ឯកឧត្តម ឈិន កេតនា ដឹកនាំកិច្ចប្រជុំអន្តរក្រសួង ដើម្បីត្រៀមលក្ខណៈរៀបចំពិធីទិវាអក្ខរកម្មជាតិ ៨ កញ្ញា ទិវាសន្តិភាពអន្តរជាតិ លើកទី២៤ ពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ និងកឋិនទាន ឆ្នាំ២០២៦
រសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ ២០២៦ គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ បានរៀបចំកិច្ចប្រជុំដើម្បីពិភាក្សាលម្អិតអំពីការរៀបចំព្រឹត្តិការណ៍ថ្នាក់ជាតិសំខាន់ៗដែលនឹងប្រព្រឹត្តទៅនាពេលខាងមុខ។ កិច្ចប្រជុំដែលធ្វើឡើងនៅសាលប្រជុំអគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិអន្តរជាតិ ដែលដឹកនាំដោយ ឯកឧត្តម ឈិន កេតនា ឧបនាយករដ្ឋមន្ត្រី អនុប្រធានអចិន្ត្រៃយ៍ និងជាអគ្គលេខាធិការនៃគណៈកម្មាធិកាជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ។
កិច្ចប្រជុំមានការចូលរួមពីតំណាងក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័ន រដ្ឋបាលរាជធានីភ្នំពេញ និងរដ្ឋបាលខេត្តរតនគិរី ដើម្បីពិភាក្សាលើការត្រៀមលក្ខណៈសម្រាប់ព្រឹត្តិការណ៍ជាតិសំខាន់ៗមានដូចជា៖
. ទិវាអក្ខរកម្មជាតិ ៨ កញ្ញា
. ទិវាសន្តិភាពអន្តរជាតិ លើកទី ២៤ ថ្ងៃទី ២១ កញ្ញា ២០២៦
. ពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ និងកឋិនទាន
ឯកឧត្តម ឈិន កេតនា ឧបនាយករដ្ឋមន្ត្រី មានប្រសាសន៍ថា ជាលទ្ធផល អង្គប្រជុំបានឯកភាពជាឯកច្ឆន្ទទៅលើរបៀបវារៈ និងបានសម្រេចនូវចំណុចសំខាន់ៗមួយចំនួន។ អង្គប្រជុំបានឯកភាពជាឯកច្ឆន្ទថា រៀបចំ ទិវាអក្ខរកម្មជាតិ ៨ កញ្ញា នៅខេត្តរតនៈគិរី ក្នុងឆ្នាំ ២០២៦នេះ ដោយបានកំណត់កាលបរិច្ឆេទជាក់លាក់នៅ ថ្ងៃទី ៧ ខែកញ្ញា ឆ្នាំ ២០២៦ ក្រោមប្រធានបទ “អក្ខរកម្មលើកកម្ពស់គុណភាពអប់រំប្រកបដោយបរិយាបន្ន” ។ ឯកឧត្តម បានមានប្រសាសន៍ណែនាំដល់តំណាងក្រសួងអប់រំយុវជននិងកីឡា តំណាងរដ្ឋបាលខេត្តរតនគិរី តំណាងមន្ទីរអប់រំយុវជន និងកីឡាខេត្ត សហការរៀបចំប្រារព្ធមីទ្ទិញ មហាជនអបអរសាទរទិវាអក្ខរកម្មជាតិ ៨ កញ្ញា ឆ្នាំ ២០២៦ ហើយខេត្តរតនគិរីគឺជាខេត្តគោលដៅសម្រាប់ការរៀបចំប្រារព្ធពិធីនាឆ្នាំនេះ។
បន្ទាប់ពីការពិភាក្សា និងផ្លាស់ប្ដូរយោបល់គ្នាយ៉ាងផុសផុល លើការត្រៀមលក្ខណៈសម្រាប់ព្រឹត្តិការណ៍ជាតិសំខាន់ៗ អង្គប្រជុំបានសម្រេចបែងចែកភារកិច្ចច្បាស់លាស់ជូនដល់គ្រប់ក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័ន អង្គភាព និងរដ្ឋបាលរាជធានី-ខេត្តពាក់ព័ន្ធ។
ដើម្បីពង្រឹងការងារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ស្របតាមស្មារតីនៃកិច្ចប្រជុំដឹកនាំដោយ ឯកឧត្តម ឈិន កេតនា ឧបនាយករដ្ឋមន្ត្រី ប្រធានអង្គប្រជុំ សម្រាប់ការរៀបចំទិវាអក្ខរកម្មជាតិ ទិវាសន្តិភាពអន្តរជាតិ និងពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ និងកឋិនទាន ឆ្នាំ២០២៦ ត្រូវអនុវត្តកិច្ចការងារសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈក្នុងការដាក់ពង្រាយកម្លាំងការពារសន្តិសុខ រក្សាសុវត្ថិភាពផ្ទាល់នៅទីតាំងប្រារព្ធពិធី។
ឯកឧត្តម ឈិន កេតនា ឧបនាយករដ្ឋមន្ត្រី អនុប្រធានអចិន្ត្រៃយ៍ និងជាអគ្គលេខាធិការនៃគណៈកម្មាធិកាជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ប្រធានអង្គប្រជុំ បានសំណូមពរដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ នាំនូវលទ្ធផលនៃកិច្ចប្រជុំទៅផ្សព្វផ្សាយ និងអនុវត្តតាមស្មារតីដែលបានឯកភាពគ្នា ដើម្បីធានាបាននូវដំណើរការប្រព្រឹត្តទៅប្រកបដោយភាពជោគជ័យ។




