រដ្ឋមន្រ្តីសុខាភិបាល៖ «ជំរុញការបណ្តុះបណ្តាលវិជ្ជាជីវៈសុខាភិបាល ឱ្យកាន់តែមានប្រសិទ្ធភាព និងផ្តោតសំខាន់លើសុវត្ថិភាពអ្នកជំងឺជាចម្បង»
នាព្រឹកថ្ងៃអង្គារ ទី២៥ ខែសីហា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានដឹកនាំកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំទទួលបន្ទុកបណ្តុះបណ្តាល នាយកដ្ឋានជំនាញ ដើម្បីជំរុញការងារផ្នែកបណ្តុះបណ្តាលវិជ្ជាជីវៈសុខាភិបាល ទាំងការបណ្តុះបណ្តាលមូលដ្ឋានតាមគ្រឹះស្ថានបណ្តុះបណ្តាល និងការបណ្តុះបណ្តាលបន្ត ឱ្យកាន់តែមានគុណភាព ប្រសិទ្ធភាព ជាពិសេសផ្តោតសំខាន់លើសុវត្ថិភាពអ្នកជំងឺជាចម្បង។ បន្ថែមពីនេះ ការបណ្តុះបណ្តាលត្រូវធ្វើឡើងឱ្យគ្រប់តាមលក្ខខណ្ឌតម្រូវនៃកម្មវិធីសិក្សា ម៉ោងសិក្សា ការអនុវត្តជំនាញនៅបន្ទប់បង្ហាញត្រាប់ និងការចុះកម្មសិក្សាអនុវត្តតាមមូលដ្ឋានសុខាភិបាល ឱ្យបានពេញលេញ និងធានាបានប្រសិទ្ធភាព។



