សកម្មភាពក្មេងទំនើងនៅហៃទីកាន់តែគឃ្លើននិងសាហាវ ខណៈការបោះឆ្នោតជិតមកដល់! ដោយពួកគេបានចាប់ពង្រត់មនុស្ស៥០នាក់ សម្លាប់ចំណាប់ខ្មាំង៤៧នាក់ក្នុងនោះមានកុមារ៥នាក់
អង្គការសហប្រជាជាតិបាននិយាយថា យ៉ាងហោចណាស់មនុស្ស ៤៧នាក់ត្រូវសម្លាប់ និងជាង៥០នាក់ផ្សេងទៀតត្រូវបានKeចាប់ពង្រត់ បន្ទាប់ពីមានក្រុមបុរសប្រដាប់អាវុធបានវាយប្រហារសហគមន៍ដែលធ្លាប់តែមានសន្តិភាពនៅជិតរដ្ឋធានីហៃទីកាលពីដើមសប្តាហ៍នេះ។ ស្ថានភាពនេះត្រូវបានគេជឿថាជាការចាប់ពង្រត់ដ៏ធំបំផុតមួយនៅក្នុងប្រទេសហៃទីក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ហើយមេដឹកនាំក្រុមក្មេងទំនើងម្នាក់កំពុងគំរាមកំហែងសម្លាប់ចំណាប់ខ្មាំងទាំងនោះ ប្រសិនបើអាជ្ញាធរសម្លាប់សមាជិកក្រុមក្មេងទំនើងណាមួយរបស់ខ្លួន ខណៈដែលពួកគេព្យាយាមធានាសុវត្ថិភាពសហគមន៍ដែលស្ថិតនៅលើភ្នំនៃតំបន់ខាងលើទីក្រុង Port-au-Prince (ព័រអូប្រាំង)។ ការវាយប្រហារកាលពីថ្ងៃអាទិត្យលើទីក្រុង Kenscoff (គិនស្កូហ្វ)បានចាក់ទម្លុះជំនឿជាក់ថាបញ្ហាសន្តិសុខនៅក្នុងប្រទេសការ៉ាប៊ីនមួយនេះគឺ មានបញ្ហាប្រឈមជាច្រើនកាន់តែបន្តរីករាលដាលហើយ។ នៅក្នុងវីដេអូមួយដែលបានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម មេដឹកនាំក្រុមក្មេងទំនើងបានបង្ហាញចំណាប់ខ្មាំងមួយចំនួន ស្របពេលដែលគំរាមកំហែងលើរូបលោក Vladimir Paraison នាយកប៉ូលីសជាតិហៃទីថា៖ គាត់គួរតែចៀសវាងការប្រើប្រាស់យន្តហោះគ្មានមនុស្សបើកដើម្បីបណ្តេញក្រុមក្មេងទំនើងនៅក្នុងតំបន់នោះទៅ។ ពួកគេបាននិយាយថា “លោក Paraison ប្រសិនបើទាហានរបស់យើងណាម្នាក់រងរបួស ខ្ញុំនឹងសម្លាប់ចំណាប់ខ្មាំងទាំងអស់”។ សមាជិកក្រុមក្មេងទំនើងរូបនេះបានកំណត់អត្តសញ្ញាណខ្លួនឯងថាជា Izo 2 ដែលសំដៅទៅលើ Izo ឬ Johnson André ដែលជាមេដឹកនាំក្រុមក្មេងទំនើងដ៏មានឥទ្ធិពលបំផុតម្នាក់របស់ប្រទេសហៃទី។ ចំណែកយុវជន Kenson Paul អាយុ ១៧ឆ្នាំ ជាអ្នកស្រុក Kenscoff បាននិយាយថា ក្រុមក្មេងទំនើងបានចាប់ពង្រត់ឪពុក ម្តាយ និងសមាជិកគ្រួសាររបស់គេចំនួន៦នាក់។ ប្អូនស្រីអាយុ ១៦ឆ្នាំរបស់គេ ក៏ត្រូវពួកវាចាប់ពង្រត់ និងរំលោភផងដែរ ប៉ុន្តែនាងបានរត់គេចខ្លួន។ សិស្សវិទ្យាល័យ និងកសិកររូបនេះបានរត់គេចខ្លួនតាមបង្អួចខាងក្រោយ។ យុវជន Paul បាននិយាយថា “ខ្ញុំសង្ឃឹមថារដ្ឋអាចជួយមនុស្សគ្រប់គ្នាឱ្យត្រឡប់មកផ្ទះវិញឲ្យបានឆាប់។ យើងគ្រាន់តែជាកសិករប៉ុណ្ណោះ យើងមិនពាក់ព័ន្ធនឹងរឿងអ្វីទាំងអស់នោះទេ។ ការវាយប្រហារនេះអាចគ្រាន់តែជាការបង្ហាញកម្លាំង និងជាសារមួយទៅកាន់រដ្ឋាភិបាល និងប៉ូលីសរបស់ប្រទេសហៃទី អំឡុងពេលដែលប្រទេសនេះកំពុងរៀបចំការបោះឆ្នោតទូទៅនៅថ្ងៃទី ១៣ ខែធ្នូ ជាលើកដំបូងរបស់ខ្លួនដែរ ក្នុងរយៈពេលជាងមួយទសវត្សរ៍មកនេះ។ ការវាយប្រហារដ៏ធំលើកដំបូងលើស្រុក Kenscoff បានកើតឡើងនៅក្នុងខែមករា ឆ្នាំ២០២៥ ហើយចាប់តាំងពីពេលនោះមក ក៏មានការវាយប្រហារម្តងម្កាលទៀត នៅលើភ្នំជុំវិញភាគកណ្តាលទីក្រុងតែម្តង។ ប៉ុន្តែការវាយប្រហារកាលពីថ្ងៃអាទិត្យនេះគឺជាការវាយប្រហារដ៏ធំបំផុត ដោយយ៉ាងហោចណាស់មនុស្ស៥នាក់ក្នុងចំណោមមនុស្ស៤៧នាក់ដែលត្រូវពួកក្មេងសម្លាប់នោះគឺជាកុមារ នេះបើយោងតាមការិយាល័យរក្សាឯកសាររួមរបស់អង្គការសហប្រជាជាតិប្រចាំប្រទេសហៃទី ដែលគេស្គាល់ឈ្មោះថា BINUH៕
សម្រួលអត្ថបទ៖ សុផារិន្ទ



