លោក ឡុង ឌីម៉ង់ ដឹកនាំក្រុមការងារចុះពិនិត្យ និងសិក្សាលទ្ធភាពកែលម្អទីលានទុកដាក់សំរាមស្រុកស្ទឹងហាវ

នាថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ លោកឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំក្រុមការងារចម្រុះ និងមន្ទីរជំនាញចុះពិនិត្យ ព្រមទាំងសិក្សាលទ្ធភាពកែលម្អទីលានទុកដាក់សំរាមស្រុកស្ទឹងហាវដែលមានទីតាំងស្ថិតនៅឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។

ការចុះពិនិត្យនេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីស្វែងយល់ និងវាយតម្លៃស្ថានភាពជាក់ស្តែង និងផ្តល់យោបល់កែលម្អទៅលើការងារគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ឧស្សាហកម្មរបស់រដ្ឋបាលស្រុក និងជាការចូលរួមយ៉ាងសកម្មក្នុងការអនុវត្តស្មារតី នៃអនុក្រឹត្យលេខ ១១៣ ស្តីពីការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន និង គោលនយោបាយស្តីពីការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន។

បន្ទាប់ពីការចុះពិនិត្យនេះ លោកអភិបាលរងបានដឹកនាំកិច្ចប្រជុំ ព្រមទាំងបានណែនាំឱ្យរដ្ឋបាលស្រុក មន្ទីរជំនាញ និងភាគីពាក់ព័ន្ធទាំងអស់ បានការសហការគ្នាសិក្សាគម្រោងធ្វើឱ្យប្រសើរឡើងនៃការទុកដាក់សំរាមក្នុងទីលាន ឱ្យមានភាពឆ្លើយតបនឹងស្ថានភាពជាក់ស្តែង កត្តាភូមិសាស្ត្រ ធនធាន ចីរភាព និងធ្វើយ៉ាងណាជៀសវាសឱ្យខាងតែបាននូវផលប៉ះពាល់អវិជ្ជមានទៅលើជីវភាពប្រជាពលរដ្ឋមូលដ្ឋាន។

ប្រភព៖រដ្ឋបាលខេត្តព្រះសីហនុ