ដិចិន និងអន្តរជាតិ។
៣. ត្រូវគោរពច្បាប់នៃសាធារណរដ្ឋប្រជាមានិតចិន និងបទបញ្ជាផ្ទៃក្នុងរបស់គ្រឹះស្ថានសិក្សាឱ្យបានខ្ជាប់ខ្ជួន។
៤. ត្រឡប់មកអភិវឌ្ឍជាតិ ដោយនាំយកចំណេះដឹង និងបទពិសោធត្រឡប់មកវិញ ដើម្បីរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកម្ពុជា។
បន្ថែមពីនេះ ឯកឧត្តមបណ្ឌិត អ៊ុម រម្យណី ក៏បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម Wang Wenbin និងឯកឧត្តម ឡាវ វ៉ាន់ ប្រធានសមាគមអតីតនិស្សិតសិក្សានៅប្រទេសចិន ដោយបានពិភាក្សាលើកិច្ចសហប្រតិបត្តិការនានាក្នុងគោលបំណងដើម្បីបន្តបណ្ដុះបណ្ដាល និងអភិវឌ្ឍធនធានមនុស្សឱ្យកាន់តែល្អប្រសើរ៕




