ថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ឆ្នាំង ធ្វើតេស្តរកសារធាតុញៀន

នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ បានសហការ ជាមួយការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការនគរបាលខេត្តកំពង់ឆ្នាំង ដឹកនាំដោយលោកវរៈសេនីយឯក សោម វណ្ណៈ នាយការិយាល័យ និងសហការី បានធ្វើតេស្តរកសារធាតុញៀនក្នុងទឹកមូត្រសម្រាប់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមន្រ្តីកិច្ចសន្យាចំនួន ៣១នាក់ នៅមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត។

លោក ប៊ុនថន សុខាណារិទ្ធ ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត បានថ្លែងថា៖ លទ្ធផលតេស្តថ្ងៃនេះបង្ហាញថា គ្មានករណីវិជ្ជមានសារធាតុញៀនណាមួយចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជាការ និងមន្រ្តីកិច្ចសន្យារបស់មន្ទីរទេ។ ការធ្វើតេស្តនេះគឺជាជំហានដ៏សំខាន់មួយក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្នុងការរួមចំណែកជាមួយរាជរដ្ឋាភិបាល ដើម្បីរក្សាឱ្យបាននូវមុខងារសាធារណៈដែលស្អាតស្អំ និងមានប្រសិទ្ធភាព។

ដោយឡែក លោកវរៈសេនីយឯក សោម វណ្ណៈ នាយការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការនគរបាលខេត្ត បានបញ្ជាក់បន្ថែមថា៖ ខណៈដែលកម្ពុជាកំពុងបន្តយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀនខុសច្បាប់ គំនិតផ្តួចផ្តើមនានា ដូចជាការធ្វើតេស្តរកសារធាតុញៀន នៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិទាំងនេះ គឺមានសារៈសំខាន់ណាស់ ដើម្បីបង្កើតបរិយាកាសសហគមន៍ ដែលមានសុខសុវត្ថិភាពសម្រាប់ប្រជាពលរដ្ឋគ្រប់រូប។

រាជរដ្ឋាភិបាលបាន និងកំពុងបន្តបេសកកម្មរបស់ខ្លួន ដើម្បីលុបបំបាត់ការប្រើប្រាស់គ្រឿងញៀន និងគ្រោះថ្នាក់ពាក់ព័ន្ធ សំដៅកសាងអនាគតមួយដែលប្រជាជនគ្រប់រូបអាចរីកចម្រើនក្នុងសង្គមដែលគ្មាន គ្រឿងញៀន៕